អង្គការសង្គមស៊ីវិលបានកត់សំគាល់ជាថ្មីម្តងទៀតថារដ្ឋាភិបាលបានខកខានក្នុងការដោះស្រាយទំនាស់ដីធ្លីប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានច្រានចោលការលើកឡើងនេះ។
វិធានការរបស់រដ្ឋាភិបាលហាក់មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយជម្លោះដីធ្លីនោះទេ។ ក្រុមអង្គការសង្គមស៊ីវិលធ្វើការលើផ្នែកសិទ្ធិមនុស្ស និងលំនៅស្ថានបាននិយាយដូច្នេះនៅថ្ងៃចន្ទនេះដោយសំអាងថាជម្លោះដីធ្លីនៅតែបន្តកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
យ៉ាងហោចណាស់មានប្រជាពលរដ្ឋសរុបជាង ៧៧ម៉ឺននាក់បានរងគ្រោះដោយសារជម្លោះដីធ្លីពីចន្លោះឆ្នាំ ២០០០ រហូតដល់ឆ្នាំ២០១៣។ ដោយឡែកសម្រាប់រយៈពេលប្រាំមួយខែដើមឆ្នាំ២០១៤នេះករណីជម្លោះដីធ្លីមានចំនួន១០២ករណី។ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន១៣៥ករណី។
នេះបើយោងតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សអាហុក។ លោក សុខ សំអឿន ប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមន៍ការពារសិទ្ធិមនុស្សកម្ពុជាថ្លែងក្នុងសិក្ខាសាលាស្តីអំពីស្ថានភាពសិទ្ធិដីធ្លី និងការទទួលខុសត្រូវរបស់សាជីវកម្មដើម្បីលើកកម្ពស់សិទ្ធិមនុស្សក្នុងទីក្រុងភ្នំពេញនៅថ្ងៃចន្ទ័នេះថាក្រុមអាជ្ញាធរថ្នាក់ក្រោយជាតិបានបរាជ័យក្នុងការជួយស្វែងរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋ នៅពេលដែលមានជម្លោះដីធ្លីកើតមានឡើង។
«រឿងខ្លះគាំងនៅថ្នាក់ស្រុក ដោយសារថ្នាក់ស្រុកសម្រេចហើយទើបអាចទៅថ្នាក់ខេត្តបាន ពេលខ្លះស្រុកអត់ហ៊ានសម្រេច ឲ្យសម្រេចដូចម្តេចបើគេចុះហត្ថលេខាដីសម្បទានសេដ្ឋកិច្ចពីនាយករដ្ឋមន្ត្រី ទីស្តីការ ស្រុកប៉ុនហ្នឹងធ្វើម្តេចហ៊ានសម្រេច?»។
សិក្ខាសាលាខាងលើរៀបចំឡើងដោយគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមន៍ការពារសិទ្ធិមនុស្សកម្ពុជាហៅថា(CHRAC) អង្គសិទ្ធិលំនៅស្ថាន(HRTF) វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) និងអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា។
មានតំណាងប្រជាពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីពីបណ្តាខេត្តនានា និងអ្នកចូលរួមដទៃទៀតប្រហែលជិត១០០នាក់។
សិក្ខាសាលាដែលមានគោលដៅអប់រំប្រជាពលរដ្ឋអំពីសិទ្ធិដីធ្លីនិងការតវ៉ាតាមផ្លូវច្បាប់។
ស្របគ្នានិងសិក្ខាសាលានេះប្រជាពលរដ្ឋអ្នកភូមិបឹងកក់ប្រមាណបានតវ៉ាប្រឆាំងនឹងការធ្វើទីស្នាក់ការរបស់កងរាជអាវុធហត្ថលើដីមានទំនាស់ដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់។
ទំនាស់នៅសហគមន៍ក្រីក្រនេះបានអូសបន្លាយជិតដប់ឆ្នាំមកហើយ។ មានប្រជាពលរដ្ឋមួយចំនួនត្រូវចាប់ដាក់ពន្ធនាគារនិងមួយចំនួនទៀតទទួលរងការវាយដំក្នុងការបង្រ្កាបខណៈដែលពួកគេកំពុងធ្វើការតវ៉ា។
លោកឡាត់ គី ប្រធានផ្នែកកម្មវិធីដីធ្លីនៃសមាគមនអាដហុក (Adhoc) ថ្លែងថាយន្តការនៃការដោះស្រាយជម្លោះដីធ្លីដែលមានរដ្ឋភិបាលកម្ពុជាដែលមិនមានប្រសិទ្ធភាពបានធ្វើឲ្យប្រជាពលរដ្ឋងើបឡើងតវ៉ាជាច្រើន។
«យន្តការដោះស្រាយមានក៏ប៉ុន្តែអត់ប្រើ មូលហេតុអត់ប្រើដោយសារគ្មានជំនឿ។ ហេតុផលអត់ជំនឿដោយសារដាក់ទៅបុព្វហេតុខ្ញុំបានប្រាប់ទុកយ៉ូរៗដើម្បីរំសាយ។ លែងទុកចិត្តប្រជាពលរដ្ឋរកដំណោះស្រាយខ្លួនឯង តែខ្លួនឯងគ្មានអ្វីក្រៅពីតវ៉ា តែតវ៉ាបញ្ហាវានៅតែហ្នឹង»។
តំណាងប្រជាពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីនៅខេត្តកោះកុង លោក អាន ហៃយាថ្លែងយល់ស្របថាអាជ្ញាធរថ្នាក់មូលដ្ឋានបានព្យាយាមគេចវេសមិនបានជួយស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋនៅពេលដែលអ្នកភូមិស្វែងរកអន្តរាគមន៍ក្នុងជម្លោះដីធ្លី។
«ឥឡូវហ្នឹងអត់ជំនឿរាល់ថ្ងៃហ្នឹងប្តឹងចុះប្តឹងឡើង មិនប្តឹងតែនៅស្រុកខ្មែរ ប្តឹងទៅដល់បរទេសទៀតណោះ អត់ជំនឿទាំងខ្ញុំទាំងគេវង្វេងអស់ហើយ»។
ទោះបីជាយ៉ាងណាក្តីលោកប៉េង ហ៊ុងសុជាតិ ខេមរ៉ូ អ្នកនាំពាក្យនៃក្រសួងដែនដីនគររូបនីយកម្ម ថ្លែងបដិសេធការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល។
«តើគាត់បានទិន្នន័យពីណាមក បើថាកើនឡើងឡើងខុសពីរបស់រដ្ឋហើយ។ គាត់មិនមែនអុ្នកធ្វើការដោះស្រាយទំនាស់ទេ ហើយកន្លងមកក៏មិនដែលក៏មកសហការណ៍ជាមួយរដ្ឋដែរ ដើម្បីទទួលបានទិន្នន័យហ្នឹង»។
ក្រោយពីសិក្ខាសាលាខាងលើក្រុមអង្គការសង្គមស៊ីវិលនឹងចេញសេចក្តីថ្លែងការណ៍មួយដែលនឹងជំរុញឲ្យរដ្ឋាភិបាលពង្រឹងយន្តការដោះស្រាយវិបត្តិដីធ្លីយ៉ាងរ៉ាំរ៉ៃក្នុងប្រទេស៕