ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ​កម្ពុជា​ខ្លះ​បារម្ភ​អំពី​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ថៃ​ពេល​អនាគត

  • សុខ ខេមរា

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​មួយ​រូប​ចោល​​បំពង់​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ដែល​ត្រូវ​បាញ់​ដោយ​ប៉ូលិស​​ប្រឆាំង​កុប្បកម្ម នៅ​រាជធានី​បាងកក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១​ខែ​ធ្នូ​ឆ្នាំ​២០១៣។
ក្រុម​អ្នក​វិភាគ​កម្ពុជា​ខ្លះ​បារម្ភ​អំពី​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ថៃ​ នៅ​ពេល​អនាគត​ ខណៈ​ដែល​ក្រុម​បាតុករ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ដែល​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា​នេះ​ចុះ​ចេញ​ពី​តំណែង។

ក្រុម​បាតុករ​ក្នុង​ប្រទេស​ថៃ​នៃ​គណបក្ស​ជំទាស់​កំពុង​បន្ត​ទាមទារ​ឲ្យ​លោក​ស្រី ​យីងឡាក់ ​ស៊ីណាវ៉ាត់ ​(Yingluck Shinawatra) ​ចុះចេញ​ពីមុខ​តំណែងជា​នាយករដ្ឋមន្ត្រី​ថៃ ​ស្រដៀង​គ្នា​នឹង​ការ​ទាមទារ​របស់​ក្រុម​ជំទាស់​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះចេញ​ពីមុខ​តំណែងជា​នាយក​រដ្ឋមន្ត្រី​ដែរ។ ​ក្រុម​បាតុករ​ថៃ​កំពុង​ចូល​កាន់​កាប់​អគាររដ្ឋាភិបាល​ហើយ​ប្រកាស​ពី​ជោគ​ជ័យ​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ។​ តែក្រុម​ជំទាស់​ក្នុង​ប្រទេស​កម្ពុជា​ដាក់​គម្រោង​ការ​ធ្វើ​បាតុកម្ម​នៅថ្ងៃ​ទី​១០​ខែធ្នូ​ឆ្នាំ​២០១៣​ខាង​មុខ​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​ទាមទារ​ឲ្យ​រក​យុតិ្តធម៌​ចំពោះ​លទ្ធផល​បោះឆ្នោត​ថ្ងៃទី​២៨​ខែ​កក្កដា​ដែលខ្លួន​អះអាង​ថា ​បាន​ទទួល​ជ័យ​ជម្នះ។​

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​ សម្តែងក្តី​បារម្ភ​ចំពោះ​ការ​ប្រែប្រួលនយោបាយ​កម្ពុជា ​នៅ​ពេល​ក្រុម​បាតុករ​ថៃ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រីថៃ​ដែល​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា​ ចុះ​ចេញ​ពីតំណែង។​

លោក​ពន្យល់​ថា៖ «សកម្មភាព​របស់​បាតុករ​ថៃ​ហ្នឹង​គឺ​ថា ​អាចឆ្លងសកម្មភាព​អញ្ចឹងៗ​ គំនិត​អញ្ចឹងៗ​ អាច​ឆ្លង​ប្រទេស​តៗ​គ្នា​ ហើយ​ក្នុង​ប្រទេស​ ដែល​មាន​ការជាប់​គាំង​នយោបាយ​ទៅ​ ក្រែង​លោ​មាន​ការ​រៀបចំ​ធ្វើ​បាតុកម្ម​ទៅ​ ក្រែង​លោជ្រុល​ហួស​ទៅ​ដល់​អញ្ចឹង»។​

