ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ទទួច​ឱ្យ​កម្ពុជា​និង​ថៃ​ស្វែងរក​ដំណោះ​ស្រាយ​សមរម្យ​សម្រាប់​ពលករ​ចំណាកស្រុក


កម្មករ​ខ្មែរ​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​មាន​ធ្វើ​កិច្ចការ ជា​អ្នកនេសាទ កម្មករ សំណង់ ថែ​សួន ច្រូតស្រូវ​កម្មករ​រោងចក្រ​និង​ដាំ​ចំការ ជាដើម ដែលជា​មធ្យម រកចំណូលបាន២០០ដុល្លា​ក្នុង​មួយខែ។
កម្មករ​ខ្មែរ​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​មាន​ធ្វើ​កិច្ចការ ជា​អ្នកនេសាទ កម្មករ សំណង់ ថែ​សួន ច្រូតស្រូវ​កម្មករ​រោងចក្រ​និង​ដាំ​ចំការ ជាដើម ដែលជា​មធ្យម រកចំណូលបាន២០០ដុល្លា​ក្នុង​មួយខែ។
វ៉ាស៊ីនតោន៖ ប្រទេស​ថៃ​ព្រមាន​ថា​នឹង​បញ្ជូន​ពលករ​ខុសច្បាប់​មកពី​ប្រទេស​ផ្សេងៗ​ជាង១​លាន​៥​សែន​នាក់​ចេញពី​ប្រទេស​ខ្លួន ដែល​ក្នុងនោះ​មាន​ពលករ​ខ្មែរ​ជាង​១៦​ម៉ឺន​នាក់។ ក៏​ប៉ុន្តែ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​បាន​ទទូចថា​ពលករ​ទាំងនោះ​សម​នឹង​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​កម្ពុជា​និង​ការ​សម្របសម្រួល​ពីរ​ដ្ឋាភិបាល​ថៃ​ក្នុង​ការ​រក​ដំណោះស្រាយ​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ធ្វើ​កិច្ចការ​បន្ត។

ក្រុម​សង្គម​ស៊ីវិល​ចង់ឃើញ​រដ្ឋាភិបាល​កម្ពុ​ជា​ធ្វើលិខិត​ឆ្លងដែន​ដោយ​ឥតគិតថ្លៃ​ អន្តរាគមន៍​ដល់​ប្រទេស​ថៃ​ឲ្យ​អនុញ្ញាតិ​ឲ្យ​ពួកគេ​បន្ត​កិច្ចការ ការបំពេញ​បែបបទ​ក្នុងពេល​ស្នាក់នៅ​ធ្វើការ​ក្នុងប្រទេស​ថៃ​ត្រូវតែ​គ្មាន​អំពើពុករលួយ និង​ទារក​ម្រៃផ្សេងៗ ជួយ​អន្តរាគមន៍​ដល់​ថៅកែ​ឬ​និយោជក​ឲ្យ​ផ្តល់​សេរីភាព​ដល់ក​ម្មករ និង​ពលករ​ខ្មែរ ហើយ​និង​គ្មាន​ការជិះជាន់​ជាដើម។

លោក មាស សា​ណែ​ត មន្ត្រី​កម្មវិធី​នៃ​អង្គការ​ខា​រ៉ា​ម​ដែល​ធ្វើ​កិច្ច​ការទាក់ទង​នឹង​កម្មករ​ពលករ​ចំណាកស្រុក​បាន​អះអាងថា ការបញ្ជូន​ពលករ​ខ្មែរ១៦ម៉ឺន​នាក់មក​កម្ពុជា​វិញ វា​នឹងធ្វើ​ឲ្យ​ខ្វះ​កម្លាំង​ពលកម្ម ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថៃ​និង និង​ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ​និង​ពលករ​កម្ពុជា​ផងដែរ។
«អញ្ចឹង​យើង​គិតថា​នឹងមាន​នីតិវិធី​ថ្មី​ធ្វើ​ម៉េច​ឲ្យ​ពួកគាត់​អាច​ពន្យា​ឬក៏​ធ្វើ​នីតិវិធី យ៉ាងណា​ដើម្បី​ឲ្យ​គាត់​អាច​បន្តការងារ​នៅ​ប្រទេស​ទទួល​ហ្នឹង​បាន»។

