ក្បួនរថយន្តទំនើបៗ ដែលបញ្ចេញសំឡេងយ៉ាងខ្លាំង បានបើកកាត់តាមសង្កាត់អ្នកមាននៅក្នុងទីក្រុងបាងកកកាលពីថ្ងៃអាទិត្យ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha ចុះចេញពីតំណែង នៅពេលដែលពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានលើកទឹកចិត្តដោយអតីតគូប្រឆាំងខាងនយោបាយដែលបានប្តូរការគាំទ្រ។
រដ្ឋាភិបាលថៃកំពុងប្រឈមដោះស្រាយវិបត្តិ២គឺជំងឺរាតត្បាតខ្លាំងឡើង និងការតវ៉ាប្រឆាំងខាងនយោបាយ។
ក្នុងការបំពានបទបញ្ជាក្នុងគ្រាអាសន្នដែលហាមឃាត់ការប្រមូលផ្តុំគ្នានោះ ពួកបាតុករក្មេងៗរាប់ពាន់នាក់ដែលខឹងនឹងយុទ្ធនាការវាក់វ៉ាក់សាំងយឺតយ៉ាវរបស់រដ្ឋាភិបាលដែលបានចាក់វ៉ាក់សាំងពេញលេញឲ្យពលរដ្ឋថៃទើបតែបាន៦ភាគរយនោះ បានប៉ះទង្គិចកាលពីថ្ងៃសៅរ៍ជាមួយប៉ូលិសដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់កាំភ្លើងគ្រាប់ជ័រដាក់ពួកគេ។
កាលពីថ្ងៃអាទិត្យ លោក Tanat Thanakitamnuay អតីតអ្នកគាំទ្ររាជានិយមផ្កាប់មុខ បានដឹកនាំការធ្វើបាតុកម្មតាមរយៈការបើក«រថយន្ត» កាត់តាមសង្កាត់ Thong Lor នៃទីក្រុងបាងកក ដែលជាទីកន្លែងរបស់ពួកអ្នកមាន។ កាលពីអតីតកាល ពួកអ្នកស្រុកនៃសង្កាត់នេះជាសម្ព័ន្ធមិត្តខាងនយោបាយរបស់លោក Prayuth។
លោក Prayuth ជាអតីតមេបញ្ជាការកងទ័ពបានដណ្តើមអំណាចនៅឆ្នាំ២០១៤ ដោយមានការគាំទ្រពីពួកឥស្សរជនក្រុងបាងកក រួមមានលោក Tanat អាយុ២៩ឆ្នាំ ដែលឪពុករបស់លោកបានបង្កើតអាណាចក្រអចលនៈទ្រព្យអភិជន។
ការប្តូរចិត្តរបស់លោកគឺជារឿងដ៏ធំមួយ។ នៅឆ្នាំ២០១៤ លោកជាមេដឹកនាំវ័យក្មេងម្នាក់នៃបាតុកម្មរបស់ក្រុមរាជានិយមអស់រយៈពេលជាច្រើនខែដែលបានធ្វើឲ្យរដ្ឋាភិបាលរបស់លោកស្រី Yingluck Shinawatra ជាប់គាំង ហើយនាំឲ្យមានរដ្ឋប្រហាររបស់លោក Prayuth៕