កម្ពុជា​កំពុង​មាន​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ ជា​ពិសេស​ដីក្បែរ​ប្រាសាទ​ព្រះ​វិហារ​ទោះ ​ជា​មាន​សាលក្រម​តុលាការ​អន្តរជាតិ​ក្តី។​ ហើយ​កម្ពុជា​ក៏​មាន​បញ្ហា​ផ្ទៃក្នុង​ដែរ​ ដែល​គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​បាន​សុំ​ឲ្យ​លោក​ហ៊ុន សែន​ចុះចេញ​ពីតំណែង។ គណបក្ស​ជំទាស់​គ្រោង​នឹង​ធ្វើ​មហា​បាតុកម្ម​អហិង្សានៅថ្ងៃ​ទី១០​ ខែធ្នូ​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​ទាមទារ​យុត្តិធម៌​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​ជំទាស់​បាន​ចាត់​ទុក​ថា​ ខ្លួន​ជាអ្នក​ឈ្នះ​ហើយ​ត្រូវ​ដឹកនាំ​ប្រទេស​ជំនួស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បើ​គ្មាន​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត។​ ក្រុម​បាតុករ​ថៃ​បាន​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់ ​ស៊ីណាវ៉ាត់​ចុះចេញ​ពី​តំណែងទាក់ទងនឹង​អំពើ​ពុករលួយ​ បង្កើត​ច្បាប់​លើក​លែង​ទោស​ដែល​ក្រុម​បាតុករ​គិត​ថា ​គឺ​ដើម្បី​ការពារ​បងប្រុស​របស់​លោកស្រី​គឺ​លោកថាក់ស៊ីន ស៊ីណាវ៉ាត់​ អតីត​នាយក​រដ្ឋមន្ត្រី​ ដែលត្រូវ​បណ្តេញ​ចេញ​ពី​មុខ​តំណែង​ដោយ​អំពើ​រដ្ឋ​ប្រហារ​កាល​ពីឆ្នាំ​២០០៦។​

«រដ្ឋាភិបាលយីងឡាក់ ​ថាក់ស៊ីន​ហ្នឹង​គឺជិត​ស្និទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​ខ្មែរ​ដឹក​នាំ​ដោយ​សម្តេច​តេជោ ​ហ៊ុន សែន​ហ្នឹង។​ ហើយ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​ហ្នឹង​កាន់កាប់​អំណាច​ទៅវិញ​គឺទំនាក់​ទំនង​ហ្នឹង​អាច​មាន​ការ​លំបាក​ដោយ​សារ​សម្តេច​ហ៊ុន សែន​ ដូច​ជា​ធ្លាប់​ទិតៀន​ត្រង់ៗ​ដល់​គណបក្ស​ប្រឆាំង​ថៃ»។​

លោក​បាន​បន្ត​ថា ​សង្គម​ថៃ​បច្ចុប្បន្ន​មាន​ការ​បែក​ជា​ពីរ​គឺ​ក្រុម​លោក​ថាក់ស៊ីន​ ដែល​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ជាមួយ​អ្នក​ជនបទ ​ហើយ​ក្រុម​គណបក្ស​ប្រឆាំង​គឺ​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ជាមួយ​អ្នក​ទីក្រុង​ អ្នកចេះ​ដឹង។​


លោក ​ភីធ័រ តាន់កែវ​ (Peter Tan Keo) ​ស្ថាបនិក​នៃ​អង្គការ​យុទ្ធសាស្ត្រ​អាស៊ី​សាកល​ Global ​Strategy​ Asia ​បាន​អះអាង​ថា ​លោក​បាន​ឃើញ​ថា ​មាន​ការ​រៀបចំ​បាតុកម្ម​និង​ការ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ ​ដែល​មាន​ការ​គាំទ្រ​ពី​ក្រុម​អាវ​ក្រហម ​និង​ឲ្យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ចុះ​ចេញ​ពីតំណែង​ស្រដៀង​គ្នា​មែន​ តែ​លោក​បញ្ជាក់​ថា ​លោក​មិន​អាច​ទស្សន៍ទាយ​ឬ​សន្និដ្នាន​បាន​ទេ​ថា​ នេះ​ជា​ការ​រៀបចំ​រួមគ្នា​ទាក់​ទង​នឹង​បាតុកម្ម​នោះ។​

