ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពួក​យោធា​ថៃ​ស្វះស្វែង​ឱ្យ​មាន​ការ​ផ្សះផ្សា​គ្នា​ខាង​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ

  • Ron Corben

Portraits of Thailand's King Maha Vajiralongkorn Bodindradebayavarangkun and the late King Bhumibol Adulyadej are displayed at a department store in central Bangkok, Thailand, Jan. 17, 2017.

រដ្ឋាភិបាល​យោធា​នៃ​ប្រទេស​ថៃ​កំពុង​ខិតខំ​ប្រឹងប្រែង​ជា​ថ្មី​ធ្វើការ​ផ្សះផ្សា​ខាង​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ទូទៅ​ដែល​ទំនង​ជា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។​

កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មីៗ​បំផុត​ដើម្បី​បោះ​ជំហាន​ទៅ​មុខ​នូវ​អ្វី​ដែល​គេ​ហៅ​ថា​ «ផែនទី​បង្ហាញ​ផ្លូវ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ» ​តាម​រយៈ​កិច្ចចរចា​រវាង​គណបក្ស​នយោបាយ​នោះ​ កំពុង​ត្រូវ​ដឹកនាំ​ដោយ​លោក​ Prawit Wongsuwan​ឧបនាយក​រដ្ឋម​ន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស។​

លោក​ Prawit ​បាន​មាន​ប្រសាសន៍​ថា​ គោលដៅ​គឺ​ធ្វើ​ឱ្យ​មាន​ការ​យល់​ឃើញ​រួម​គ្នា​នូវទស្សនៈ​អំពី​បញ្ហា​មួយ​ចំនួន​ ដោយមាន​រួម​បញ្ចូល​នយោបាយ​ ការ​អភិវឌ្ឍ​សង្គម​ បរិស្ថាន​ កិច្ចការ​បរទេស​ និង​បណ្តាញ​ផ្សាយ​ព័ត៌មាន។​

លោក ​Panitan Wattanayakorn ​ទីប្រឹក្សា​នយោបាយ​របស់​លោក​ Prawit បាន​និយាយ​ថា​ ក្រុម​យោធា​កំពុង​ស្វះស្វែង​ឱ្យ​មាន ​«អន្តរកាល​នៃ​ការ​ផ្ទេរ​អំណាច​យ៉ាង​រលូន»​ ទៅ​ឱ្យ​រដ្ឋបាល​ស៊ីវិល។​

ការ​ផ្តើម​គំនិត​ថ្មី​នេះ​ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​ជាតិ​ដែល​ក្រុម​យោធា​យល់​ឃើញ​ថា ​ជា​គន្លឹះ​មួយ​ដោយ​រដ្ឋាភិបាល​បាន​បង្កើត​គណៈ​កម្មាធិការ​បួន​ដើម្បី​ជួយ​ចាត់​វិធានការ​តាម​រយៈ «ផែន​ទី​បង្ហាញ​ផ្លូវ​ខាង​នយោបាយ»។​ លោក​ Panitan ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ចង់​ស្តាប់​កង្វល់​របស់​ពួក​អ្នក​នយោបាយហើយបញ្ចូល​គំនិត​របស់​ពួក​គេ​ក្នុង​ដំណើរ​ការ​នេះ។

លោក ​Panitan ​បាន​និយាយ​ថា៖​

«កុងត្រា​សាធារណៈ​ខ្លះអាច​ត្រូវ​រៀបចំ​បាន​ ក៏​ប៉ុន្តែ​យើង​នឹង​មិន​បង្ខំ​នរណា​ម្នាក់​ឱ្យ​ចុះ​ហត្ថលេខា​លើ​ឯកសារ​អ្វី​មួយ​ដែល​ពួក​គេ​មិន​ចង់​ធ្វើទេ​ ហើយ​ជា​ការណ៍​ពិត​ការ​ធ្វើឱ្យ​មាន​សន្តិភាព​ និង​ការ​ផ្សះផ្សា​គឺ​មិន​អាច​ធ្វើ​តាម​រយៈ​ការ​បង្ខំ​នោះ​ទេ»។​

