ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថៃ​ចោទ​ប្រកាន់​មេបក្ស​ប្រឆាំង​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ


រូបឯកសារ៖ លោក Thanathorn Jungroongruangkit មហាសេដ្ឋី​ថៃ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ថ្លែងនៅក្នុងសន្និសីទសារព័តមានមួយនៅទីស្នាក់ការគណបក្ស Future Forward ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

មហាសេដ្ឋី​ថៃ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​លោក Thanathorn Jungroongruangkit កាល​ពី​ល្ងាច​ថ្ងៃ​ពុធ បាន​ការពារ​ការ​ចោទ​សួររបស់​លោក​ចំពោះ​ក្រុមហ៊ុន​វ៉ាក់សំាង​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​មហាក្សត្រ បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ក្នុង​ថ្ងៃ​នោះជា​ច្រើន​ករណី​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ។​

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ រដ្ឋាភិបាល​ថៃ​បាន​ចោទប្រកាន់​ជា​ច្រើន​ករណី​ថា លោក​ Thanathron បាន​រំលោភ​ច្បាប់​បរិហារ​កេរ្តិ៍​រាជវង្ស តាម​រយ:​ការ​រិះគន់​យុទ្ធសាស្ត្រ​ចែកចាយ​វ៉ាក់សំាង​របស់​ប្រទស​ថៃ នៅ​វីដេអូ​ផ្សាយផ្ទាល់​តាម​ Facebook។

ការ​ចោទ​ប្រកាន់​ទំាង​នេះ​កើត​ឡើង​ នៅ​ពេល​ដែល​ថ្នាក់ដឹកនាំថៃ​ព្យាយាមបង្ក្រាប​ការ​រិះគន់​យ៉ាង​ខ្លាំង​មក​លើ​ព្រះមហាក្សត្រ និង​ច្បាប់​ហាម​ប្រមាថ​ព្រះមហាក្សត្រ (lèse-majesté law)។

ការ​ចោទ​លោក​ Thanathorn គ្រាន់​តែ​ជា​ករណី​ចុងក្រោយនៃ​ករណី​ជាច្រើន​ដែល​កើត​ឡើង​ក្នុង​រយ:ពេល​ប៉ុន្មាន​សប្ដាហ៍​នេះ​ ដោយអ្នករាជានិយម​ព្យាយាម​បំបែកចលនាប្រឆាំង​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​សាធារណ:​មិន​ធ្លាប់​មាន​ពីមុន​មក​ នៅ​ក្នុង​ព្រះរាជាណាចក្រ​នេះ​អំពីទ្រព្យ​សម្បត្តិ​និង​ឥទ្ធិពល​ក្នុង​ឆាក​នយោបាយ​របស់​ព្រះមហាក្សត្រ។ ពួក​គេ​អំពាវនាវ​ឲ្យ​ដាក់​ព្រះបរមរាជរំាង​ក្រោមរដ្ឋធម្មនុញ្ញ។​

តុលាការថៃ​ទើប​បាន​កាត់ទោសអ្នកស្រី Anchan Preelert ដែល​ជា​អតីត​មន្ត្រី​រាជការម្នាក់ឲ្យ​ជាប់​ពន្ធនាគារ​ជាង ៤៣​ឆ្នាំ ពី​បទ​ចែក​រំលែក​ឯកសារ​សំឡេង​មួយ​ដែល​ប្រមាថ​ព្រះមហាក្សត្រ។

នេះ​ជាទោស​ជាប់​ពន្ធនាគារ​យូរ​ឆ្នាំ​បំផុត​ដែល​ត្រូវ​កាត់​ក្រោម​ច្បាប់​ហាម​ប្រមាថ​ព្រះមហាក្សត្រ (lèse-majesté law) ដែល​ធ្លាប់​មាន​ហើយ​វា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ព្រមាន​ដល់​ក្រុម​អ្នក​តវ៉ា​វ័យ​ក្មេង ​ដែល​ភាគ​ច្រើន​បាន​ចេញ​មក​តវ៉ា​តាម​ផ្លូវ​ចាប់​តំាង​ពី​ឆ្នាំ​មុន ដើម្បី​ឲ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​ដ៏​អង់អាច​របស់​ពួកគេ​មក​លើ​ព្រះ​មហាក្សត្រ។

លោក Thanathorn ត្រូវហាមប្រាមមិនឲ្យធ្វើនយោបាយដោយតុលាការថៃ ហើយគណបក្សអនាគតថ្មី ឬ Future Forward របស់លោកបានបំបែក គឺមិនដល់មួយឆ្នំាផងបន្ទាប់បក្សដ៏ថ្មីស្រឡាងមួយនេះទទួលបានសន្លឹកឆ្នោត ៦លានសំឡេង ដែលភាគច្រើនបានពីអ្នកបោះឆ្នោតវ័យក្មេង នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩៕

XS
SM
MD
LG