ឧត្តរមានជ័យ —
មនុស្សប្រហែល២០០នាក់មកពីចម្រុះសាសនានៅប្រទេសកម្ពុជានិងថៃនៅថ្ងៃសុក្រនេះបានប្រារព្ធពិធីវិសាខបូជានិងធ្វើធម្មយាត្រារួមគ្នានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។
ការដើរក្បួនធម្មយាត្រាក្នុងថ្ងៃបុណ្យវិសាខបូជានេះបានចាប់ផ្តើមនៅម៉ោង៨ព្រឹកនៅវត្តអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្បួនត្រូវបានរៀបជាជួរហើយអ្នកចូលរួមទាំងអស់បាននាំគ្នាកាន់បដាសន្តិភាព ទង់សាសនា និងផ្កាឈូក និងមានព្រះសង្ឃនិមន្តនាំមុខ ទេសនាពីប្រវត្តិថ្ងៃបុណ្យវិសាខបូជានិងទស្សនៈសន្តិភាព ដោយបានចេញដំណើរពីទីធ្លាវត្ត កាត់តាមភូមិប្រជាពលរដ្ឋឆ្ពោះទៅកាន់ផ្សារអន្លង់វែង ចម្ងាយប្រមាណ២គីឡូម៉ែត្រ ទើបត្រឡប់មកវិញ។
អ្នកចូលរួមប្រហែល២០០នាក់ មានពលរដ្ឋខ្មែរមកពីក្រុងភ្នំពេញនិងនៅមូលដ្ឋាន ពលរដ្ឋខ្មែរឥស្លាម ពលរដ្ឋថៃចំនួន៩នាក់ និងចិនចំនួន២នាក់ដែលគោរពសាសនាព្រះពុទ្ធ សាសនាឥស្លាម គ្រឹស្តសាសនានិងសាសនាតៅ។
ស្ថិតក្នុងសម្លៀកបំពាក់អាវស សំពត់ហូល និងដៃកាន់ផ្កាឈូក អ្នកស្រី យេ យឿន អាយុ៥២ឆ្នាំ ជាពលរដ្ឋមូលដ្ឋានម្នាក់ ថ្លែងពីមូលហេតុដែលអ្នកស្រីចូលរួមហែរក្បួនធម្មយាត្រានេះ។
«ថ្ងៃនេះថ្ងៃសីល ថ្ងៃវិសាខបូជា ហើយជាទំនៀមទម្លាប់ពីបុរាណមកហើយ។ ហើយយើងថ្ងៃនេះចង់ឱ្យមានសន្តិភាព ជោគជ័យសេរីសួស្តី ហើយទឹកដីខ្មែរយើង សូមឱ្យសុខសប្បាយរៀងរហូត»។
វិសាខបូជា ជាពិធីបុណ្យរំលឹកដល់ថ្ងៃព្រះពុទ្ធបានប្រសូត ត្រាស់ដឹង និងបរិនិព្វាន ហើយត្រូវបានពុទ្ធសាសនិកទូទាំងពិភពលោកប្រារព្ធនៅថ្ងៃ១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំ។
អ្នកស្រី បេនចាផន អ៊ីនង៉ាម (Benjaporn Inngarm) អាយុ២៨ឆ្នាំ ថ្លែងថាអ្នកស្រីនិងពលរដ្ឋថៃផ្សេងទៀតឆ្លងដែនមកចូលរួមក្នុងធម្មយាត្រានេះ គឺដើម្បីរឹតចំណងសាមគ្គីភាពរវាងពលរដ្ឋនៃប្រទេសទាំងសងខាង។
«ព្រោះថា ទោះបីយើងជាជាតិសាសន៍ផ្សេងគ្នាក៏ដោយ ក៏ប៉ុន្តែយើងមានវប្បធម៌ដូចគ្នា ដូច្នេះនាពេលនេះ យើងចង់ចែករំលែកសាមគ្គីភាពរបស់យើង ថាយើងជាប្រទេសជិតខាង ហើយយើងអាចកសាងសន្តិភាពបានជាមួយគ្នា»។
លោក ឡៃ សាន អាយុ២២ឆ្នាំ ជាសាសនិកអ៊ីស្លាមនិងនិស្សិតឆ្នាំទី១ម្នាក់នៅសាកលវិទ្យាល័យន័រតុន។ លោកថ្លែងថាលោកចូលរួមក្នុងធម្មយាត្រានេះគឺដើម្បីចូលរួមលើកកម្ពស់សន្តិភាពជាមួយសាសនាដទៃ។
«ខ្ញុំគិតថាការចូលរួមក្នុងធម្មយាត្រានេះ វាធ្វើឱ្យសន្តិភាពរវាងសាសនាទាំងអស់ សាសនាព្រះពុទ្ធ សាសនាគ្រឹស្ត និងសាសនាអ៊ីស្លាម។ តាមពិតវាមិនមែនជាពិធីរបស់អ៊ីស្លាមទេ ប៉ុន្តែខ្ញុំគិតថាការចូលរួមនេះជាការចែករំលែកសន្តិភាពពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ក៏ដូចជាពីសាសនាមួយទៅសាសនាមួយដើម្បីស្វែងរកសន្តិភាពទាំងអស់គ្នា»។
ជាមួយគ្នានេះ អ្នកចូលរួមទាំងអស់បានធ្វើសមាធិរួមគ្នា ចែករំលែកទស្សនៈសន្តិភាពតាមសាសនារៀងខ្លួន និងបញ្ហាចោទក្នុងសង្គមនិងសាសនាពួកគេ។
កម្មវិធីនេះរៀបចំរួមគ្នាដោយក្រុមការងារដើម្បីសន្តិភាពរបស់កម្ពុជានិងអង្គការស្ម័គ្រចិត្តបម្រើសេវាសង្គមរបស់ប្រទេសថៃ។
លោក បូ ពៅ សមាជិកក្រុមការងារដើម្បីសន្តិភាពម្នាក់ដែលបានរៀបចំកម្មវិធីនេះ បានពន្យល់ពីមូលហេតុដែលក្រុមការងារជ្រើសរើសយកស្រុកអន្លង់វែងសម្រាប់គម្រោងនេះ ដោយសារនេះជាតំបន់មួយដែលមានពលរដ្ឋខ្មែរលួចឆ្លងដែនទៅរកស៊ីនៅប្រទេសថៃហើយត្រូវបានទាហានថៃបាញ់សម្លាប់ជារឿយៗ។
«យើងធ្វើនៅទីនេះដោយសារចង់ផ្ញើសារដល់ទាហានឈុតខ្មៅថៃឬក៏អាជ្ញាធរថៃសូមមេត្តាជួយសម្រួល កុំសម្លាប់ជីវិតមនុស្សទៀត ពីព្រោះយើងជាអ្នកជិតខាងយើងជា[អ្នកកាន់]ពុទ្ធសាសនាទៅទៀត»។
លោក បូ ពៅ បន្ថែមថាមូលហេតុដែលក្រុមការងារនេះអញ្ជើញអ្នកចូលរួមពីសាសនាផ្សេងៗនិងជនជាតិថៃគឺដើម្បីពង្រឹងសាមគ្គីភាពនិងមិត្តភាពរវាងពុទ្ធសាសនិកជនជាតិខ្មែរ និងពុទ្ធសាសនិកថៃព្រមទាំងសាសនិកមកពីអន្តរសាសនាដទៃទៀតដែលស្រឡាញ់សន្តិភាពនិងលើកកម្ពស់ការយល់ដឹងពីដំណើរការកសាងសន្តិភាព៕