ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ថៃ​រាប់​ពាន់​នាក់​នៅ​បន្ត​តវ៉ា​ប្រឆាំង​នឹង​លោក Prayuth ទោះ​មាន​បម្រាម​ហាម​ការ​ជួបជុំ​លើស​ពី ៤ នាក់​ក៏​ដោយ


ក្រុមបាតុករ​ដែល​គាំទ្រ​លិទ្ធិ​​ប្រជាធិបតេយ្យ បាន​បញ្ចាំង​ពន្លឺ​ទូរស័ព្ទ​ចល័ត​របស់​ពួកគេ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ជិត​វិមាន​ជ័យជម្នះ​នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។
ក្រុមបាតុករ​ដែល​គាំទ្រ​លិទ្ធិ​​ប្រជាធិបតេយ្យ បាន​បញ្ចាំង​ពន្លឺ​ទូរស័ព្ទ​ចល័ត​របស់​ពួកគេ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ជិត​វិមាន​ជ័យជម្នះ​នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

បាតុករ​រាប់​ពាន់​នាក់​ បាន​បន្ត​តវ៉ា​ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​ថៃ​នៅ​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​បំពាន​បម្រាម​របស់​អាជ្ញាធរ​ដែល​ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​លើស​ពី ៤ នាក់។

ការ​តវ៉ា​ដែល​ភាគច្រើន​ដឹកនាំ​ដោយ​និស្សិត បាន​បន្ត​ធ្វើ​អស់​ប៉ុន្មាន​ខែ​កន្លង​មក​នៅ​ក្នុង​រាជធានី​បាងកក ដោយ​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី Prayuth Chan-Ocha ចុះចេញ​ពី​តំណែង។ លោក Prayuth បាន​ឡើង​កាន់​អំណាច​ដោយសារ​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ ២០១៤។

បាតុកម្ម​ក៏បាន​ធ្វើ​ឡើង​នៅ​តាម​ទីក្រុង​ចំនួន ១៨ ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​ថៃ​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​កាសែត Bangkok Post។

ចលនា​តវ៉ា​នេះ ​បាន​ជួប​បញ្ហា​មួយ​ចំនួន​ក្នុង​មួយ​សប្តាហ៍​កន្លង​មក​នេះ ដោយ​បាតុករ​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពី​ពួកគេ​បាន​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅពេល​ដែល​ក្បួន​ព្រះ​ទីន័ង​របស់​ព្រះមហាក្សត្រីយានី​ធ្វើ​ដំណើរ​ឆ្លង​កាត់។

អាជ្ញាធរ​ បាន​បាញ់​ទឹក​ដើម្បី​បំបែក​ហ្វូង​បាតុករ​នៅ​ខាង​ក្រៅ​មណ្ឌល​ផ្សារ​ទំនើប​កណ្តាល​ក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ខឹង​សម្បារ​នៅ​ទូទាំង​ប្រទេស។

រដ្ឋាភិបាល ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដោយ​ហាមឃាត់​ការ​ជួបជុំ​លើស​ពី ៤ នាក់ ក៏ប៉ុន្តែ​ក្រុម​បាតុករ​បាន​ជម្នះ​ប្រឆាំង​នឹង​បម្រាម​នេះ។

បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​វិមាន​ជ័យជម្នះ​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​អាទិត្យ ដោយ​លើក​បដា​និង​រូបថត​របស់​អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន។ ការ​តវ៉ា ​គឺ​ភាគច្រើន​ធ្វើ​ឡើង​ដោយ​សន្តិវិធី ក៏​ប៉ុន្តែ បាតុករ​ខ្លះ​បាន​រាយការណ៍​ថា បន្ទាប់ពី​ពួកគេ​ព្យាយាម​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​វិញ ពួកគេ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​ស្ថានីយ​រថភ្លើង Asok នៅ​កណ្តាល​ទីក្រុង​បាងកក។ ក្រោយ​មក ក្រុមហ៊ុន BTS Sky Train បាន​បញ្ចាក់​ថា ស្ថានីយ​រថភ្លើង​ទាំង​អស់ ​បាន​បើក​ដំណើរការ​ឡើង​វិញ។

បន្ថែមពី​លើ​ការ​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​ព្រាង​ឡើង​ដោយ​ពួក​យោធា ក្រុម​បាតុករ​ក៏​មាន​បំណង​ទាមទារ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ឥទ្ធិពល​របស់​របប​រាជា​និយម​ថៃ​ផង​ដែរ។ ស្ថាប័ន​ព្រះ​មហាក្សត្រ​ថៃ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ដ៏​តឹងតែង​ប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG