ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនរងគ្រោះ​នៅ​បឹងកក់​តវ៉ា​នៅ​ស្ថានទូត​សិង្ហបុរី


រូប​ថត​បឹងកក់​ថត​ពី​លើ​កាល​ពី​​ឆ្នាំ​២០១១ ក្រោយ​ពេល​បឹង​នេះ​ត្រូវ​លុប​​ស្ទើរ​ទាំង​ស្រុង។

ប្រជា​ពលរដ្ឋដែល​រងគ្រោះ​ដោយ​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់​ប្រមាណ​ជាង​៤០​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ស្ថានទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ទាមទារ​ឲ្យ​ស្ថានទូត​នេះដាក់​សម្ពាធ​ដល់ក្រុមហ៊ុន​ឯកជន​របស់​សិង្ហបុរីមួយ​ឲ្យ​បញ្ឈប់​ការ​ទិញ​ដី​នៅ​ក្នុង​តំបន់​បឹងកក់​ ដែល​កំពុង​មាន​ទំនាស់យ៉ាង​រ៉ាំរ៉ៃ។​

ក្រុម​អ្នក​តវ៉ា​ ដែល​ភាគច្រើន​ជា​ស្ត្រី បាន​អះអាង​នៅ​មុខ​ស្ថានទូត​សិង្ហ​បុរី​ថាក្រុមហ៊ុន​ D'Lotus​ Development ​បាន​ទិញ​ដី​មាន​ទំនាស់​ពី​ក្រុម​ហ៊ុន​ស៊ូកាគូ​អ៊ីង​ក្នុង​តម្លៃ​១៤,៩​លាន​ដុល្លារ​លើ​ដី​ទំហំ​១,៣​ហិកតា​សម្រាប់​ការ​អភិវឌ្ឍទៅ​ជា​តំបន់​ផ្សារ​ទំនើប អគារ​ការិយាល័យ​ ខុនដូ​ និង​ភោជនីយដ្ឋាន។​

ក្រុមហ៊ុន​ D'Lotus​ Development ​គឺ​ជាផ្នែក​មួយ​របស់​សម្ព័ន្ធ​ HLH Group ​ដែល​បានចុះ​បញ្ជី​ទីផ្សារ​ហ៊ុន​របស់​ប្រទេស​សិង្ហបុរី។ រីឯ​ក្រុម​ហ៊ុនស៊ូកាគូអ៊ីង​ជា​ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា​ឡៅ ម៉េងឃីន ​ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្នុង​ចំណោមបាតុករ​ទាំង​នេះ​ ​មាន​អតីត​អ្នក​ភូមិ​បឹងកក់​ដែល​បាន​ទទួល​សំណង​រួចហើយ​ ​និង​អ្នក​ដែល​ទទួល​បាន​ចំណែក​ ប៉ុន្តែ​ពួក​គេ​ចាត់​ទុក​ថា​ នោះ​ជា​សំណង​មិន​សមរម្យ​ និង​ពួក​គេ​ត្រូវ​បណ្តេញ​ចេញ​ដោយ​បង្ខំ។ ​ពួក​គាត់​បាន​លើក​បដាផ្សេងៗ​បង្ហាញ​ពីសកម្មភាព​នៃ​ការ​បណ្ដេញប្រជាពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​នា​ពេល​កន្លង​មក។

អ្នកស្រី​ស៊ា​ ណា​រ៉េត ​អ្នក​ដឹកនាំ​ការ​តវ៉ា​របស់​ក្រុម​ស្ត្រី​បឹងកក់​ បាន​ថ្លែងថា​ ដី​ដែលក្រុម​ហ៊ុន​របស់​សិង្ហបុរី​បាន​ទិញ​ពី​ក្រុមហ៊ុនសូកាគូ​នៅ​តំបន់​បឹងកក់​នោះ​ជា​ដី​ដែល​ស្ថិត​នៅ​តំបន់​ជម្លោះ​នៅ​ឡើយ។​

«សូម​ឲ្យ​ប្រទេស​សិង្ហបុរី​ប្រាប់​ឲ្យ​ឈ្មួញ​គាត់​ដក​លុយ​ទៅ​វិញ​ មិន​ឲ្យ​ទិ​ញ​ទឹក​ដី​នេះ​ទេ​ ដី​នេះ​នៅ​មាន​ជម្លោះ។ ដី​របស់​ប្រជាពល​រដ្ឋ។​ ខ្ញុំ​ឈឺចាប់​ណាស់។ ចាំ​គាត់​ដោះស្រាយ​ ចាំ​គាត់​លក់​ដូរ​ចុះ»។​

