ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ​ថៃ​ដឹកនាំ​មនុស្ស​រាប់​ពាន់​នាក់​ប្រារព្ធ​ថ្ងៃ​កំណើត​របស់​ព្រះរាជ​បិតា​ដែល​បាន​សោយទីវង្គត


ព្រះមហាក្សត្រ​ថៃ​ព្រះអង្គ Maha Vajiralongkorn ស្វាគមន៍​ក្រុម​អ្នក​គាំទ្រ ខណៈ​ដែល​ព្រះអង្គ​យាង​ទៅ​ចូលរួម​ពិធី​ដុត​ភ្លើងទៀន​ដើម្បី​ប្រារព្ធ​ថ្ងៃ​កំណើត​របស់​ព្រះរាជបិតារបស់​ព្រះអង្គ​ដែល​បាន​សោយទីវង្គត​ហើយ​នោះ​នៅ​ទីលាន Sanam Luang ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។
ព្រះមហាក្សត្រ​ថៃ​ព្រះអង្គ Maha Vajiralongkorn ស្វាគមន៍​ក្រុម​អ្នក​គាំទ្រ ខណៈ​ដែល​ព្រះអង្គ​យាង​ទៅ​ចូលរួម​ពិធី​ដុត​ភ្លើងទៀន​ដើម្បី​ប្រារព្ធ​ថ្ងៃ​កំណើត​របស់​ព្រះរាជបិតារបស់​ព្រះអង្គ​ដែល​បាន​សោយទីវង្គត​ហើយ​នោះ​នៅ​ទីលាន Sanam Luang ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។

អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ដែល​ពាក់​អាវ​ពណ៌​លឿង​បាន​ស្វាគមន៍​ព្រះមហាក្សត្រ​ថៃ ខណៈ​ដែល​ព្រះអង្គ​រៀបចំ​ព្រះ​រាជ​ពិធី​រំឭក​ថ្ងៃ​កំណើត​របស់​ព្រះរាជ​បិតា​របស់​ព្រះអង្គ​ដែល​បាន​សោយទីវង្គត​ទៅ​ហើយ​នោះ។ នេះ​គឺ​ជា​ការ​បង្ហាញ​ព្រះកាយ​ជា​សាធារណៈ​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​សាធារណៈ​ជា​បន្ដបន្ទាប់​របស់​ព្រះអង្គ ក្នុង​អំឡុងពេល​ដែល​មាន​ការ​តវ៉ា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ពី​សំណាក់​ក្រុម​បាតុករ​ដែល​ដឹកនាំ​ដោយ​និស្សិត​ចំពោះ​របប​រាជា​និយម។

ព្រះមហាក្សត្រ Maha Vajiralongkorn ដែល​អម​ព្រះរាជដំណើរ​ដោយ​ព្រះ​មហេសី​របស់​ព្រះអង្គ​គឺ​ព្រះមហាក្សត្រីយានី Suthida បាន​គ្រវី​ព្រះហស្ត នៅ​ពេល​ដែល​ព្រះអង្គ​យាង​មក​ដល់​កន្លែង​ប្រារព្ធ​ពិធី​នៅ​ទីលាន Sanam Luang ក្នុង​ទីក្រុង​បាងកក។

ក្រុម​អ្នក​គាំទ្រ​ព្រះ​មហាក្សត្រ​បាន​លើក​ទង់ជាតិ និង​ទង់​ព្រះមហាក្សត្រ​ដែល​មាន​ពណ៌​លឿង ដើម្បី​ស្វាគមន៍​ព្រះអង្គ​និង​ព្រះ​មហាក្សត្រីយានី ដោយ​អ្នកខ្លះ​បាន​ស្រែក​បន្ទរ​ថា «ជយោ​ព្រះមហាក្សត្រ»។

ក្រុម​អ្នក​គាំទ្រ​ទាំង​នោះ​ពាក់​អាវ​ពណ៌​លឿង ដែល​ជា​ពណ៌​តំណាង​ឲ្យ​ស្ថាប័ន​ព្រះមហាក្សត្រ។ ព្រះមហាក្សត្រ​បាន​យាង​ធ្វើ​ជា​ព្រះរាជ​អធិបតី​នៅ​ក្នុង​ពិធី​ដុត​ភ្លើង​ទៀន ដើម្បី​រំឭក​ដល់​ព្រះរាជ​វិញ្ញាណក្ខន្ធ​របស់​ព្រះរាជបិតា​របស់​ព្រះអង្គ។

ទោះបីជា​ព្រះមហាក្សត្រ Bhumibhol Adulyadej បាន​សោយទីវង្គត​កាល​ពី ៤ ឆ្នាំ​មុន​ក៏​ដោយ ក៏​ថ្ងៃ​កំណើត​របស់​ព្រះអង្គ​នៅតែ​ត្រូវ​បាន​គេ​កំណត់​នៅ​លើ​ប្រតិទិន​ជាតិ​ថា​ជា​ទិវា​ឪពុក​ដដែល។

ព្រះមហាក្សត្រ Adulyadej បាន​គ្រង​រាជ្យ​អស់​រយៈពេល ៧០ ឆ្នាំ ដោយ​ទទួល​បាន​កិត្តិនាម​ចំពោះ​ស្នា​ព្រះហស្ត​ការងារ​ដែល​មិន​គិត​ពី​ព្រះកាយ​របស់​ព្រះអង្គ​សម្រាប់​ផល​ប្រយោជន៍​ប្រទេស​ជាតិ ដែល​នេះ​ជា​រូបភាព​ដែល​កាសែត​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ផ្សព្វផ្សាយ​ឥត​ឈប់ឈរ​អំពី​ព្រះអង្គ។

ព្រះអង្គ​ត្រូវ​បាន​គេ​គោរព​ជា​ទូទៅ ដែល​នេះ​ជា​ឋានៈ​មួយ​ដែល​ត្រូវ​បាន​ជំរុញ​អនុវត្ត​ដោយ​ច្បាប់​ហាម​ឃាត់​ការ​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​ជា​ច្បាប់​ដ៏​តឹងរ៉ឹង​ប្រឆាំង​នឹង​អ្នក​រិះគន់​ព្រះមហាក្សត្រ។ អ្នក​ដែល​ប្រឆាំង​នឹង​ច្បាប់​នេះ​អាច​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ សម្រាប់​ការ​បញ្ចេញ​មតិ ឬ​សកម្មភាព​ណា​មួយ ដែល​ត្រូវបាន​ចាត់ទុក​ថា​ប្រមាថ​ដល់​ព្រះ​មហាក្សត្រ​និង​រាជវង្សានុវង្ស៕

XS
SM
MD
LG