ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កម្ពុជា​ថៃ​បញ្ចប់​កិច្ច​ប្រជុំ​រឿង​ព្រំដែន​ដោយ​មាន​ការ​រីក​ចម្រើន​តិច​តួច


ប្រាសាទព្រះវិហារ​​ដែលបាន​ចុះបញ្ជី​នៅក្នុង​បេតិកភណ្ឌ​របស់​ពិភព​លោក។
ប្រាសាទព្រះវិហារ​​ដែលបាន​ចុះបញ្ជី​នៅក្នុង​បេតិកភណ្ឌ​របស់​ពិភព​លោក។

ក្រុម​ការងារ​ចម្រុះ​កម្ពុជា-ថៃ ​បាន​បញ្ចប់​ការប្រជុំ​ ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​ព្រំដែន​នៅ​តំបន់​ប្រសាទ​ព្រះវិហារ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដោយ​មាន​ការ​ជឿនលឿន​ទៅ​មុខ​តិចតួច។

លោក​ឧត្តមសេនីយ៍ ​នាង ផាត ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​នឹង​ជា​ប្រធាន​ក្រុម​ការងារ​ចម្រុះ​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ ដោយ​អាន​សេចក្តីប្រកាស​ព័ត៌មាន​រួម​ថា​ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ធ្វើ​ការ​ដោះមីន​នៅ​តំបន់​ជម្លោះ​ជា​មុន​បន្ទាប់​មក​នឹង​ធ្វើ​ការ​ដក​កងទ័ព​ជា​ក្រោយ។

«ភាគី​ទាំង​ពីរ​ព្រមព្រៀង​ឲ្យ​មជ្ឈមណ្ឌល​កម្ចាត់មីនCMAC នឹង​មជ្ឈមណ្ឌល​កំចាត់​មីនTMAC ដើម្បី​ពិភាក្សា​គ្នា​នៅ​សប្តាហ៍​ទី​៣ ​ខែ​កក្កដា​ ឆ្នាំ​២០១២​ ខាង​មុខ​នេះ​ នៅ​ទីក្រុង​បាងកក ​អំពី​វិធានការ​ និង​ផែនការ​ដោះ​មីន​រួម ​ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​ក្រុម​សង្កេតការណ៍រួម ​និង​សម្រួល​ដល់​កម្មវិធី​កែ​សម្រួល​កងទ័ព​នា​ពេល​ខាង​មុខ»។

លោកឧត្តម​សេនីយ៍ ​នាង ផាត​ បញ្ជាក់​ថា​ការដកកង​ទ័ព​ពី​តំបន់​ជម្លោះ​នឹង​ធ្វើ​ឡើង​រយៈពេល​៣០​ថ្ងៃ ​បន្ទាប់​ពី​មាន​ការ​ដោះ​មីន​រួចរាល់។ ហើយ​នឹង​ត្រូវ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រុម​អ្នក​សង្កេតការណ៍​រួម។

លោកឧត្តម​សេនីយ៍​ វីរៈ ពង្សសង្ឃកានេត្រា ​ប្រធាន​ក្រុម​កាងារ​ចម្រុះ​ភាគី​ថៃ ​និង​ជា​នាយសេនាធិការ​ចម្រុះ​កងទ័ព​ថៃ​បាន​ថ្លែង​យល់ស្រប​ទៅ​លើ​សេចក្តីប្រកាស​រួម​នោះ។

កម្ពុជា​ និង​ថៃ ​បាន​ឈ្លោះ​ទាស់ទែង​គ្នា​ដណ្តើម​កាន់កាប់​ដី​នៅ​តំបន់​ក្បែរប្រសាទ​ព្រះវិហារ​ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​២០០៨​ ម្ល៉េះ​។ ​ជម្លោះ​នេះ​បន្ទាប់​ពី​ថៃ​ បាន​ដាក់​ពង្រាយ​កងព័ទ​របស់​ខ្លួន​នៅ​តំបន់​នេះ ​ក្រោយ​ពី​ប្រសាទ​ព្រះវិហារ​ចំណាស់​ ៩០០​ឆ្នាំ​របស់​ខ្មែរ​ត្រូវ​ទទួល​ស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ​ដែល​ថៃ​ប្រឆាំង​ជំទាស់​មិន​បាន​សម្រេច។