នៅឆ្នាំ​២០០៨​ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​យល់​ព្រម​ផ្ដល់​ដីតំបន់​បឹងកក់​ឲ្យ​ក្រុមហ៊ុន​សូកាគូអ៊ីន​ ដើម្បី​អភិវឌ្ឍលើផ្ទៃ​ដី​សរុប​ជាង​១៣៣​ហិកតាក្នុង​រយៈ​ពេល​៩៩​ឆ្នាំ ក្នុង​ទឹក​ប្រាក់​វិនិយោគ​ចំនួន​៧៩​លាន​ដុល្លារ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ បាន​រិះគន់​ថា​ គម្រោង​អភិវឌ្ឍន៍​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ប្រមាណ​៤.០០០​គ្រួសារ។​ ហើយ​ប្រជា​ពលរដ្ឋ​ប្រមាណជាង​ ​៣.០០០​គ្រួសារ​បាន​សម្រេច​ចាក​ចេញ​ពី​លំនៅ​ដ្ឋានទាំង​បង្ខំ ជា​ថ្នូរ​នឹង​ទឹកប្រាក់​សំណង៨.០០០​ដុល្លារ​ និង២​លាន​រៀល​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន។​

បន្ទាប់​ពី​មាន​ការ​តវ៉ា​មួយ​រយៈ​ មន្ត្រី​លេខាទូត​មួយ​រូប​របស់​ប្រទេសសិង្ហបុរី​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​បាតុករ។ ​មន្ត្រី​រូប​នេះ​បាន​បដិសេធ​មិន​ប្រាប់ឈ្មោះ ក៏​ប៉ុន្តែ​បានថ្លែង​ថា​ ស្ថានទូត​នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា។​

«ខ្ញុំ​សូម​អរគុណចំពោះ​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​មក​ស្ថានទូត​នេះ។​ យើង​នឹង​ពិនិត្យ​មើល​ញត្តិ​នេះ​ នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ»។​

លោក​ សៀ​ ភារម្យ​ ប្រធាន​ក្រុមការ​ងារពិសេស​សិទ្ធិ​លំនៅដ្ឋាន​ ​បាន​សម្តែង​ការ​សោកស្តាយ​នៅ​ពេល​ដែលរដ្ឋាភិបាល​ និង​ក្រុមហ៊ន​បាន​ខកខាន​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ។​

«ខ្មាសអៀន​ដែរ ​ប្រជាពលរដ្ឋ​យើង​គាត់​ទៅ​តវ៉ានៅ​មុខ​ស្ថានទូត​របស់​សាសន៍​ដទៃដែល​ធ្វើ​ឲ្យ​រំាង​ស្ទះ​ដល់​ការ​អភិវឌ្ឍ។​ នេះ​ហើយ​ការ​អភិវឌ្ឍ​ដែល​គ្មាន​តម្លាភាព។​ យើង​អត់​ចង់​ឃើញ​ស្ថានភាព​បែប​ហ្នឹង​បន្ត​ទៀត​ទេ។​ រដ្ឋាភិបាលក្រុមហ៊ុន​គួរ​ផ្លាស់​ប្តូរ​ឥរិយា​បទ»។​

នៅ​ឆ្នាំ​២០១១​ ​ក្រោម​ការ​ដាក់​សម្ពាធ​ពី​ធនាគារ​ពិភព​លោក​តាមរយៈ​ការ​ផ្អាក​ជំនួយរហូត​ដល់​មាន​ការ​ស្វែង​រក​ដំណោះ​ស្រាយដល់​ជន​រងគ្រោះ​នោះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​អនុក្រិត្យ​ប្រគល់​ដី​១២,៤៤​ហិកតា​ឲ្យ​ទៅ​ប្រជា​ពលរដ្ឋ​បឹងកក់សម្រាប់​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ ក៏ប៉ុន្តែយ៉ាង​ហោច​ណាស់​មាន​ប្រជា​ពលរដ្ឋ​ប្រហែល​ជិត​៤០​គ្រួសារ​ទៀត​ដែល​មិន​ទាន់​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​ពី​ដី​នៅ​ឡើយ។​ ​នេះ​បើ​យោង​តាមការ​ឲ្យ​ដឹង​របស់​ក្រុម​អ្នក​តវ៉ា។​

វីអូអេ​សំឡេងសហរដ្ឋ​អាមេរិកមិន​អាច​ស្នើសុំ​សេចក្តី​អធិប្បាយពី​ក្រុមហ៊ុន ​HLH Group របស់​ប្រទេស​សិង្ហបុរី​ និង​ក្រុមហ៊ុន​សូកាគូ​បាន​ឡើយ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។​

ក្រុម​អ្នក​តវ៉ា​ថ្លែង​ថា ​ពួកគេ​នឹង​ឡើង​មកទៀតក្នុងសប្តាហ៍​ក្រោយ​ ប្រសិន​បើពួក​គេ​មិន​ទទួល​បាន​ដំណោះ​ស្រាយ៕

XS
SM
MD
LG