ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ​សម្រេច​ដក​បេក្ខភាព​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ Ubolratara ចេញ​ពី​ការ​បោះ​ឆ្នោត


មេដឹកនាំ​គណបក្ស Thai Raksa Chart កាន់​រូប​របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ Ubolratana នៅ​គណៈកម្មាការ​បោះឆ្នោត​របស់​ថៃ​ នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅ​ថ្ងៃ​ចន្ទ​នេះ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ថៃ​បាន​សម្រេច​ជា​ផ្លូវការ​ដក​បេក្ខភាព​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ Ubolratana Mahidol ចេញ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី។ ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​មក​ពី​គណបក្ស​មួយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​លោក​អតីត​នាយករដ្ឋមន្ត្រី Thaksin Shinawatra។

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា៖ «នៅ​ថ្ងៃ​នេះ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត ដោយ​មិន​មាន​ព្រះ​នាម​របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ Ubolratara ដែល​បាន​ស្នើ​ឡើង​ដោយ​គណបក្ស Thai Rakha Chart នោះ​ទេ»។ គណៈកម្មការ​នេះ​បាន​បន្ថែម​ទៀត​ថា មូលហេតុ​គឺ «ដោយសារតែ​សមាជិក​ក្រុម​គ្រួសារ​រាជវង្ស​គឺ​ស្ថិត​នៅ​ពី​លើ​នយោបាយ»។

សេចក្ដី​ប្រកាស​នោះ​បាន​ធ្វើ​តាម​វិធានការ​របស់​ព្រះ​មហាក្សត្រ Maha Vajiralongkorn កាល​ពី​សប្ដាហ៍​មុន នៅ​ក្នុង​ការ​កម្ទេច​គម្រោង​របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ Ubolratana ដែល​ជា​ព្រះ​រាម​របស់​ព្រះ​អង្គ មិន​ឲ្យ​មាន​ឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ការ​បោះ​ឆ្នោត។

គណបក្ស Thai Raksa Chart បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ Ubolratana ដែល​មាន​ព្រះ​ជន្ម ៦៧ ព្រះ​វស្សា គឺ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ ខែ​មិនា ខាង​មុខ​នេះ។

ក្ដី​សង្ឃឹម​របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ Ubolratana ត្រូវ​បាន​បំផ្លាញ​ចោល​ស្ទើរតែ​ភ្លាមៗ នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ Maha Vajiralongkorn ចេញ​ព្រះ​រាជសារ​មួយ ដែល​បញ្ជាក់​ថា បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​របស់​ព្រះ​រាម​របស់​ព្រះ​អង្គ​គឺ «មិន​សមរម្យ​ទាល់តែ​សោះ» និង​ជា​ការ​ធ្វើ​ផ្ទុយ​នឹង​ប្រពៃណី និង​វប្បធម៌​ជាតិ៕

XS
SM
MD
LG