លោក ​Panitan ​បាន​និយាយ​បន្ថែម​ថា​ ការ​ជឿនលឿន​អាច​កើត​មាន​បាន​ ឬ​មិន​បាន​នឹង​អាស្រ័យ​លើ​រដ្ឋាភិបាល​ជាប់ឆ្នោត​ក្នុង​ពេល​អនាគត។

រដ្ឋ​ធម្មនុញ្ញគាំទ្រ​ដោយ​ពួក​យោធា​ ហើយ​ដែល​បាន​ត្រូវ​អនុម័ត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​មួយ​កាលពី​ខែ​សីហា​នោះ​ បាន​ផ្តល់​អំណាច​បន្ថែម​ឱ្យ​ពួក​យោធា​នៅ​ក្នុងរដ្ឋាភិបាល​ជាប់ឆ្នោត​ក្នុង​ពេល​អនាគត​ ជាពិសេស​តាម​រយៈ​ព្រឹទ្ធ​សភា​មាន​សមាជិក​២៥០​នាក់​ដែល​បាន​ត្រូវ​តែងតាំង។

ពួក​អ្នក​ធ្វើ​វិភាគ​និយាយ​ថា​ ព្រះ​រាជា​ថ្មី​នៃ​ប្រទេស​ថៃ​គឺ​ ព្រះ​អង្គ Maha Vajiralongkorn ប្រហែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ដំណើរការ​នេះ​ ក្រោយ​ការ​សោយ​រាជ​សម្បត្តិ​៧០​ឆ្នាំ​របស់​ព្រះ​វររាជ​បិតា​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត​កាល​ពី​ខែ​តុលាឆ្នាំ​ទៅ។​

នៅ​ក្នុង​បទ​អត្ថាធិប្បាយ​មួយ​ក្នុង​កាសែត​ Straits Times ​ដែលមាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី​ ​លោក ​Thitinan ​Pongsudhirak ​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​

នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ​ Chulalongkorn ​បាន​និយាយ​ថា ការ​សោយរាជ្យ​របស់​ព្រះ​រាជា​ថ្មី​ «ទំនង​ជា​នឹង​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ការ​ពិចារណា ​និង​ក្នុង​ថាមភាព​ខាង​នយោបាយ​នៃ​ប្រទេសថៃ»។​

លោក ​Thitinan ​បាន​និយាយ​ថា៖​

«រជ្ជកាល​នេះ​ប្រហែល​នាំ​ឱ្យមាន​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយ​ប្រកប​ដោយ​យុត្តិធម៌​ និង​ភាព​ត្រឹមត្រូវ​ច្រើន​ជាង​មុន​ក្នុង​ពេល​ឆាប់ៗ»។​

កាលពីពេល​ដែល​ព្រះ​អង្គ​នៅ​ជា​ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​នោះ​ ព្រះ​រាជា​ Vajiralongkorn ​មាន​ចំណង​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី Thaksin ​Shinawatra ​ដែល​បាន​រស់​នៅ​និរទេស​ខ្លួន​ឯ​ប្រទេស​ក្រៅ ​ក្រោយពីគាត់​បាន​រត់​គេចខ្លួន​ចេញ​ពី​ប្រទេស​កាល​ពី​ឆ្នាំ២០០៨​ ក្រោយ​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្តអំពើ​ពុក​រលួយ។​

អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ​ លោក Thaksin Shinawatra ថ្លែង​ទៅ​កាន់​សារព័ត៌មាន Reuters ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។
អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ​ លោក Thaksin Shinawatra ថ្លែង​ទៅ​កាន់​សារព័ត៌មាន Reuters ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។

