ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​ថៃ​ដែល​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​បាន​សោយទិវង្គត


ពលរដ្ឋ​ថៃ​ធ្វើ​ការ​បួងសួង​ និង​កាន់​រូប​ព្រះឆាយាល័ក្ខ​របស់​ស្តេច Bhumibol Adulyadej នៅ​មន្ទីរពេទ្យ Siriraj កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
ពលរដ្ឋ​ថៃ​ធ្វើ​ការ​បួងសួង​ និង​កាន់​រូប​ព្រះឆាយាល័ក្ខ​របស់​ស្តេច Bhumibol Adulyadej នៅ​មន្ទីរពេទ្យ Siriraj កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។

ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ដែល​ជា​ព្រះមហាក្សត្រ​សោយរាជ្យ​យូរ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក បាន​សោយទិវង្គត​ក្នុង​ព្រះជន្ម ៨៨ ព្រះវស្សា។ ក្នុង​អំឡុង​ពេល​គ្រង​រាជ្យ​រយៈពេល ៧០ ឆ្នាំ របស់​ព្រះអង្គ ព្រះអង្គ​គឺ​ជា​និមិត្តរូប​នៃ​ឯកភាព ស្ថិរភាព និង​ប្រពៃណី។ ប៉ុន្តែ ព្រះរាជ​សិទ្ធិ​សម្រេច​ប្រកប​ដោយ​គុណធម៌​របស់​ព្រះអង្គ ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​អ្នក​នយោបាយ និង​ពួក​យោធា​ផង​ដែរ ដើម្បី​វាយប្រហារ​អ្នក​ប្រឆាំង។

ប្រជាពលរដ្ឋ​ថៃ​ភាគ​ច្រើន​មាន​ការ​គោរព​ស្រលាញ់​ព្រះមហាក្សត្រ​របស់​ខ្លួន និង​ចាត់​ទុក​ព្រះមហាក្សត្រ​ថា​ជា​មនុស្ស​អស្ចារ្យ​ផុត​មនុស្ស​លោក​ទូទៅ។

ទង្វើ​ប្រកប​ដោយ​ភាព​សន្ដោស​ប្រណី និង​ព្រះរាជ​កាយវិការ​សុភាព​រាបសារ​របស់​ព្រះមហាក្សត្រ Bhumibol Adulyadej បាន​ជួយ​ពង្រឹង​នូវ​ភាព​ជឿ​ទុក​ចិត្ត​របស់​ប្រជានុរាស្ត្រ​ចំពោះ​ព្រះអង្គ។ ព្រះអង្គ​បាន​សម្ដែង​ទង្វើ និង​ព្រះរាជ​កាយវិការ​ទាំង​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ។

អ្នក​គាំទ្រ​ព្រះអង្គ​បាន​ចាត់​ទុក​ព្រះអង្គ​ថា​ជា​ឥទ្ធិពល​មួយ​ដែល​ជួយ​ឲ្យ​ប្រទេស​ជាតិ​មាន​ស្ថិរភាព​ក្នុង​អំឡុង​ពេល​មាន​ភាព​វឹកវរ​នយោបាយ​កើត​ឡើង បន្ទាប់ពី​ប្រទេស​ថៃ​បាន​លះបង់​នូវ​របប​រាជា​និយម​ទាំង​ស្រុង​របស់​ខ្លួន និង​បាន​ឆ្លងកាត់​ដំណាក់កាល​ផ្សេងៗ​នៃ​ការ​គ្រប់គ្រង​បែប​យោធា និង​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ផ្ដល់​តម្លៃ​ដល់​ប្រជាពលរដ្ឋ។

កាល​ពី​ឆ្នាំ ១៩៩២ បន្ទាប់ពី​មាន​អំពើ​ហិង្សា​រវាង​កង​កម្លាំង​សន្តិសុខ និង​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​អូស​បន្លាយ​អស់​រយៈពេល ៤ ថ្ងៃ​មក ព្រះមហាក្សត្រ​បាន​កោះ​ហៅ​មេដឹកនាំ​នៃ​ភាគី​ទាំង​សង​ខាង និង​បាន​ចេញ​ព្រះរាជ​បញ្ជា​ឲ្យ​ពួកគេ​បញ្ឈប់​អំពើ​ហិង្សា​វាយ​ប្រយុទ្ធ​គ្នា​នោះ ដោយ​បាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ។

ព្រះមហាក្សត្រ Bhumibol បាន​អំពាវនាវ​ឲ្យ​មាន​ឯកភាព​ជាតិ បន្ទាប់ពី​មាន​រដ្ឋប្រហារ​យោធា​កាល​ពី​ឆ្នាំ ២០០៦ ទម្លាក់​រដ្ឋាភិបាល​លោក Thaksin Shinawatra ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ និង​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​អ្នក​រាជា​និយម​មើល​ឃើញ​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​របប​រាជា​និយម​ទន់ខ្សោយ។

ចាប់​តាំង​ពី​ពេល​នោះ​មក នៅ​ក្នុង​នយោបាយ​ថៃ គេ​ឃើញ​មាន​ការ​ប្រឆាំង​គ្នា​ទៅវិញ​ទៅមក​រវាង​អ្នក​រាជា​និយម​នៅ​ក្នុង​វិស័យ​យោធា និង​ពួក​បញ្ញវន្ត​រស់នៅ​ក្នុង​ទីក្រុង ដែល​អ្នក​រាជា​និយម​ទាំង​នេះ​អះអាង​ថា​ការពារ​ព្រះមហាក្សត្រ ជាមួយ​នឹង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​ធម្មតា និង​កសិករ ដែល​ជា​អ្នក​គាំទ្រ​លោក​អតីត​នាយក​រដ្ឋមន្ត្រី Thaksin Shinawatra។

ច្បាប់ Lese Majeste ដែល​ជា​ច្បាប់​ប្រឆាំង​អ្នក​ទិតៀន​ព្រះមហាក្សត្រ​ដ៏​មាន​ភាព​ចម្រូងចម្រាស ត្រូវ​បាន​អាជ្ញាធរ​ប្រើប្រាស់​សម្រាប់​បំបិទ​មាត់​អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​រិះគន់​ព្រះមហាក្សត្រ ដោយ​ការ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ចំពោះ​ព្រះមហាក្សត្រ​ថៃ នៅតែ​ខ្លាំងក្លា​ដដែល ហើយ​ការ​គាំទ្រ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ការ​ថ្លែង​ព្រះរាជ​សុន្ទរកថា​របស់​ព្រះអង្គ​នៅ​ក្នុង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះអង្គ​គម្រប់​ខួប ៨៥ ព្រះវស្សា។

នៅ​ពេល​នោះ ព្រះមហាក្សត្រ Bhumibol បាន​មាន​ព្រះរាជ​បន្ទូល​យ៉ាង​ដូច្នេះ​ថា៖

«ប្រសិនបើ​ពួក​យើង​ដែល​ជា​ប្រជានុរាស្ត្រ​ថៃ​ទាំង​អស់ បន្ត​ប្រកាន់​ខ្ជាប់​នូវ​ភាព​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​ចិត្ត​របស់​យើង នោះ​នឹង​មាន​ក្ដី​សង្ឃឹម​ថា ទោះ​បី​ជា​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​ស្ថានការណ៍​បែប​ណា​ក៏​ដោយ ក៏​ប្រទេស​ជាតិ​នៅតែ​បន្ត​ដំណើរ​ទៅ​មុខ​ជានិច្ច ដោយ​រក្សា​នូវ​ស្ថិរភាព​របស់​ខ្លួន និង​ជម្នះ​បាន​នូវ​ឧបសគ្គ​ទាំង​អស់»។

អ្នកស្រី Krittika Phiwkliang ដែល​ជា​អ្នក​គោរព​ស្រលាញ់​គាំទ្រ​ព្រះមហាក្សត្រ Bhumibol បាន​ធ្វើ​ការ​សន្និដ្ឋាន​ពី​ការ​ជឿជាក់ និង​ក្ដី​សង្ឃឹម​របស់​មនុស្ស​ទូទៅ ដែល​គាំទ្រ​ព្រះមហាក្សត្រ​យ៉ាង​ដូច្នេះ​ថា៖

«ទោះ​បី​ជា​ប្រទេស​ថៃ​មាន​ជម្លោះ​តាំង​ពី​អតីតកាល ក៏​ដូចជា​ពេល​នេះ​ក៏​ដោយ ឬ​ក៏​ប្រហែល​ជា​យើង​មាន​ការ​បែកបាក់​គ្នា​ជា​ច្រើន​ពណ៌​ក៏​ដោយ ក៏​ព្រះ​មហាក្សត្រ​នៅតែ​ជា​អ្នក​ដែល​បង្រួបបង្រួម​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ថៃ​ទាំង​អស់​ឲ្យ​រួបរួម​គ្នា​ដដែល»។

ព្រះ​មហាក្សត្រ​ថៃ​មាន​ព្រះរាជ​សុខភាព​ធ្លាក់​ចុះ​ចាប់​តំាង​ពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ ហើយ​ព្រះអង្គ​បាន​ចំណាយ​ពេលវេលា​ជា​ច្រើន​គង់​នៅ​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​នឿយហត់ ជំងឺ​សួត និង​ការ​ហូរ​ឈាម​តិចតួច​នៅ​ក្នុង​ខួរក្បាល។

ព្រះមហាក្សត្រ Bhumibol Adulyadej បាន​ប្រសូត​នៅ​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ១៩២៧ នៅ​ក្នុង​ទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក ដែល​ជា​កន្លែង​ដែល​បិតា​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ម្ចាស់ Mahidol សិក្សា​នៅ​ទី​នោះ។

ព្រះមហាក្សត្រ Bhumibol ភាគ​ច្រើន​បាន​សិក្សា​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដោយ​ព្រះអង្គ​ទទួល​បាន​ការ​អប់រំ​ថ្នាក់​អនុវិទ្យាល័យ និង​ថ្នាក់​សាកលវិទ្យាល័យ​នៅ​ក្នុង​ប្រទេស​ស្វ៊ីស។

ព្រះ​អង្គ​បាន​ឡើង​គ្រោង​រាជ្យ​សម្បត្តិ​នៅ​ក្នុង​ឆ្នាំ ១៩៤៦ បន្ទាប់​ពី​ព្រះរាម​របស់​ព្រះអង្គ​បាន​សោយ​ទិវង្គត ដោយសារ​របួស​ដែល​ត្រូវ​ដោយ​គ្រាប់​កាំភ្លើង​នៅ​ក្នុង​ហេតុការណ៍​ដ៏​មាន​មន្ទិល​សង្ស័យ​មួយ។

បុត្រា​របស់​ព្រះអង្គ គឺ​ព្រះ​អង្គម្ចាស់​រាជទាយាទ Maha Vajiralongkorn គឺ​ជា​អ្នក​ស្នង​រាជ​បល្ល័ង្ក​បន្ត​ពី​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គម្ចាស់​មិន​មាន​ព្រះរាជ​កិត្តិនាម​ដូច​ព្រះបិតា​របស់​ព្រះអង្គ​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG