ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​ថៃ​ប្រារព្ធ​ពិធី​​ដើម្បី​ប្រឆាំង​នឹង​ទស្សនៈ​ប្រវត្តិសាស្ត្រ​របស់​​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ


រូបឯកសារ៖ ទាហាន​ថៃ​យាមល្បាត​ការពារ​បាតុកម្មរ​នៅ​វិមាន Victory Monument ទីក្រុង​បាងកក​ ប្រទេស​ថៃ។
រូបឯកសារ៖ ទាហាន​ថៃ​យាមល្បាត​ការពារ​បាតុកម្មរ​នៅ​វិមាន Victory Monument ទីក្រុង​បាងកក​ ប្រទេស​ថៃ។

យោធា​ថៃ​បាន​ចូល​រួម​ចួល​ការ​ជជែក​ពិភាក្សាអំពី​ប្រវត្តិសាស្ត្រ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ដោយ​បាន​ប្រារព្ធ​ពិធី​មួយ​ក្នុង​ថ្ងៃដែល​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​បាន​ធ្វើបាតុកម្ម​នៅ​តាម​វិមាន​ដែល​រំឭក​ដល់​បដិវត្តន៍​ឆ្នាំ​១៩៣២ ដែល​បាន​បញ្ចប់​របប​រាជានិយម​ផ្តាច់​ការ​របស់​ថៃ។

ជម្លោះអំពី​ប្រវត្តិសាស្ត្រនេះ​កើត​មាន​ឡើង​ខណៈ​ដែល​ពលរដ្ឋ​ថៃ​កាន់​តែ​ច្រើន​និយាយ​ប្រឆាំង​នឹង​ប្រព័ន្ធ​នយោបាយ​មួយ​ដោយ​ក្តោបក្តាប់​ដោយ​យោធា ហើយ​ខណៈ​ដែលវិមាន​ជា​ច្រើន​តំណាង​ឲ្យ​ការ​ស្ថាបនា​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​១៩៣២ ត្រូវ​បាន​គេ​ដក​ចេញ​ដោយ​អាថ៌កំបាំង​ក្នុង​ពេល​ថ្មីៗ​នេះ។​

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​យោធា​ថៃ​ដែល​ត្រូវ​ទី​ភ្នាក់ងារព័ត៌មានReuters បាន​ឃើញកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជាក់​ថា មន្ត្រី​យោធា​បាន​ធ្វើ​ពិធី​រំឭក​គុណ​នៅ​ទី​បញ្ជាការ​កណ្តាល​ក្នុង​ក្រុង​បាងកក​ដល់​មេដឹកនាំ​នៃអ្វី​ដែល​គេ​ហៅ​ថា​ចលនា​បះបោរBoworadet ដែល​បរាជ័យ​កាល​ពី​ឆ្នាំ​១៩៣៣។ ចលនា​បះបោរ Boworadet​ដែល​យក​តាម​ព្រះនាម​នៃ​ព្រះអម្ចាស់​ថៃមួយអង្គ ត្រូវ​បាន​ប្រវត្តិវិទូជា​ទូទៅ​ពិពណ៌នា​ថា ជា​កិច្ចប្រឹងប្រែង​ដើម្បី​បង្កើត​ឡើង​វិញ​នូវ​ប្រព័ន្ធរាជានិយម​ផ្តាច់​ការ ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​របស់​យោធា​ថៃ​និយាយ​ថា យោធា​ថៃ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​ដោយ​«ផ្តាច់ការ»។​

កន្លង​មក​យោធា​ថៃ​តែងយក​តួនាទី​ខ្លួន​ជា​អ្នក​ការពារ​ស្ថាប័ន​រាជានិយម​ថា​ជាហេតុផល​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០០៦​និង​២០១៤។ ក្រោយ​ពី​បាន​ដឹកនាំ​រដ្ឋាភិបាល​យោធា​ដែល​ជំនួស​ឲ្យ​រដ្ឋាភិបាល​ថៃ​កើត​ឡើង​តាម​ការ​បោះឆ្នោត​ដោយ​ប្រជាធិបតី​នោះ លោក Prayuth Chan-ocha មេ​បញ្ជាការ​កង​ទ័ព​ថៃ​បន្ត​នៅ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រីក្រោយ​ពី​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស់​មួយ​កាល​ពី​ឆ្នាំ​មុន។

ទោះ​បី​ប្រទេស​ថៃ​ជា​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ក្តី ក៏​ព្រះ​មហាក្សត្រ​ព្រះបាទ​Maha Vajiralongkorn មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ហើយ​ការ​ប្រមាថ​ព្រះមហាក្សត្រ​អាច​នាំ​ឲ្យ​មាន​ទណ្ឌកម្ម​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ៕

XS
SM
MD
LG