លោក​ថ្លែងថា​ថៅកែ​ឬ​និយោជក​មាន​តួនាទី​សំខាន់​ក្នុងការ​ចុះបញ្ជីរ​ឬ​ការធ្វើ​ឯកសារ​ស្របច្បាប់ផ្សេងៗបើ​ពុំ​ដូច្នោះ​ទេ​នឹងមិន​អាច​កើត​បានទេ។
«ជា​ទស្សនៈ​ផ្ទាល់ខ្លួន​ខ្ញុំ​គិតថា រាល់​នីតិវិធី​ទាំងអស់ បានន័យថា​រាល់​ពលករ ទាំងអស់ មុននឹង​ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ហ្នឹង​គឺ​ខ្ញុំ​គិតថា​គាត់​គួរ​ទៅ តាមរយៈ​ក្រុមហ៊ុន​ដែល​ស្របច្បាប់ មានការ​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល។ អញ្ចឹង​នៅពេលដែល​គាត់​ទៅដល់​ប្រទេស​ទទួល​ហ្នឹង គាត់​មាន​សិទ្ធ បាន​ន័យ ថា​សិទ្ធិ​របស់គាត់​ហ្នឹង​ត្រូវបាន​ការពារ និង​គោរព​ដោយ​ប្រទេស​ទទួល បាន​ន័យ ថា​បើសិនជា​គាត់​ទៅតាម​ក្រុមហ៊ុន​ស្របច្បាប់ គាត់​អាចមាន​សិទ្ធិ​ទៅរក​សេវា សុខភាព​ពេល​គាត់​ឈឺ»។

លោក មឿ​ន តុលា ប្រធាន​កម្មវិធី​សិទិ្ធ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ចង់ឃើញ​អាជ្ញាធរ​កម្ពុជា​ធ្វើលិខិត​ស្នាម លិខិតឆ្លងដែន​ឬ​ឯកសារ ដែល​ពលករ​ខ្មែរ​មិនគួរ​ត្រូវ​បង់លុយ តែ​គួរ​ត្រូវធ្វើ​ដោយ​តម្លាភាព​ដើម្បី​ឲ្យ​ពួកគាត់ អាច​នៅ​ធ្វើការ​ក្នុងប្រទេស​ថៃ​បាន ដោយ​គ្មាន​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ថៃ ហើយនឹង​គេចផុត​ពី​ការបញ្ជូន​ចេញពី​ទឹកដី​ថៃ។

«ព្រោះ​កម្មករ​គាត់​ធ្វើការ​ហ្នឹង​គឺ​មិន​ប្រាកដ​ថា​មាន​ប្រាក់​សន្សំ​បាន អត់​មាន​សន្សំ បាន​ប៉ុន្នាន​ទេ​ព្រោះ​គាត់​ប្រឹង​ធ្វើការ​បាន​បន្តិចបន្តួច​ហ្នឹង​គាត់​បញ្ជូន​លុយកាក់ មក​ផ្ទះ មក​ភូមិ មក​ស្រុក​អស់ហើយ»។

លោក តុលា​បាន​ទទួលស្គាល់ថា​ ដំណើរការ​ចុះបញ្ជី​កន្ល​ង​មក​មាន​ភាព​ស្មុគស្មាញ​សម្រាប់​កម្មករ​ដោយសារតែ​ឯកសារ​នានា​របស់​កម្ម​ករ​ត្រូវ​ថៅកែ​យកទៅ​រក្សាទុក​ដើម្បី​ជាការ​គំរាម និង​បង្ខំ​ឲ្យ​កម្មករ​ធ្វើ​ការងារ។ ហើយ​គួបផ្សំ​ដែល​ពួកកម្មករ​មិនចេះ​អក្សរ មិនចេះ​សរសេរ​ឈ្មោះ​ខ្លួនឯង​ផង នោះ​ងាយ​រង​នូវ​ការធ្វើ ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​ពី​ថៅកែ​ជាដើម។»

ពលករ​ខ្មែរ​ប្រមាណ២៥ម៉ឺន​នាក់​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ ប៉ុន្តែ​មាន​ចំនួន​ជាង១៦ម៉ឺន​នាក់​មិនមាន​ឯកសារ​ត្រឹមត្រូវ​តាមច្បាប់​ទេ។ ប្រទេស​ថៃ​កាលពី​ឆ្នាំមុន​បាន​ទាមទារ​ឲ្យ​កម្ពុជា​ធ្វើលិខិត​ឆ្លងដែន​ដល់​ពលករ​ខ្មែរ ដោយ​ថៃ​បញ្ជាក់​ថា​នឹង​ឈប់​ផ្តល់​លិខិត​សំគាល់​ខ្លួន​ហៅ​កាត់​ថា CI ដូច​មុន​ទៀតហើយ ដែល​មន្ត្រី កម្ពុជា​ស្នើថា​គួរ​ត្រូវធ្វើ​លិខិតឆ្លងដែន​ជូន​កម្មករ​និង​ពលករ។ នេះ​បើតាម​លិខិត ឆ្លើយឆ្លង​ការទូត​រវាង​កម្ពុជា​ថៃ ហើយ​និង​លិខិត​ឆ្លើង​ឆ្លង​រវាង​មន្ត្រី​កម្ពុជា​នៃ​ក្រសួងការបរទេស​និង​ក្រសួងមហាផ្ទៃ​កាលពី​ខែសីហា​ឆ្នាំទៅ។

នៅក្នុង​កិច្ច​ស​ន្ទា​នារ​វាង​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង លោក​ឧបនាយក រដ្ឋមន្ត្រី​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជា​សាធារណៈ​លើ​វេទិកា ​ពេល​លោក​កំពុង​ថ្លែងការណ៍​កាលពី​សប្តាហ៍​មុន​លោក ហ៊ុន សែន បានបញ្ជាក់​ស្រដៀង​គ្នា ថា​ប្រទេស​ថៃ​ចង់​ឲ្យ​ប័ណ្ណ​ឆ្លងដែន ឬ Border Pass ប្តូរ​ទៅ​លិខិត​សម្គាល់​ខ្លួន ស៊ី​អាយ ហើយ​អ្នក​ដែល​កាន់​លិខិត​ស៊ី​អាយ ត្រូវ​ប្តូរ​ទៅ លិខិតឆ្លងដែន​វិញ។

«នែ! អាហ្នឹង​កាន់តែ​មានការ​ងារ​ធ្វើ​ច្រើន​ទៀតហើយ​ដែល​ត្រូវធ្វើ។ អញ្ចឹងទេ អាហ្នឹង​គឺ​យើង​ពិភាក្សា​ជាមួយនឹង​ភាគី​ខាង​ថៃ​ទៅ»។

លោក ហ៊ុន សែន​មិនបាន​និយាយ​ពី​វិធានការណ៍​លម្អិត​ទេ តែ​លោក​បាន​បន្ថែម ថា ប្រទេស​ថៃ​កាលពី​ពីរ​សប្តាហ៍​កន្លងទៅ​ក៏បាន​សុំ​ឲ្យ​កម្ពុជា​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ពលករ​ខុសច្បាប់​ចូលទៅ​ថៃ​ថែមទៀត។

ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នឹង​ដឹកនាំ​គណប្រតិភូ​ដើម្បី​ជួប​ជាមួយនឹង​សម​ភាគី​របស់លោក​គឺ​លោក ស៊ូ​រ៉ា​ពុង តុ​វី​ចាក់​ឆៃ​គុល នៃ​ប្រទេស​ថៃ​នៅ​ថ្ងៃ២៥ និង ថ្ងៃ២៦ធ្នូ ដើម្បី​ចូលរួម​ប្រជុំ​គណៈ កម្មា​ការ​ចម្រុះ​ទ្វេភាគី​លើក​ទី៨សម្រាប់​កិច្ចសហប្រតិបត្តិការ​ណ៍​រវាង​ប្រទេស​ទាំងពីរ ក្នុង​ទីក្រុង​បាងកក។ បញ្ហា​កម្មករ​និង​ពលករ​ខ្មែរ​ចំណាកស្រុក​ត្រូវគេ​គិតថា​ស្ថិត​នៅក្នុង​ប្រធានបទ​មួយ​ក្នុងចំណោម​បញ្ហា​ទ្វេរ​ភាគី​នានា​នៃ​កិច្ចប្រជុំ​នេះ។ កម្មករ​ខ្មែរ​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​មាន​ធ្វើ​កិច្ចការ ជា​អ្នកនេសាទ កម្មករ សំណង់ ថែ​សួន ច្រូតស្រូវ​កម្មករ​រោងចក្រ​និង​ដាំ​ចំការ ជាដើម ដែលជា​មធ្យម រកចំណូលបាន២០០ដុល្លា​ក្នុង​មួយខែ។

លោក សំ ផល អាយុ ៣២ឆ្នាំ​រស់នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប​បាន​អះអាង ប្រាប់​វី​អូ​អេ​ថា​លោក​ធ្លាប់​ទៅធ្វើ​ការងារ​ជា​កម្មករសំណង់​នៅ​ជាយក្រុង​បាងកក ក្នុងប្រទេស​ថៃ​ចាប់ពី​ខែមករា ដល់​ខែមិថុនា​ឆ្នាំ២០១១។ លោក ថ្លែងថា​លោក បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​តាមរយៈ​ក្រុមហ៊ុន​មួយ ដែល​លោក​ចំណាយលុយ ធ្វើ លិខិត​ឆ្លងដែន​១៥០​ដុល្លារ និង​រង់ចាំ​អស់​រយៈពេល​ប្រមាណ​៩​ខែ​មុន​នឹង​លោក​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។ តែ​ដោយសារ​លិខិតឆ្លងដែន​លោក​មាន បញ្ហា​រឿង​ទិដ្ឋាការ​ការងារ​ខុស​កន្លែង​កំណត់ លោក​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន ហើយ​ត្រូវ ក្រុមហ៊ុន​ដក​មកវិញ​ដោយ​សន្យាថា​នឹង​បញ្ជូន​ទៅវិញ​រយៈពេល ​១៥​ថ្ងៃ។ លោក​ថ្លែងថា​បច្ចុប្បន្ននេះ​រយៈ​ពេល​ជាង៦ខែ​ហើយ​ដែល​លោក​រង់ចាំ ចម្លើយ​ពី​ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ​ការទាក់ទង​ជាមួយ​ក្រុមហ៊ុន​ក៏​ក្រុមហ៊ុន មិន​ទទួល​ទូរស័ព្ទ​ដែរ។ លោក​ថ្លែងថា​លោក​រៀងចាល​នឹង​ទៅធ្វើ​ការ​នៅ​ថៃ​តាម លិខិតឆ្លងដែន​ឬ​ប៉ាស្ព័រ​ហើយដោយ​សារ​បទ​ពិសោធន៍​ដ៏​លំបាក​នឹង​បង់លុយ កាត់​ប្រចាំខែ៥០០បាត​ឬ​ជាង១០ដុល្លា​ដូចគ្នា​នឹង​ការ​ទៅធ្វើ​កាត​ការងារ​ឬ​ភាសា ថៃ​ហៅថា​ប័ត្រ ក្នុងប្រទេស​ថៃ​ដែរនោះ។

«មួយខែ ៥០០ រយ(បាត) យើង​អាច​ធ្វើបាន ចុះបើ​ក្រុមហ៊ុន​កន្លះ​ខែ​កាត់៥០០ បាត​ដូចគ្នា មួយខែ​កាត់​មួយ​ពាន់ យើង​សុខចិត្ត​ទៅ​ផ្លូវ​កាត់​តែម្តងទៅ។ ស្រុក​ខ្ញុំ សព្វថ្ងៃ​គេ​ទៅ​ផ្លូវ​កាត់​គេ​អត់​ចាំ​លិខិតឆ្លងដែន​ទេ»។

លោក សំ ផល​អះអាងថា​លោក​រក​ចំណូល​មួយថ្ងៃ​បាន ៣០០ បាត លុយ​ថៃ​ឬ ស្មើនឹង​ប្រមាណ១០ដុល្លា។ លោក​បាន​ថ្លែងថា​បងប្រុស​របស់លោក​ម្នាក់ទៀត ធ្លាប់​ត្រូវគេ​យកទៅ​ឲ្យ​រង់ចាំ​រយៈពេល៤ឬ៥ខែ​ក្នុងប្រទេស​ថៃ តែ​នៅពេល​បាន ការងារ​ធ្វើ​ទិ​ដ្ឋ​ការ​ការងារ​របស់លោក​ក្នុង​លិខិតឆ្លងដែន​ត្រូវផុត​កំណត់​មិនអាច ធ្វើការ​បាន​ក៏មានដែរ។

អ្នកស្រុក​នៅ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ឈ្មោះ​ឡោក លាភ អាយុ ៥៦ឆ្នាំ​មានកូន ២នាក់​
ក្នុងចំណោម៨នាក់​កំពុង​ធ្វើ​កិច្ចការ​ជាជាង​សំណង់​នៅ​ប្រទេស​ថៃ បាន ថ្លែងថា​កូន​របស់គាត់​ទាំងពីរ​មិនអាច​មាន​លុយកាក់​ធ្វើលិខិត​ឆ្លងដែន​ទេ​គឺ​ទៅ ធ្វើការ​តាម​ថៅកែ​ដែល​គេ​ធានា​គ្រប់សព្វ​ពី​សុវត្ថិភាព លិខិតស្នាម​ និង​ទីកន្លែង​ស្នាក់នៅ។ លោក​ថ្លែងថា​ជីវភាព​ក្រីក្រ​របស់​ពល​រដ្ឋ​នៅតាម​ជាយដែន​និង​ការ ត្រូវ​រកប្រាក់​ជាបន្ទាន់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ទាំង​លោក​និង​ក្រុមគ្រួសារ​ដទៃ​ចាំបាច់ ត្រូវតែ​ប្រថុយប្រថាន​បញ្ជូន​កូន​ទៅធ្វើ​ការ​ដោយ​មិនអាច​ចាំ​គេ​ធ្វើលិខិត​ស្នាម​ត្រឹម​ត្រូវបាន។

«មិន​ថា​ស្រុក​ណា មិន​ថា​ខេត្ត​ណា មិន​ថា ឃុំ ណា​ទេ គឺ​ទូទៅ សឹងតែ​គ្រប់​គ្រួសារ ទូទាំងប្រទេស​ដែល​ទៅ​ថៃ»។

លោក ថ្លែងថា កម្រៃ​ខ្ពស់​សមរម្យ​ក្នុងប្រទេស​ថៃ​ជាការ​ទាក់ទាញ​ពលករ​ខ្មែរ​ជា​យុវជន​ទៅធ្វើ​ការងារ ទោះជា​ពេលខ្លះ​ជួបប្រទះ​នឹង​បញ្ហា​គ្រោះថ្នាក់​ខ្លះ​ក្តី​។ នេះ​ដោយសារ​លោក​អះអាងថា​វា​ប្រសើរ​ជាង​រស់នៅក្នុង​ស្រុកភូមិ​ដែល​គ្មាន​ការងារ​ធ្វើ ហើយ​ជួបប្រទះ​នឹង​ភាពអត់ឃ្លាន។
ប្រទេស​ថៃ​បាន​ពន្យា​ការបញ្ជូន​កម្មករ​ខុសច្បាប់​ដែល​កំពុងធ្វើការ​ក្នុងប្រទេស របស់ខ្លួន​ជាថ្មីទៀត ក្រោយពេល​ដល់​ឱសានវាទ​កាលពី​ថ្ងៃ១៤ធ្នូ​កន្លងទៅ តែ​បានកំណត់​ថា​នឹង​បញ្ឈប់​ផ្តល់​លិខិត​អនុញ្ញាតិ​ឲ្យ​ធ្វើការ​ចំពោះ​កម្មករ​និង​ពលករ ដែល​គ្មាន​លិខិតឆ្លងដែន​ឬ​បា​ស្ព័​រ។ វិធានការ​តឹងរឹង​ទាំងនេះ​ត្រូវ​ក្រុមមន្ត្រី​សង្គម ស៊ីវិល​ក្នុង​តំបន់​ចាត់ទុកថា​ជាការ​ទប់ស្កាត់​ការជួញដូរ​មនុស្ស និង​កម្លាំង​ពលកម្ម​កុមារ ការកេងប្រវ័ញ្ច​ពលកម្ម​កម្មករ​នឹង​ពលករ ដែល​គេ​ដឹងថា​មកពី​ភូមា កម្ពុជា​និង​ឡាវ៕
XS
SM
MD
LG