គណបក្ស​នយោបាយ​របស់​លោក​ Thaksin ​ដោយ​មាន​រួម​បញ្ចូល​ទាំង​គណបក្ស​ Pheu Thai ផង​ដែរ​ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ទូទៅ​មួយ​ចំនួន​ ចាប់តាំង​ពី​ឆ្នាំ​២០០៦​មក​ ​ទោះណា​ជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែងដោយ​ក្រុម​យោធា​ក្នុង​ការ​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​លម្អៀង​ទៅ​ខាង​ពួក​អ្នក​កាន់​អំណាច​ក៏​ដោយ។​

នៅ​ប្រទេស​ថៃ​មាន​ការប្រើ​ពណ៌​ជា​សញ្ញា​កូដ​សម្រាប់​សម្គាល់​ក្រុម​នីមួយៗ​ នៅ​ក្នុង​វិស័យ​នយោបាយ។ ​ពួក​អ្នក​គាំទ្រ​ពាក់​ «អាវ​ក្រហម»​ ឋិត​នៅក្រោម​រណសិរ្ស​បង្រួប​បង្រួម​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ហៅ​កាត់​ថា​ UDD​ ដែល​លម្អៀង​ទៅ​ខាង​លោក​ Thaksin។ ​ចំណែក​ឯ​ពួក​ពាក់ ​«អាវលឿង»​ វិញ​មាន​ចំណង​ទាក់ទង​ជាមួយ​គណៈ​កម្មាធិការ​កែ​ទម្រង់​ប្រជា​ធិបតេយ្យ​របស់​ប្រជារាស្ត្រ​ហៅ​កាត់​ថា​ PDRC ​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​ពួក​ជន​ឋានៈ​កណ្តាល​ក្នុង​ទី​ក្រុង។​

ក៏ប៉ុន្តែ​ លោក ​Akanat ​Promphan ​អ្នក​នាំ​ពាក្យ​នៃ​គណៈ​កម្មាធិការ ​PDRC​ បាន​និយាយ​ថា​ ដំណើរ​ការ​នេះ​ត្រូវ​តែ​បរិសុទ្ធ​គ្មាន​ការ​ក្លែង​បន្លំ​ ហើយ​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​វិធាន​នៃ​ច្បាប់​ និង​ឱកាស​សេដ្ឋកិច្ច ​ដើម្បី​ឱ្យមាន​ជោគ​ជ័យ​សម្រាប់​អនាគត​វែង​ឆ្ងាយ។​

លោក ​Akanat ​និយាយ​ថា៖​

«ប្រសិន​បើ​លោក​អ្នក​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​នីតិ​រដ្ឋ​ និង​ឱកាស​ខាង​សេដ្ឋកិច្ច​ នៅ​ទី​បញ្ចប់​អ្នក​នឹង​ធ្វើ​ឱ្យ​សង្គម​យើង​មាន​ឯកភាព​ មិនមែន​គ្រាន់តែ​ជា​ដំណើរការ​នៃ​ការ​ផ្សះផ្សា​គ្នា​សើរៗ ​ដែលនៅ​ទីនោះ​ក្រុម​ផ្សេងៗ​គ្នា​នឹង​មក​អង្គុយ​នៅ​តុ​ជាមួយ​គ្នា​សម្រាប់​តែ​ថត​រូប​នោះ​ឡើយ។​

លោក​ Kraisak Choonhavan ​ដែល​ជា​សមាជិក​ម្នាក់​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​ បាន​និយាយ​ថា ​ពួក​សមាជិក​នៃ​គណបក្ស​ធំៗ​បាន​ធ្វើ​ការ​ចរចា​មិន​ផ្លូវការ​មួយ​រយៈ​ពេល​មក​ហើយ។​ លោក ​Kraisak ​បាន​និយាយ​ប្រាប់​ VOA ថា៖​

«យើង​បាន​សន្និដ្ឋាន​ថា ​ការ​ផ្សះផ្សា​ជាតិ​ជាតម្រូវ​ការ​ឱ្យមាន​ជា​ដំបូង​ដើម្បី​បោះ​ជំហាន​ឆ្ពោះទៅ​កាន់​ភាព​ធម្មតា​នៅ​ក្នុង​វិស័យ​នយោបាយ​ក្នុង​ប្រទេស​ថៃ​គឺ​ការ​វិល​ត្រឡប់​ទៅ​កាន់​ការ​បោះឆ្នោត​ និង​ការ​គ្រប់គ្រង​បែប​សភា​វិញ»។​