លោក​ថ្លែង​ថា៖ «លោក​អ្នក​ដឹងទេ​ ក្រុម​អាវ​ក្រហម​ថៃ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ស៊ីភីភី​ មាន​ទំនាក់​ទំនង​ដ៏រឹងមាំជាយូរ​មក​ហើយ។​ ដូច្នេះ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឬ​ក្រុម​អាវលឿង​ ផ្តួល​រំលំ​នាយក​រដ្ឋមន្ត្រី​យីងឡាក់​ ស៊ីណាវ៉ាត់​បាន​មែន​នោះ​ ​ នោះខ្ញុំ​អាច​ទស្សន៍ទាយ​បាន​ថា​ ​ក្រុម​អាវលឿង​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ស៊ីភីភី​ទំនង​ជា​នឹង​មិនមាន​ទំនាក់​ទំនង​ដ៏រឹងម៉ាំ​ទេ»។​

លោក​ថ្លែង​ថា​ ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​សមាគម​អាស៊ាន​មែន ​តែ​វា​មិន​ប៉ះពាល់​ដល់​អាស៊ាន​ទេ​ ព្រោះ​អាស៊ានផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច ​ហើយ​មិន​អើពើ​នឹង​រឿង​នយោបាយ​របស់​សមាជិក​ខ្លួន​ទេ។​

លោក​ហ៊ុន សែន​ និង​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​អាភីស៊ីត ​វិចារជីវ៉ា​ ដែល​ជា​មេ​ដឹកនាំ​ក្រុម​អាវលឿង​នោះ​ គ្មាន​ទំនាក់​ទំនង​ល្អ​នឹងគ្នា​ទេ ​ជា​ពិសេស​បញ្ហាប្រាសាទ​ព្រះវិហារ​ ដែល​មាន​ការ​វាយ​ប្រយុទ្ធគ្នា​ដោយ​កម្លាំង​យោធា​ផង​ដែរ។ ​តែ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​ត្រូវ​គេ​ដឹង​ថា​ មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គណបក្ស​ជំទាស់​កម្ពុជា​គឺ​លោក​សម រង្ស៉ី។​

លោក​បណ្ឌិត​ សុខ ទូច ​សាកលវិទ្យាធិការ​ខេមរៈ​ក្នុង​ប្រទេស​កម្ពុជា​ បាន​អះ​អាង​ថា​ ទោះ​ជា​រដ្ឋាភិបាល​ណា​ក៏ដោយ​ ថៃ​ទំនង​ជា​មិន​បង្ក​ឲ្យមាន​បញ្ហា​ល្អក់​កករ​ទេ ​ព្រោះ​កម្ពុជា​ជា​ទីផ្សារ​ទំនិញ​ដ៏​ធំ​របស់​ថៃ។​

«បើ​សិន​ជា​ថៃ​មិន​ខំ​មាន​ទំនាក់​ទំនង​ល្អ​ទេ​ ទីផ្សារ​នេះ​ត្រូវ​វៀតណាម​ដណ្តើម​យក ​ហើយចិន​ដណ្តើម​យក»។​

លោក​សុខ ទូច​បាន​អះអាង​បន្ថែម​ថា ​ប្រទេស​ថៃ​មិន​អាច​ប្រើប្រាស់​ស្ថាន​ការណ៍​ប្រទេស​របស់​ខ្លួន​ដើម្បី​ទម្លាក់កំហុស​ដល់​ប្រទេស​កម្ពុជា​បាន​ទេ។​

លោក​ខៀវ កាញ៉ា​រិទ្ធ​ អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​អះអាង​ប្រាប់​អ្នកយក​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា​ រដ្ឋាភិបាល​កំពុង​តាមដាន​ស្ថានការណ៍​ថៃ​យ៉ាង​យកចិត្ត​ទុកដាក់​ ហើយ​ព្រមាន​អ្នក​សារព័ត៌មាន​កម្ពុជា​មិន​ឲ្យ​ធ្វើអ្វី​ ដែល​អាច​មាន​បញ្ហា​ដល់​ស្ថានការណ៍​នយោបាយ​ថៃ។​

អំពើ​ហិង្សា និង​ការ​បង្ក្រាប​ក្រុម​បាតុករ​ហាក់​ដូច​ជា​ថម​ថយ​ខ្លះ​ កាលពី​ថ្ងៃ​អង្គារ​ ពីរ​ថ្ងៃមុន​ពេល​ព្រះរាជ​ពិធី​បុណ្យ​ខួប​ចម្រើនព្រះជន្ម​មហាក្សត្រ​ថៃ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG