ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បើក​វេទិកា​ផ្ទាល់​លើក​ដំបូង​ជាមួយ​អ្នក​តវ៉ា​បុរី​កីឡា


មាន​ពលរដ្ឋ​ប្រមាណ​២០០​គ្រួសារ​ត្រូវ​​បាន​ជម្លៀស​ពី​បុរីកីឡា​ទៅ​ក្រៅ​ក្រុង​ក្នុង​ពេល​កន្លង​មក។

អាជ្ញាធរ​សាលារាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​បើក​វេទិកា​សាធារណៈ​លើក​ដំបូង​ដ៏​កម្រ​មួយ​ដើម្បី​បើក​ការ​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​តំបន់​បុរី​កីឡា។ ​ក៏​ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ពី​ដំណោះស្រាយ​ណា​មួយ​ភ្លាមៗ​សម្រាប់​ជម្លោះ​រវាង​សហគមន៍​អ្នកក្រី​ក្រ​ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​គេ​ជឿ​ថា​មាន​អំណាច​រឹងមាំ​នោះ​ទេ។

ប្រជាពលរដ្ឋបុរីកីឡា​ភាគច្រើន​ដែល​ជា​អ្នក​ក្រីក្រ​ប្រហែល​ជាង​២០០នាក់​បាន​ចូលរួម​វេទិកា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សាលមហោស្រព​ចេនឡា​ក្បែរ​ផ្សារ​ដើម​គ។​

នៅ​ឆ្នាំ​២០០៣​ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​ដី​តំបន់​បុរី​កីឡា​ទំហំ​២,៦​ហិកតា​ទៅ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់​លោក​ស្រី​ ស៊ុយ​ សុផាន​ សម្រាប់​អភិវឌ្ឍ។ ដោយ​ឡែក​ដី​នៅ​សេសសល់​២​ហិកតា​ទៀត​ក្រុមហ៊ុនត្រូវសាងសង់​អគារ​ចំនួន​១០​សម្រាប់​ជា​សំណង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងការ​ប៉ះពាល់។​

​ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ ក្រុមហ៊ុន​ទើប​តែ​សង់​បាន​៨​អគារ​តែ​ប៉ុណ្ណោះ។ ​គ្រួសារ​ខ្លះ​ទៀត​ត្រូវបណ្តេញ​ចេញ​ដោយ​បង្ខំ​ឲ្យ​ទៅរស់​នៅ​តំបន់​ជាយក្រុង​និង​នៅ​ខេត្ត​កំពង់ស្ពឺ។​

ប៉ុន្តែ​មានប្រជាពលរដ្ឋ​មួយ​ចំនួនបាន​តស៊ូ​មិន​ព្រម​បោះបង់​ចោល​ទីតាំង​រស់​នៅ​របស់​ពួក​គេហើយបាន​បោះ​តង់​រស់​នៅ​ក្នុង​បុរីកីឡា​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១២។

​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ទាំង​នេះ​ត្រូវ​គេ​កំណត់​ពេលវេលា​ត្រឹម​ប្រាំ​នាទី​ប៉ុណ្ណោះ​សម្រាប់​ឡើង​សម្តែង​មតិ​យោបល់​របស់​ពួកគេ។ ​ប៉ុន្តែ​ភាគ​ច្រើន​នៃ​ក្រុម​ប្រជាពលរដ្ឋ​មិន​បាន​លើក​ពី​ករណី​និង​យោបល់​ផ្ទាល់​ខ្លួន​អ្វី​ឡើយ។ ​ប៉ុន្តែ​ពួកគេ​បាន​បង្ហាញ​ថា ​ពួកគេ​មាន​ឯកសារ​ត្រឹមត្រូវ​សម្រាប់​កាន់​កាប់​ដី​លំនៅដ្ឋាន​របស់​ពួកគេ​មុន​នឹង​ត្រូវ​បណ្តេញ​ចេញ។

អ្នក​ស្រី​ នៅ​ សាខន ​ប្រជាពលរដ្ឋ​បុរិ​កីឡា​ដែល​បាន​ចូល​រួម​វេទិកា​នេះ​ថ្លែង​ថា​ ​អ្នក​ស្រី​បាន​រង់ចាំ​ដំណោះស្រាយ​របស់​អាជ្ញាធរ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ក៏​ប៉ុន្តែ​គាត់​ពុំ​ដែល​ឃើញ​អាជ្ញាធរ​ធ្វើ​បាន​ដូចការ​សន្យា​ឡើយ។

​អ្នក​ស្រី​រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា៖ ​«ឥឡូវ​ហ្នឹងអគារ​ទី​៩​អត់​មា​ន​ផង​ ហើយ​គេ​ឲ្យ​គេ​រង់ចាំ​អគារ​ទី​១០។ កាល​មុន​ខ្ញុំ​មានផ្ទះ​មាន​អ្វី​ ឥឡូវ​គេ​ឲ្យ​មក​ ខ្ញុំ​មក​នៅ​លើ​ផ្ទះ​ដែល​គប់​សំរាម​គប់​អ្វី​ពី​លើ​មក។ ​ខ្ញុំ​មក​ដាក់​ឯកសារម្តង​ទៀត​ ខ្ញុំ​ចាំ​គេ​វាយ​តម្លៃ​ទៀត។»

