ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​ថៃ​ដាក់​ច្បាប់​អាជ្ញាសឹក តែ​ថា​មិន​មែន​ជា​រដ្ឋប្រហារ​ទេ


ទាហាន​ថៃ​ប្រចាំ​ការ​នៅ​ទី​តាំង​​នៅ​កណ្តាល​ផ្លូវ​ប្រសព្វ​សំខាន់​មួយ​​ក្នុង​​សង្កាត់​ផ្សារ​​មួយ​របស់​ទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​អង្គារ​ទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៤។
ទាហាន​ថៃ​ប្រចាំ​ការ​នៅ​ទី​តាំង​​នៅ​កណ្តាល​ផ្លូវ​ប្រសព្វ​សំខាន់​មួយ​​ក្នុង​​សង្កាត់​ផ្សារ​​មួយ​របស់​ទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​អង្គារ​ទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៤។
ស្ថាប័ន​យោធាថៃ​បាន​ប្រកាស​ដាក់​ច្បាប់​អាជ្ញាសឹក ដោយ​និយាយ​ថា​ខ្លួន​ធ្វើ​ដូច្នេះ​ដើម្បី​រក្សា​«សន្តិភាព​និង​សណ្តាប់​ធ្នាប់» នៅក្រោយរយៈ​ពេល​ជា​ច្រើន​ខែ​ដែល​ពេល​ខ្លះ​ប្រកប​ដោយ​បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល។

នៅ​ក្នុង​សេចក្តី​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ មេ​បញ្ជាការ​យោធា​ថៃ គឺ​ឧត្តមសេនីយ៍ Prayuth Chan-Ocha ថ្លែង​ថា​ វិធានការ​នេះ​ជា​វិធានការ​ចាំបាច់​ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​កើន​ឡើង​ថា​អាច​នឹង​មាន​កុប្បកម្មកើត​ឡើង​នៅ​ផ្នែក​ជា​ច្រើន​នៃ​ប្រទេស។ យោធា​ថៃ​បដិសេធ​ថា​ខ្លួន​មិន​បាន​ចូល​កាន់​អំណាច​ទេ ដោយ​សង្កត់​ធ្ងន់​ថា​ចំណាត់ការ​នៅ​ថ្ងៃ​អង្គារ​នេះ​«មិន​មែន​ជា​រដ្ឋប្រហារ​ទេ»។

ភាព​តានតឹង​នៅ​ក្នុង​រាជាណាចក្រ​មួយ​នេះ ដែលមាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​២​នៅ​អាស៊ី​អាគ្នេយ៍ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ចាប់​តាំង​ពី​អតីត​នាយករដ្ឋមន្ត្រី Yingluck Shinawatra បាន​រំលាយ​រដ្ឋសភា​កាល​ពីខែ​ធ្នូឆ្នាំ​មុន នៅ​ក្នុងបំណង​បន្ធូរ​បន្ថយ​វិបត្តិ​នេះ។ នៅ​ដើម​ខែ​ឧសភា​នេះ តុលាការ​ធម្មនុញ្ញថៃ​បាន​ដក​លោកស្រី​នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​៩​រូប​ទៀត​ចេញ​ពី​តំណែង​ដោយ​ចោទ​ថា​បាន​រំលោភ​អំណាច។

លោក Niwattumrong Boonsongpaisan នាយរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចាំផ្ទះនិយាយ​ថា រដ្ឋាភិបាល​នឹង​មិន​លាលែង​ពី​តំណែង​ទេ។

ថ្វី​បើ​គេ​បាន​ចល័ត​ទ័ព​ទៅប្រចាំ​ការ​នៅ​តាម​ផ្លូវ​ប្រសព្វ​មួយ​ចំនួន​ក្នុង​រាជធានី​បាងកក​ក្តី ក៏​មហា​ទី​ក្រុងដែល​មាន​ប្រជាជន​ប្រមាណ​១០​លាន​នាក់​នេះ​ហាក់​មាន​សភាព​ស្ងប់​ស្ងាត់។ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ គេ​ឃើញ​ពលរដ្ឋ​ធ្វើ​ដំណើរទៅ​កន្លែង​ធ្វើ​ការ​ដោយ​បើកបរ​ឬ​ថ្មើរ​ជើង​ជា​ធម្មតា។

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ទូទាំង​ប្រទេស​បាន​សម្លាប់​មនុស្ស២៨​នាក់​និង​បណ្តាល​ឲ្យ​មាន​អ្នក​របួស​រាប់​រយ​នាក់។

វិបត្តិ​នយោបាយ​ចុង​ក្រោយ​នេះ​បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​ឆ្នាំ​២០០៦ នៅ​ពេល​ដែល​បង​ប្រុស​របស់​លោកស្រី Yingluck គឺអតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីនណាវ៉ាត្រា (Thaksin Shinawatra) ត្រូវ​ទម្លាក់​ពី​អំណាច​ដោយ​សារ​រដ្ឋប្រហារ​យោធា​ ក្រោយ​ពី​លោក​ត្រូវ​ចោទ​ប្រកាន់​ថាបាន​ជាប់​ពាក់ព័ន្ធនឹង​អំពើ​ពុករលួយ ការ​រំលោភ​អំណាច និង​ការ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ ព្រះ​បាទ​ Bhumibol Adulyadej។

លោក​ថាក់ស៊ីន នៅ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ប្រជាជន​តាម​ជនបទ ហើយ​គណបក្សទាំង​ឡាយ​ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​បាន​ឈ្នះ​រាល់​ការ​បោះឆ្នោត​ជាតិ​ចាប់​ពី​ឆ្នាំ​២០០១​មក។ ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដែល​ក្រុម​នេះ​ត្រូវ​គាំទ្រ​ដោយ​ក្រុមឥស្សរជនដែល​មាន​តាំង​ពី​ដើម​មក និយាយ​ថា​ពួក​គេ​ចង់​លុប​បំបាត់​រាល់​ស្លាក​ស្នាម​នៃ​ឧបករណ៍​នយោបាយ​លោក​ថាក់ស៊ីនឲ្យ​អស់​ពី​នយោបាយ​ថៃ៕​
XS
SM
MD
LG