ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​ថៃ​ប្រកាស​ច្បាប់​អាជ្ញាសឹក​ដើម្បី​រក្សា​«សន្តិភាព​និង​សន្តិសុខ»


លោក​ឧត្តមសេនីយ៍​ Prayuth Chan-Ocha ថ្លែង​នៅ​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​​មួយ​នៅ​​​ក្លឹប​យោធា​ថៃ​​នៅ​រាជធានី​បាងកក​​ក្រោយ​ពី​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៤។
លោក​ឧត្តមសេនីយ៍​ Prayuth Chan-Ocha ថ្លែង​នៅ​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​​មួយ​នៅ​​​ក្លឹប​យោធា​ថៃ​​នៅ​រាជធានី​បាងកក​​ក្រោយ​ពី​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៤។
យោធា​នៃ​ប្រទេស​ថៃ​បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក ​ដោយ​និយាយ​ថា ​ខ្លួន​ធ្វើ​ដូច្នេះ​ដើម្បី​រក្សា​សន្តិភាព​និង​សណ្តាប់​ធ្នាប់​បន្ទាប់​ពី​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាលដោយ​ហិង្សា​អស់​រយៈ​ពេលជាច្រើន​ខែ​មក។

​នៅ​ក្នុង​ការ​ប្រកាស​តាម​ទូរទស្សន៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​លោក​ឧត្តមសេនីយ៍​ Prayuth Chan-Ocha ​បាន​ការពារចំណាត់​ការ​នេះ​ថា ​ជា​ការ​ចាំ​បាច់​ដើម្បី​ដោះស្រាយវិបត្តិ​ខាង​នយោ​បាយ​នៅ​ក្នុង​ប្រទេស។

​លោក​ថ្លែង​ថា៖ «យោធាថៃ​មាន​គោល​បំណងធ្វើ​ឲ្យ​មាន​សន្តិភាព​និង​សណ្តាប់ធ្នាប់ឡើង​វិញ​ដល់​ប្រទេស​ជា​ទី​ស្រឡាញ់​របស់​ប្រជា​រាស្រ្ត​ថៃគ្រប់​រូប​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។ ​ដូច្នេះ​យើង​សុំ​ឲ្យ​ភាគី​ទាំងអស់បញ្ឈប់​ចលនា​របស់​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ដំណើរការហើយ​នឹង​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ជាតិ​ឲ្យ​បាន​ឆាប់​រហ័ស។ បទបញ្ញតិច្បាប់​អាជ្ញាសឹក​ឆ្នាំ​១៩១៤ ​នឹង​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់។ ​យើង​កំពុង​សុំ​ឲ្យ​សាធារណជន​ទូទៅ​កុំ​ស្លន់​ស្លោ​ហើយបំពេញ​កិច្ច​ការ​របស់​ខ្លួន​ជាធម្មតា»។

​យោធា​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​១១​ដង​នៅ​ក្នុង​រយៈ​ពេល​៨០​ឆ្នាំ​ចុងក្រោយ​នេះ ​បាន​បដិសេធ​ថា​ខ្លួន​មិនមែន​កំពុង​ធ្វើ​រដ្ឋប្រហារ​ទេ។ ​ពួក​មន្រ្តី​ជា​ច្រើន​បាន​បដិសេធ​យ៉ាង​ខ្លាំងថា ​មាន​រដ្ឋ​ប្រហារ​កើត​មាន​ឡើង​នោះ។

​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ Chaikasem Nitisiri បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​រដ្ឋាភិបាល​អន្តរកាលនៅ​តែ​ដឹក​នាំ​ប្រទេស​នៅ​ឡើយ​ ហើយ​លោកបាន​និយាយ​យ៉ាង​ទទូច​ថា ​ចំណាត់​ការ​របស់​កងទ័ព​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​តែប៉ុណ្ណោះ។

​ក៏ប៉ុន្តែ ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយថា​ ​តើ​រដ្ឋាភិបាល​អន្តរកាល​បាន​ពិភាក្សា​ដើម្បី​សម្រេច​អនុវត្ត​ច្បាប់​អាជ្ញាសឹក​នេះ​ដែរ​ឬទេ។

​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ លោកស្រី Jen Psaki អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា ​សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​ហើយ​កំពុង​ឃ្លាំមើលស្ថានភាព​នេះ។ លោក​ស្រី​និយាយ​បន្ត​ទៀត​ថា ​សហរដ្ឋ​អាមេរិក​រំពឹង​ថា​ ​កងទ័ព​ថៃ​គោរព​ការ​សន្យា​របស់​ខ្លួនដើម្បី​អនុវត្ត​ច្បាប់​អាជ្ញាសឹក​ជា​បណ្តោះ​អាសន្ន​ដើម្បី​បង្ការ​អំពើ​ហិង្សា​ ​ហើយ​មិនធ្វើ​ឲ្យ​អន្តរាយ​ដល់​ស្ថាប័នលទ្ធិប្រជាធិបតេយ្យ​ទេ។

មនុស្ស​ជិត​៣០​នាក់ ​បាន​ស្លាប់​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​មក ​នៅ​ពេល​ដែល​ការ​តវ៉ា​ប្រឆាំង​បាន​ផ្ទុះ​ឡើង​ដើម្បី​ប៉ុនប៉ង​បង្ខំ​ឲ្យ​លោកស្រី​នាយករដ្ឋ​មន្រ្តី​ Yingluck Shinawatra ចុះ​ចេញ​ពី​ដំណែង។ ​ការ​តវ៉ា​ប្រឆាំង​មិន​បាន​ជោគ​ជ័យ​ ​ក៏ប៉ុន្តែ ​លោកស្រី Yingluck និង​សមាជិក​ខ្លះ​របស់​គណរដ្ឋមន្រ្តី​របស់​លោកស្រី ​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​នៅ​ខែ​នេះ​ដោយ​តុលាការ​រដ្ឋធម្មនុញ្ញ​ពី​បទ​ប្រើ​អំណាច​ខុស​ច្បាប់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG