មេដឹកនាំរដ្ឋាភិបាលយោធាថៃបាននិយាយនៅថ្ងៃអង្គារនេះថា លោកនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ ទៅតាមរដ្ឋធម្មនុញ្ញដែលទើបតែត្រូវបានប្រជាពលរដ្ឋថៃបោះឆ្នោតគាំទ្រកាលពីថ្ងៃអាទិត្យ ដែលរដ្ឋធម្មនុញ្ញនេះធានាឲ្យពួកយោធាមានឥទ្ធិពលគ្រប់គ្រងលើរដ្ឋាភិបាលអាណត្តិក្រោយ។
លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha ដែលជាមេបញ្ជាការយោធាឡើងកាន់អំណាចក្រោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ កន្លងទៅនេះ បានលើកឡើងកាលពីលើកមុនថា លោកនឹងរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ ២០១៧ ប៉ុន្តែមិនបានបញ្ជាក់ឲ្យបានច្បាស់អំពីខែណានៅក្នុងឆ្នាំ ២០១៧ នេះនោះទេ។ លោកគ្រាន់តែបញ្ជាក់ថា លោកមានគម្រោងរៀបចំប្រទេសឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ដែលអំណាចគ្រប់គ្រងនឹងត្រូវបង្វែរទៅឲ្យរដ្ឋាភិបាលស៊ីវិលវិញ។
ដោយនិយាយទៅកាន់អ្នកសារព័ត៌មាននាថ្ងៃអង្គារនេះ លោក Prayuth Chan-ocha ច្រានចោលនូវសំណើរបស់អ្នកសារព័ត៌មានមួយរួបដែលចង់ឲ្យការបោះឆ្នោតធ្វើឡើងនៅក្នុងឆ្នាំ ២០១៨ វិញ។
លោកលើកឡើងយ៉ាងដូច្នេះថា៖ «យើងចាប់រាប់ថ្ងៃនេះថាជាថ្ងៃទីមួយនៃកាលវិភាគគម្រោងឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ ប្រសិនបើយើងធ្វើតាមគម្រោងនេះ នោះយើងនឹងត្រូវរៀបចំការបោះឆ្នោតនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ ដែលនៅពេលនោះដំណើរការនៃគម្រោងទាំងមូលនឹងត្រូវបានបញ្ចប់ពេញលេញ»។
ការលើកឡើងរបស់លោក Prayuth ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រជាពលរដ្ឋភាគច្រើនសម្រេចយល់ព្រម នៅក្នុងការបោះឆ្នោតប្រជាមតិកាលពីថ្ងៃអាទិត្យម្សិលម្ង៉ៃ។
អ្នកសារព័ត៌មានបានសួរលោក Prayuth ពាក់ព័ន្ធនឹងករណីដែលសហគមន៍អន្តរជាតិរិះគន់រឿងដែលលោកបានហាមឃាត់មិនឲ្យមានការពិភាក្សាវែកញែកសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មី និងបានចាប់ខ្លួនអ្នកប្រឆាំងនឹងសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញនេះនៅមុនការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញនេះដែលប្រព្រឹត្តិទៅកាលពីពីរថ្ងៃមុន។
លោក Prayuth ឆ្លើយថា៖ «វាជារឿងរបស់អង្គការអស់ទាំងនោះ។ ពួកគេអាចនិយាយអ្វីក៏បាន។ ពួកយើងមិនខ្វល់ឡើយ ពីព្រោះការធ្វើប្រជាមតិកន្លងមកបានបង្ហាញថា ពួកយើងបានធ្វើតាមបទដ្ឋានអន្តរជាតិ»៕