នាយករដ្ឋមន្ត្រីនៃប្រទេសថៃបានប្រកាសដាក់ប្រទេសទៅក្នុងភាពអាសន្ន ដើម្បីឆ្លើយតបទៅនឹងការតវ៉ាដ៏ធំមួយដែលទាមទារឲ្យលោកចុះចេញពីតំណែង និងឲ្យមានកំណែទម្រង់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេស។
លោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីយប់ថ្ងៃពុធ បន្ទាប់ពីបាតុកររាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅក្រៅការិយាល័យរបស់លោកនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកនៅថ្ងៃពុធនោះ ដែលក្រុមបាតុករទាំងនោះបានសន្យាថានឹងមិនចាកចេញប្រសិនបើលោកនាយករដ្ឋមន្ត្រីមិនព្រមចុះចេញពីតំណែង។
ភ្លាមៗបន្ទាប់ពីស្ថានភាពអាសន្ននេះត្រូវបានប្រកាស ប៉ូលិសបានបំបែកហ្វូងមនុស្សហើយបានចាប់ខ្លួនមនុស្សជាង ២០ នាក់ ដែលបដិសេធមិនព្រមចាកចេញ ដែលក្នុងនោះរួមមានទាំងលោក Armon Nampha និងលោក Parit Chiwarak ដែលជាមេដឹកនាំបាតុកម្មផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា បន្ថែមទៅនឹងការដាក់កំហិតការជួបជុំមិនឲ្យលើសពី ៤ នាក់ វិធានការគ្រាអាសន្នថ្មីនេះក៏នឹងអនុញ្ញាតិឲ្យមានការរឹបអូសយក «ឧបករណ៍ទំនាក់ទំនងអេឡិកត្រូនិក ទិន្នន័យ និងអាវុធដែលសង្ស័យថាអាចបង្កឲ្យមានស្ថានភាពអាសន្នកើតឡើងផងដែរ»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Prayuth ជាអតីតឧត្តមសេនីយ៍យោធាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ ២០១៤ ដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតចេញពីអំណាច។ លោកបានឈ្នះឆ្នោតកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន ក៏ប៉ុន្តែក្រុមបាតុករបាននិយាយថា ការបោះឆ្នោតនោះមានការលួចបន្លំ ដោយសារតែច្បាប់ដែលព្រាងដោយពួកយោធាដែលគាំទ្រលោក។
បន្ថែមពីលើការទាមទារឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដែលព្រាងឡើងដោយពួកយោធា ក្រុមបាតុករក៏មានបំណងទាមទារឲ្យមានការកាត់បន្ថយឥទ្ធិពលរបស់របបរាជានិយមថៃផងដែរ៕