​វេទិកា​សាធារណៈ​រវាង​ជនរងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​នៃ​សហគមន៍​បុរីកីឡា​និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​មាន​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ។​

​នេះ​ជា​លើក​ទី​មួយ​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចេញ​មុខ​ពិភាក្សា​ជា​សាធារណៈ​ជាមួយក្រុម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ខណៈ​ដែល​ជម្លោះ​ដីធ្លី​ជាច្រើន​ក្នុង​ក្រុង​ភ្នំពេញ​ក៏​ដូច​ជា​ក្នុង​ប្រទេស​កម្ពុជា​ដែរ​មិន​ត្រូវ​បាន​ដោះស្រាយ​សម​ស្រប​នោះទេ។​

​ក្រុម​ប្រជាពលរដ្ឋ​នៃ​សហគមន៍​បុរី​កីឡា​បាន​ទទូច​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​សង់​អគារ​ស្នាក់​នៅ​បន្ថែមតាម​កិច្ចសន្យា​ដើម​របស់​ក្រុមហ៊ុន។ ​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​ប្រកាស​ថា​ អគារ​ចំនួន​ប្រាំបី​សព្វ​ថ្ងៃ​មាន​លក្ខណៈ​គ្រប់​គ្រាន់​សម្រាប់​ការ​រស់​នៅ​របស់​ពួកគេ​ ហើយ​ក្រុម​ហ៊ុនមិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​សាងសង់​អគារ​បន្ថែម​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ​ ក្រុម​អ្នកភូមិ​ក្រីក្រ​នេះ​មិន​បាន​យល់​ស្រប​នោះទេ។

ថ្លែង​ក្នុង​វេទិកា​នោះ លោក​ឃួង ស្រេង ​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា សាលាក្រុង​ភ្នំពេញ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយក្នុង​ការ​ស្វែង​រកសំណោះ​ស្រាយដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះពិត​ប្រាកដ។

​«រឿង១០​អគារ​ ១៥​អគារ វាអត់​បញ្ហា​ទេ ​ទុក​ឲ្យ​លោក​អភិបាល​ជា​អ្នក​ចាត់ចែង។ ប៉ុន្តែ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បង​ប្អូន​មាន​លក្ខណៈ​គ្រប់​គ្រាន់​ទៅ​នៅផ្ទះ​នោះ។​ បើ​គ្រប់គ្រាន់​ហើយ​កុំ​ថា​ឡើយ​១០​អគារ​ ១៥​អគារ​ក៏​សង់​ឲ្យ​ដែរ។»

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​អង្គុយ​ចូល​រួម​ក្នុង​វេទិកា​ថ្លែង​ថា​ ពួកគេ​ហាក់​មិន​សូវ​មាន​ជំនឿ​ថា​ការណ៍​ដែល​បាន​ចូលរួម​វេទិកា​នេះនឹង​ទទួល​បានដំណោះស្រាយ​នោះទេ។ ដោយ​ហេតុ​ថា​ ​អាជ្ញាធរ​ធ្លាប់​បាន​សន្យា​ដដែល​ថា​ នឹង​ស្វែងរក​ដំណោះស្រាយ​ដល់​ពួកគេ​ជាច្រើន​មក​ហើយ។

​អ្នកស្រី​ ឆាយ​ គឹមហ៊ន​ តំណាង​ប្រជាពលរដ្ឋ​តំបន់​បុរីកីឡា​លើក​ឡើង​ថា ប្រជាពលរដ្ឋ​សរុប​ប្រហែល​ជាង​១៥៩​គ្រួសារ​ទៀត​ដែលមិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយរហូត​មក​ទល់​បច្ចុប្បន្ន​នេះ។

«វេទិកា​នេះក៏​នៅ​មាន​ការ​បន្ត​គាប​សង្កត់​លើ​ប្រជាពលរដ្ឋ​ដែរ​ពីព្រោះ​ថា​ គេ​បាន​ដាក់​កំហិត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដ៏ច្រើន​ឡើង​និយាយបាន​ត្រឹម​តែ៥​នាទី។ ​ចង់​ឲ្យ​មានការ​បើ​ក​ទូលាយឲ្យ​ប្រជាពលរដ្ឋ​ឡើង​សម្តែង​មតិ​ដោយគ្មាន​ការ​ដាក់​កំហិត។»

ទោះ​ជា​យ៉ាងណាលោក​ ចាន់​ សុវ៉េត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ថ្លែង​អបអរសាទរ​ការ​រៀបចំ​វេទិកា​សាធារណៈ​របស់​អជ្ញាធរ​ក្រុង​ភ្នំពេញ​នេះ។​ ប៉ុន្តែ​លោក​អធិប្បាយ​ថា​ ​ក្រុម​ប្រជាពលរដ្ឋ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​ក្រោយ​ពី​កិច្ច​ពិភាក្សា​ក្នុង​វេទិកា​នេះ​តទៅ​ទៀត៕

XS
SM
MD
LG