ការបង្កើនកម្លាំងសន្តិសុខនេះ កើតឡើងនៅពេលរដ្ឋាភិបាលប្រទេសថៃ កំពុងតែសង្កត់ធ្ងន់លើកិច្ចពិភាក្សាសន្តិភាពក្រៅផ្លូវការ ជាមួយក្រុមយោធាមួយចំនួន បើទោះបីជាមានការផ្ទុះអំពើហិង្សាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ។
ជម្លោះបង្ហូរឈាមកាលពីឆ្នាំ២០០៤ កើតឡើងក្នុងរយៈពេលត្រឹមតែបីខែ បន្ទាប់ពីអំពើហិង្សាមួយ បានកើតឡើងជាថ្មី នៅក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូងប្រទេស ដូចជាខេត្ត Pattani, Narathiwat, Songkhla និង Yala ដែលជាខេត្តមានអ្នកកាន់សាសនាឥស្លាមរស់នៅច្រើន។
ចាប់តាំងពីពេលនោះមក មនុស្សចំនួន៦.៥០០នាក់ បានបាត់បង់ជីវិតក្នុងអំឡុងពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការបះបោរប្រឆាំងនឹងរដ្ឋាភិបាលថៃបានចុះថមថយ ដែលនៅពេលនោះសហគមន៍ប្រជាជនក្នុងតំបន់បានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។
ការវាយប្រហារពីក្រុមឧទ្ទាមរាប់សិបនាក់ នៅពេលព្រឹកព្រហាម កាលពីខែមេសា ឆ្នាំ២០០៤ ជាមួយនឹងកងកម្លាំងយោធា បានបណ្តាលឲ្យពួកឧទ្ទាមស្លាប់ចំនួន១០៧នាក់។
ក្រុមឧទ្ទាមចំនួន៣២នាក់ បានរត់គេចខ្លួនចូលក្នុងវិហារឥស្លាមឈ្មោះ Krue Sa ដែលសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៦ ស្ថិតនៅក្នុងខេត្ត Pattani មុនពេលត្រូវឡោមព័ទ្ធដោយកងយោធាថៃ និងបន្ទាប់មកត្រូវពួកទាហានសម្រុកចូលទៅសម្លាប់ក្រុមឧទ្ទាមទាំងនោះនៅក្នុងវិហារ។
ក្រោយហេតុការណ៍នោះ សារព័ត៌មានបានចុះផ្សាយបង្ហាញរូបភាពដែលមានឈាមដាបពាសជញ្ជាំងផ្ទៃក្នុងវិហារ។
លោកPanitan Wattanayagorn ជាអ្នកវិភាគ និងជាទីប្រឹក្សារបស់ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានប្រាប់VOAថា សន្តិសុខត្រូវបានរឹតបន្តឹងបន្ថែម នៅស្របពេលខួបនៃការវាយប្រហារនៅឆ្នាំ២០០៤។
លោកPanitan បាននិយាយនៅក្នុងបទសម្ភាសន៍ថា «នៅពេលជិតដល់ខួបព្រឹត្តិការណ៍សំខាន់ៗ កងកម្លាំងសន្តិសុខ ត្រូវបានណែនាំឲ្យរឹតបន្តឹងវិធានការបន្ថែមនៅក្នុងពិធីបុណ្យសំខាន់ៗ និងព្រឹត្តិការណ៍សង្គមផ្សេងៗមួយចំនួនទៀត ដើម្បីឲ្យធ្វើប្រាកដថាកន្លែងប្រារព្ធពិធី មានសន្តិភាព និងស្ថិរភាព»។
ប៉ុន្តែ កាលពីថ្ងៃទី២៧ ខែមេសា សារព័ត៌មានថៃ រាយការណ៍ថា ទាហានយាមល្បាតប្រាំនាក់ ត្រូវបានគេវាយឆ្មក់ និងសម្លាប់ ក្នុងពេលល្បាតក្នុងស្រុក Chanee ខេត្ត Narathiwat។ ហេតុការណ៍នេះបានបង្កើនឲ្យមានការភ័យខ្លាចថាជម្លោះហិង្សានឹងកើតមានកាន់តែខ្លាំងឡើង។
