លោកនាយករដ្ឋមន្រ្តីបារាំងបានព្រមាននៅថ្ងៃសៅរ៍នេះថា ប្រទេសបារាំងអាចរំពឹង នឹងមានការវាយប្រហារភេរវកម្មកាន់តែច្រើនឡើង បន្ទាប់ពីការវាយប្រហារភេរវកម្ម៣កាលពីថ្ងៃសុក្រម្សិលមិញ ដែលមិនត្រឹមតែកើតមានឡើងក្នុងប្រទេសបារាំងប៉ុណ្ណោះទេ ប៉ុន្តែក៏បានកើតមានឡើងនៅក្នុងប្រទេសទុយណេស៊ី និងប្រទេសគុយវ៉ែតផងដែរ។
លោក Manuel Valls បានមានប្រសាសន៍ថា «សំណួរនោះមិនថាតើនឹងមានការវាយប្រហារមួយទៀតដែរឬទេ ក៏ប៉ុន្តែនៅពេលណា»។
មេដឹកនាំពិភពលោកបានចូលរួមនៅក្នុងការថ្កោលទោសការវាយប្រហារនៅទ្វីបទាំង៣កាលពីថ្ងៃសុក្រ ដែលបានធ្វើឲ្យមនុស្សរាប់សិបនាក់ស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោងពីគ្នាតែប៉ុណ្ណោះ។
សេតវិមានបានពណ៌នាការវាយប្រហារនេះថា ជាការសាហាវយង់ឃ្នង។ សេតវិមាន បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយភ្លាមៗ បន្ទាប់ពីការវាយប្រហារនោះថា «ភេរវកម្មគ្មានទីកន្លែងនៅក្នុងសង្គមទេ»។
កាលពីព្រឹកថ្ងៃសុក្រ ខ្មាន់កាំភ្លើង២នាក់បានវាយសង្គ្រប់សណ្ឋាគារនៅឆ្នេរសមុទ្រលំហែកាយទេសចរណ៍ក្នុងទីក្រុង Sousse ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៣៨នាក់ ភាគច្រើនជាជនជាតិអង់គ្លេស មុនពេលការវាយប្រហារនោះត្រូវបានបញ្ឈប់។ លោកនាយករដ្ឋមន្រ្តី Habib Essid បាននិយាយថា លោកបានបិទព្រះវិហារសាសនាអ៊ីស្លាម ដែលមិនមែនស្ថិតនៅក្រោមការត្រួតត្រារបស់ក្រសួងកិច្ចការសាសនា។ លោកបាននិយាយថា «ព្រះវិហារអ៊ីស្លាមណា ដែលមិនបានអនុវត្តទៅតាមច្បាប់នឹងមិនត្រូវអត់ឱនឲ្យ»។
នៅក្នុងប្រទេសគុយវ៉ែត អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងនៅក្នុងព្រះវិហារអ៊ីស្លាមនិកាយស៊ីអ៊ីដ ដែលពោរពេញទៅដោយមនុស្ស ដោយបានធ្វើឲ្យមនុស្ស២០នាក់ស្លាប់។
ហើយនៅក្នុងប្រទេសបារាំង ពួកអ្នកវាយប្រហារបានបើករថយន្តចូលក្នុងក្រុមហ៊ុនឧស្ម័នមួយ ដែលមានមូលដ្ឋានពីស.រ.អា និងបន្ទាប់មកបានកាត់ក្បាលពាណិជ្ជករម្នាក់ ដោយទុកសាកសពដាច់ក្បាលដោយមានសរសេរអក្សរអារ៉ាប់នៅក្លោងទ្វានៃបរិវេណរបស់ក្រុមហ៊ុននោះ។ ក្រុមអ្នកពន្លត់អគ្គីភ័យបានចាប់ជនសង្ស័យម្នាក់ឈ្មោះ Yassin Salhiកាលពីថ្ងៃសុក្រ។ ទីភ្នាក់ងារព័ត៌មានបារាំងបានពណ៌នាថា Salhi មានអាយុ៣៥ឆ្នាំ ហើយមានកូន៣នាក់៕