ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​ថៃ​ធ្វើ​រដ្ឋប្រហារ​គ្រប់​គ្រង​ប្រទេស​ទាំង​ស្រុង


មេបញ្ជាការ​ជាន់​ខ្ពស់​ថៃ​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​កងទ័ព​បាន​ចូល​កាន់កាប់​កិច្ចការ​ប្រទេស​ទាំង​មូល​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​និង​ធ្វើ​ការ​កែ​ទម្រង់​នយោបាយ។

លោក​ឧត្តមសេនីយ៍​ ប្រយុទ្ធ​ ចាន់​អូចា (Prayuth Chan-Ocha) បាន​ធ្វើ​ការ​ប្រកាសអំពី​រដ្ឋប្រហារ​នេះ​តាម​ទូរទស្សន៍​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។ សេចក្តី​ប្រកាស​នេះ​កើត​មាន​ឡើងនៅ​ថ្ងៃ​ទី​ពីរ​នៃ​ការ​ចរចា​នយោបាយ​រវាង​គូ​បដិបក្ស​នយោបាយ។

លោក​ឧត្តមសេនីយ៍​បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​និយាយ​ថា ​វា​ជា​ការ​ចាំបាច់​ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា​និង​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​ដែល​មាន​រយៈ​ពេល​រាប់​ខែ​មក​ហើយ។

ការ​ចរចា​គ្នា​នោះ​ទំនង​ជា​មិន​ទទួល​បាន​ការ​ធ្វើ​សម្បទាន​ឱ្យ​គ្នា​រវាង​បក្ស​ប្រឆាំង​និង​អ្នក​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី ​ថាក់ស៊ីន ស៊ីណាវ៉ាត់ ទេ។

ក្រុម​យោធា​បាន​ប្រកែក​ថា​ ការ​ដាក់​ច្បាប់​អាជ្ញាសឹក​គឺ​មិនមែន​ជា​រដ្ឋប្រហារ​ទេ បើ​ទោះ​បី​ជា​ចំណាត់​ការ​នេះ​ហាក់​ដូច​ជា​កំហិត​អំណាច​រដ្ឋាភិបាល​បណ្តោះអាសន្ន​ក៏ដោយ។ ប្អូនស្រី​របស់​លោក​ថាក់​ស៊ីន គឺ​លោក​ស្រី​យីងឡាក់​ ស៊ីឡាវ៉ាត់​អតីត​នាយក​រដ្ឋ​មន្ត្រី​និង​សមាជិក​នៃ​ខុទ្ទកាល័យ​អ្នក​ស្រី​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​កំពូល​បណ្តេញ​ចេញ​ដោយ​សារ​តែ​បាន​រំលោភ​អំណាច។​

គេ​បាន​ដាក់​មនុស្ស​ដែល​ស្មោះត្រង់​នឹង​លោក​ថាក់​ស៊ីន​ឱ្យ​កាន់​រដ្ឋាភិបាល​បណ្តោះអាសន្ន ប៉ុន្តែ​ក្រុម​បាតុករ​មក​ពី​ក្រុម​អាវលឿង​មិន​សុខ​ចិត្ត​ ហើយ​ទាមទារ​ឱ្យ​រំលាយ​រដ្ឋាភិបាល​ទាំង​ស្រុង។

មាន​មនុស្ស​ជិត​៣០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុងការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​រយៈ​ពេល​៦​ខែ​មក​នេះ៕
XS
SM
MD
LG