ជម្លោះដែលអូសបន្លាយអស់ជាច្រើនឆ្នាំមកនេះ បានពូនផ្តុំឲ្យមានភាពតក់ស្លុតកាន់តែខ្លាំងឡើង។ ការវាយប្រហាររបស់ក្រុមឧទ្ទាម និងការវាយតបរបស់ក្រុមយោធា បានបណ្ដាលឲ្យមានការកាប់សម្លាប់បង្ហូរឈាមគ្នាឥតឈប់ឈរ។
ក្រុមសកម្មប្រយុទ្ធវាយប្រហារ ដោយផ្តោតទៅលើនិម្មិតសញ្ញារដ្ឋអំណាចថៃ មន្រ្តីរាជការ និងគ្រូបង្រៀន។ គ្រូបង្រៀនជាង១៥០នាក់ បានស្លាប់នៅក្នុងអំពើហិង្សានេះ។ ប៉ុន្តែ ចំនួននៃជនរងគ្រោះបាត់បង់ជីវិត រួមាន អ្នកកាន់សាសនាឥស្លាម ពុទ្ធសាសនិកដែលត្រូវគេកាត់ក្បាល និងការឆ្មក់លួចដុតសាលារៀនជាដើម។
ប្រទេសថៃ មានអ្នកកាន់ពុទ្ធសាសនាយ៉ាងច្រើន ប៉ុន្តែ មានអ្នកកាន់សាសនាឥស្លាមភាគច្រើននៅតាមខេត្តភាគខាងត្បូងប្រទេស ។ ក្រុមអ្នកវិភាគបាននិយាយថា ពុទ្ធសាសនិករាប់ម៉ឺននាក់នៅតំបន់នោះ ត្រូវបង្ខំផ្លាស់ទីលំនៅទៅបណ្ដាខេត្តនៅភាគខាងជើងវិញ ដើម្បីគេចចេញពីជម្លោះនោះ។
រដ្ឋាភិបាលយោធាថៃ បានបើកកិច្ចពិភាក្សាសន្តិភាព នៅក្នុងឆ្នាំ២០១៥ ជាមួយភាគី MARA Pattani ដែលជាភាគីតំណាងឲ្យក្រុមឧទ្ទាមមួយចំនួន ដោយមានការគាំទ្រពីរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីដល់ដំណើរការសន្តិភាពនេះ។ ដំណាក់កាលចុងក្រោយបំផុតនៃកិច្ចពិភាក្សានេះ គឺការព្រមព្រៀងលើ "តំបន់សុវត្ថិភាព” នៅតាមតំបន់ទីប្រជុំជនធំៗនានា។
លោក Panitan បាននិយាយថា ការពិភាក្សាក្រៅផ្លូវការនេះ កំពុងដំណើរការទៅមុខ ដោយរដ្ឋាភិបាលបើកឲ្យមានការជួបប្រជុំជាមួយក្រុមឧទ្ទាមទាំងអស់។
លោកPanitan បានឲ្យវីអូអេដឹងថា «ការចរចាសន្តិភាពនៅភាគខាងត្បូង ដំណើរការតាមដែលបានគ្រោងទុក។ ឥឡូវ វាឈានចូលដំណាក់កាលកាន់តែពិបាក បន្ទាប់ពីទទួលបានវិធានផ្នែកបច្ចេកទេស និងការសាងទំនុកចិត្ត ពេលនេះ ពួកគេអាចអង្គុយក្នុងតុចរចា និងធ្វើការកំណត់ផែនទីថ្មី សម្រាប់តំបន់សុវត្ថិភាពបន្ថែមទៀត»។
ប៉ុន្តែ ក្រុមអ្នកវិភាគផ្សេងទៀត និយាយថា កិច្ចចរចាជាមួយតំណាងក្រុមឧទ្ទាមទាំងនោះ មិនបានបង្ហាញឲ្យឃើញលទ្ធផលជាក់លាក់នៅឡើយទេ។
នៅក្រៅពីការចរចានេះ មានក្រុមបះបោរស្ថិតក្រោមរណសិរ្សបដិវត្តន៍ជាតិ (BRN)និងក្រុមញុះញង់ បានបង្កឲ្យមានការកើនឡើងការវាយប្រហារក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ក្រុមរណសិរ្សបដិវត្តន៍ជាតិ (BRN) បានច្រានចោលកិច្ចចរចាថ្មីៗនេះ ដោយនិយាយថា ខ្លួននៅតែទាមទារឲ្យមានការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលនៅទីក្រុងបាងកក។ ក្រុមរណសិរ្សនេះ ក៏បានទាមទារឲ្យមានអ្នកសម្របសម្រួលអព្យាក្រឹត និងអ្នកសង្កេតការណ៍អន្តរជាតិ មកចូលរួមក្នុងកិច្ចចរចានេះផងដែរ។
លោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-o-cha បានបដិសេធការទាមទាររបស់ក្រុមរណសិរ្សបដិវត្តន៍ជាតិ BRN ដែលស្នើឲ្យមានការពិភាក្សាផ្ទាល់ ជាមួយរដ្ឋាភិបាល។
លោក Matthew Wheeler ជាអ្នកវិភាគនៅអង្គការវិបត្តិអន្តរជាតិ International Crisis Group (ICG) បានប្រាប់វីអូអេ តាមរយៈសារអេឡិចត្រូនិចថា ការវាយប្រហារដែលកើតឡើងពាសពេញតំបន់នោះ នាពេលថ្មីៗនេះ បង្ហាញថា «ជាការថ្លែងជំទាស់ប្រឆាំង» ទៅនឹងកិច្ចព្រមព្រៀងដែលបានស្នើឡើងស្តីអំពីតំបន់សុវត្ថិភាព។
លោក Wheeler បានលើកឡើងថា «ពួកឧទ្ទាមនៅតែបន្តបះបោរ ដើម្បីបង្ហាញថាពួកគេមានសមត្ថភាពអាចធ្វើការវាយប្រហារនៅទូទាំងតំបន់ ទោះបីជារដ្ឋអំណាចថៃ មានវិធានការសន្តិសុខក៏ដោយ»។
លោកPanitan បាននិយាយថា ការប្រជុំជាមួយតំណាងអង្គការសន្និសីទឥស្លាម Organization of Islamic Conference (OIC)ត្រូវបានគ្រោងរៀបចំនៅថ្ងៃខាងមុខ។
កាលពីដើមខែមេសា នៅឯកិច្ចប្រជុំកំពូល ក្នុងប្រទេសតួកគី អង្គការសន្និសីទឥស្លាម(OIC)បានផ្ដល់ការគាំទ្ររបស់ខ្លួនចំពោះកិច្ចប្រឹងប្រែងរបស់ថៃ ក្នុងការជំរុញឲ្យមានការពិភាក្សា ជាមួយក្រុម MARAPattani។
ប៉ុន្តែ នៅក្នុងសេចក្តីថ្លែងផ្លូវការមួយ អង្គការសន្និសីទឥស្លាម(OIC) ក៏បានអំពាវនាវឲ្យសហគមន៍មូស្លីមនៅភាគខាងត្បូង ដាក់បញ្ចូល «ភាគីពាក់ព័ន្ធទាំងអស់ ធ្វើការសហការគ្នាដើម្បីធានាឲ្យមានដំណើរការចរចាសន្តិភាព ប្រកបដោយប្រសិទ្ធិភាពពិតប្រាកដមួយនៅភាគខាងត្បូងប្រទេស»។
ប្រធានមជ្ឈមណ្ឌលឥស្លាមប្រទេសថៃ( Islamic Center of Thailand) លោក Pakorn Preeyakorn ក៏បានអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋថៃ និងអ្នកសិក្សារៀនសូត្រ នៅក្នុងដំណើរការចរចានោះផងដែរ។
លោក Pakorn បានប្រាប់វីអូអេដឹងថា «ទាក់ទងនឹងជម្លោះបែបនេះ យើងត្រូវជ្រើសរើសបុគ្គលណាដែលមានឆន្ទៈខ្លាំងក្នុងដោះស្រាយជម្លោះ។ ឧទាហរណ៍ ប្រសិនបើយើងជ្រើសរើសចេញពីទាហាន នោះពួកគេមិនសូវមានឆន្ទៈខ្លាំងក្នុងការចរចាសន្តិភាពនោះទេ»។
លោកនិយាយថា «ដូច្នេះ នៅក្នុងរឿងនេះ យើងត្រូវតែឲ្យមានបុគ្គលណាដែលយល់ពីស្ថានភាពពិតប្រាកដ ឲ្យចូលរួមកាន់តែច្រើនថែមទៀត »។
លោក Wheeler នៃអង្គការវិបត្តិអន្តរជាតិ ICG បានឲ្យដឹងថា ដំណោះស្រាយរយៈពេលវែងចំពោះជម្លោះនេះ ទាមទារឲ្យមានការពិភាក្សា និងចរចា។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនិយាយថា យោធាថៃ នឹងជំទាស់រាល់ការស្នើសុំពីក្រុមឧទ្ទាមឲ្យមានតំបន់ស្វយ័ត ដែលការណ៍នេះគឺជាឧបសគ្គចម្បងក្នុងការបញ្ចប់ជម្លោះនេះ៕
ប្រែសម្រួលដោយ សើ សាយ្យាណា