ក៏​ប៉ុន្តែ​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញថ្មី​ធ្វើ​ឱ្យ​មាន​ «ការ​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ភាព​ធម្មតា​ប្រក្រតី​វិញ»។​

សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ ដែល​ពួក​យោធា​គាំទ្រ​ ហើយ​ដែល​នៅ​ពេល​នេះ​រង់ចាំ​វិសោធន​កម្ម​របស់​ព្រះរាជា​នោះ​ អំពាវ​នាវ​ឱ្យ​ព្រឹទ្ធ​សភាមាន​សមាជិក​២៥០​នាក់​តាម​រយៈ​ការ​តែងតាំង​ និង​សភា​តំណាង​រាស្ត្រ​មាន​សមាជិក​៥០០​នាក់​ដែល​ជ្រើសរើស​តាម​ការ​បោះ​ឆ្នោត។​ សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​នេះ​អនុញ្ញាត​ឱ្យ​ព្រឹទ្ធ​សភា​បោះ​ឆ្នោតជ្រើសរើស​នាយករដ្ឋមន្ត្រី​ម្នាក់​ ហើយ​វា​បើកផ្លូវ​ឱ្យ​មាន​មេ​ដឹកនាំ​ម្នាក់​របស់​រដ្ឋាភិបាល​ដែល​មិន​បាន​ជាប់​ឆ្នោត។​

លោក ​Kraisak ​បាន​និយាយ​ថា ​រដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្ន​គួបផ្សំ​នឹង​ព្រឹទ្ធសភាមាន​សមាជិក​២៥០​នាក់​មិន​បាន​ជ្រើសរើស​តាម​រយៈ​ការ​បោះឆ្នោតនោះ​ ធ្វើ​ឱ្យ​អន្តរាយ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ផ្សះផ្សា​រវាង​ភាគី​ទាំង​ពីរ ​នៅ​ពេល​បច្ចុប្បន្ន​នេះ។​

លោក​ Kraisak​ បាន​និយាយ​ថា៖​

«ដូច្នេះ​ទោះណា​ជា​យើង​មាន​ការ​ផ្សះផ្សា​ជាតិ​ក៏​ដោយ​ ក៏ខាង​នយោបាយរដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្ន​នេះ​រុញ​ច្រាន​យើង​ឱ្យ​ធ្លាក់​ក្នុង​ជម្លោះ​ជា​ច្រើន​ក្នុង​ពេល​អនាគត»។​

លោក ​Kraisak ​បាន​ថ្លែង​ថា៖

«តើ​ជា​គំនិត​ផ្សះ​ផ្សា​គ្នា​មែន​ឬ​ទេ?​ វាយឺតណាស់​ទៅ​ហើយ​ លោក​អ្នក​ដឹងទេ​ ពីព្រោះ​ពួក​យោធា​ ក្រុម​ប្រឹក្សា​យោធា​ អះ​អាង​ថា ​ពួក​គេ​មាន​ការ​មូលមតិ​ជាតិ​តាម​រយៈ​ការ​បោះឆ្នោត​ប្រជា​មតិ​គ្មាន​តម្លាភាព​ដែល​ពួក​គេ​បាន​ធ្វើ»។​

លោក​ Somarn ​Lertwongrath ​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៃ​គណបក្ស​ Pheu Thai បាន​សម្តែង​ការ​សង្ស័យ​អំពី​គោល​នយោបាយ​ផ្សះផ្សា​របស់​ក្រុម​យោធា ​ទោះណា​ជា​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​បាន​យល់​ព្រម​ផ្សះផ្សា​គ្នា​ក៏​ដោយ។

លោក ​Somarn ​បាន​និយាយ​ថា៖​

«ប្រសិន​បើ​របប​គ្រប់គ្រង​យោធា​ប្រាកដ​ជា​ចង់​ផ្សះផ្សា​មែន​នោះ ​ការណ៍​នេះ​អាច​ធ្វើ​បាន។​ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​យល់​ថា​ ពួក​គេ​ប្រុង​ប្រៀប​ធ្វើ​ការ​ផ្សះផ្សា​នោះទេ។ ​ពួក​គេ​មិន​បាន​ត្រៀម​ខ្លួន​ឡើយ»។​

លោក ​Somarn​ និយាយ​បន្ថែម​ថា៖​

«ពួក​យោធា​ខិតខំ​ព្យាយាម​រក្សា​អ្វីៗ​ទាំង​អស់ឱ្យ​ឋិត​នៅ​ក្រោម​អំណាច​ពួក​គេ។​ពួក​យោធា​នឹង​មិន​ផ្សះ​ផ្សា​ជាមួយ​គណបក្ស​នយោបាយ​ទេ ​ហើយ​នេះ​ជា​បញ្ហា។​ខ្ញុំ​សង្ឃឹម​ថា​ ពួក​យោធា​យល់​អំពី​ការណ៍ពិត​ជាក់​ស្តែង​ដែល​ថា​ ពួក​គេ​ចាញ់ ​ពួក​គេ​មិន​ឈ្នះ​ទេ»។​

មាន​ការ​អំពាវ​នាវ​ឱ្យ​មាន​ការ​ផ្សះផ្សា​គ្នា​នៅ​ប្រវត្តិ​នយោបាយ​ច្របូក​ច្របល់​នៃ​ប្រទេស​ថៃ​ទាំង​មូល។​ ក៏​ប៉ុន្តែ​មាន​តែ​អនុសាសន៍​មួយ​ចំនួន​តូច​ទេដែល​អាជ្ញាធរ​ទទួល​យក។​

លោក ​Titipol Phakdeewanich​ ជា​អ្នក​វិទ្យា​សាស្ត្រ​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ​ Ubon​ Ratchathani។​ លោក​និយាយ​ថា​ ទោះ​ណា​ជា​មាន​ការ​អំពាវ​នាវ​ឱ្យ​មាន​ការ​ផ្សះផ្សា​ក៏​ដោយ ​ ក៏​ប្រជា​រាស្ត្រ​ភាគច្រើន​ក្នុង​ភាគឦសាន​ប្រទេស​ថៃ​គឺ​ជា​អ្នក​គាំទ្រ​គណបក្ស ​Pheu Thai។ ​លោក​និយាយ​ថា​ ពួក​អ្នក​ទ្រទ្រង់​គណបក្ស​នេះ​ «នៅ​តែ​មិន​ទុកចិត្ត​ពួក​យោធា​ទេ»​ នៅ​ពេល​មាន​ការ​ត្រួតត្រា​តឹង​រ៉ឹង​លើ​ការ​ជជែក​ដេញដោល​គ្នា​ខាង​នយោបាយ។​

លោក ​Titipol ​និយាយ​ថា៖​

«នៅ​ពេល​យើង​ពិនិត្យ​មើល​ការ​ផ្សះ​ផ្សា​គ្នា​ វិធី​ល្អ​បំផុត​ដើម្បី​ផ្សះ​ផ្សា​ប្រទេស​គឺ​វិល​ត្រឡប់​ទៅ​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​វិញ​ ហើយ​ប្រគល់​អំណាច​ជូន​ប្រជារាស្ត្រ​វិញ​ និង​កំណត់​វិធាន​នៃ​ច្បាប់​ ព្រមទាំង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​ជា​មធ្យោបាយ​ល្អ​បំផុត​សម្រាប់​ជួយ​ឱ្យ​មាន​ការ​ផ្សះផ្សា​គ្នា»៕​

ប្រែ​សម្រួល​ដោយ​លោក ​ឈឹម​ សុមេធ​

XS
SM
MD
LG