កាល​ពីថ្ងៃ​ទី​១៨ ​ខែ​កក្កដា ​ឆ្នាំ​២០១១​ តុលាការ​យុត្តិធម៌ក្រុងឡាអេ​ បាន​បញ្ជា​ឲ្យ​ភាគី​ជម្លោះ​ដកកងទ័ព​ចេញ​ពី​តំបន់​ប្រទាញ​ប្រទង់​ជា​បន្ទាន់​ដើម្បី​រក្សា​សុវត្ថិភាព​ទៅ​ដល់​ប្រាសាទ​ព្រះវិហារ​ និង​បង្គ្រាប់​ឲ្យ​ដាក់​កង​ទ័ព​សង្គេតការណ៍​មក​ពី​សមាជិក​អាស៊ាន​។ ​ក៏ប៉ុន្តែ​ចាប់​ពី​ពេល​នោះ​ ការ​ចរចា​ឆ្ពោះ​ទៅ​រក​ការ​អនុវត្ត​សាលដីកា​នោះ​ មិន​ទទួល​បាន​ផល​វិជ្ជមាន​ជា​ដុំ​កំផួន​នោះ​ទេ។

ក្រុម​ការងារ​ចម្រុះ​ផ្នែក​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​បញ្ចប់​កិច្ចប្រជុំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ​ទី​២៧ ​ខែ​មិថុនា ​ឆ្នាំ​២០១២​នេះ​។ ​ក៏ប៉ុន្តែ​កិច្ចប្រជុំ​បាន​អូសបន្លាយ​រហូត​ទៅ​ដល់​ម៉ោង​១២​ និង​១៥​នាទី​រំលងអាធ្រាត​ចូល​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ហើយ​កិច្ចប្រជុំ​បាន​បញ្ចប់​នៅ​រសៀល​ម៉ោង​៣​ថ្ងៃ​នេះ​វិញ។

ក្រុម​មន្ត្រី​កម្ពុជា​បាន​បង្ហើប​ថា​មាន​ភាព​តានតឹង​ជា​ច្រើន​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ ក៏ប៉ុន្តែ​បាន​បដិសេធ​បង្ហាញ​ពី​ចំណុច​ខ្វែង​គំនិត​គ្នា ​ដែល​បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​នោះ។

លោក​ឧត្តមសេនីយ៍ ​វីរៈពង្ស ​សង្ឃ​កានេត្រា ​បាន​ថ្លែង​សម្រួល​ការកត់សម្គាល់​នេះ​តាមរយៈ​អ្នក​បកប្រែ។

«ការដែល​ប្រើ​ពេល​វេលាយូរ​នេះ​ យើង​ស្ថិត​នៅ​ក្នុង​ឋានៈ​ជា​បងប្អូន​នឹង​គ្នា​ ហើយ​ជា​ប្រទេស​ជិត​ខាង​គ្នា​។ ​ដូច្នេះ​ពេល​ជួប​គ្នា​នេះ ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​នៅ​តែ​ប្រើ​ពេល​វេលា​យូរ»។

យោងតាម​សេចក្តីថ្លែងការណ៍​រួម​របស់​កិច្ចប្រជុំ​ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ថា មាន​ភាព​ចម្រើន​ជឿនលឿន​ទៅ​មុខ​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើក​នេះ ​ហើយ​ភាគី​ទាំង​ពីរ​កម្ពុជា​ និង​ថៃ​ បាន​សន្យា​ឡើងវិញ​នៅ​ក្នុង​ការ​ធានា​សន្តិសុខ ​និង​សុវត្ថិភាព​នៅ​តំបន់​ដែល​មាន​ជម្លោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG