ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ភេរវកម្ម​ Jamaat-ul-Ahrar ​ប្រកាស​អំពី​ការ​ស្លាប់​មេដឹកនាំ​ខ្លួន​


រូបឯកសារ៖ លោក Umar Khalid Khorasani (កណ្ដាល) ផ្ដល់​បទ​សម្ភាស​មួយ​​កាល​ពី​ឆ្នាំ​២០១១។
រូបឯកសារ៖ លោក Umar Khalid Khorasani (កណ្ដាល) ផ្ដល់​បទ​សម្ភាស​មួយ​​កាល​ពី​ឆ្នាំ​២០១១។

ក្រុម ​Jamaat-ul-Ahrar ​ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ភេរវកម្ម​ Tehreek-i-Taliban​ ប៉ាគីស្ថាន​ (TTP)​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ​មេដឹកនាំ​របស់​ខ្លួន​ឈ្មោះ​ Umar Khalid Khorasani ​បាន​ស្លាប់​ហើយ។

Khorasani ​ត្រូវ​ចោទ​ថា​ បាន​ដឹក​នាំការ​វាយ​ប្រហារ​ដ៏គ្រោះ​ថ្នាក់​ជា​ច្រើន​ក្នុង​តំបន់​ជា​ច្រើន​នៅ​ប៉ាគីស្ថាន​ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ រួម​មានការ​វាយ​ប្រហារ​ដ៏​មហ​អន្តរាយ​លើ​សហគមន៍​គ្រិស្តសាសនា​នៅ​ទីក្រុង​ Lahore​ កាល​ពី​ឆ្នាំ​២០១៦​ មុន​ថ្ងៃ​បុណ្យ ​Easter ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៧៥​នាក់។

​អ្នកនាំ​ពាក្យ​ក្រុម​ Jamaat-ul-Ahraar​ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ថា ​Umar Khalid Khorasani ​មេដឹកនាំ​របស់​ខ្លួន​បាន​ស្លាប់​កាល​ពីល្ងាច​ថ្ងៃពុធ​ដោយសារ​របួស​ក្នុង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ drone ​របស់អាមេរិក​នៅ​ខេត្ត​ Paktia ​ប្រទេស​អាហ្វហ្កា​នីស្ថាន។​ អ្នក​នាំពាក្យរូប​នេះ​បញ្ជាក់​បន្ថែម​ថា ​អ្នក​ជិត​ស្និទ្ធ​នឹង​ Khorasani ​ចំនួន​៩​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នោះ​ដែរ។​

កាល​ពីមុន​ក្រុម ​Tehreek-i-Taliban ​ប៉ាគីស្ថាន​ក៏​បាន​បញ្ជាក់ប្រាប់​បណ្តាញ​ព័ត៌មាន​ប៉ាគីស្ថាន​អំពីការ​ស្លាប់​របស់​ ​Umar Mansoo ​មេ​បញ្ជាការ​កំពូល​របស់ខ្លួន​ដែរ។ ​តាម​របាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក ការ​វាយ​ប្រហារ​ពីរ​លើក​ដោយ​យន្តហោះ ​drone ​នៅ​តំបន់​ព្រំដែន​ប៉ាគីស្ថាននិង​អាហ្វហ្កានីស្ថាន​ត្រូវ​គេ​រាយ​ការណ៍​ថា ​បាន​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​៣១​នាក់ រួម​មាន​ Mansoor និង Khorasani។​

មន្ត្រីអាមេរិក​មិន​ធ្វើ​អធិប្បាយ​អំពី​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ Jamaat-ul-Ahraar​ ទាក់​ទង​នឹង​ការ​ស្លាប់​របស់​មេដឹកនាំ​ទាំង​នេះ​ទេ៕

XS
SM
MD
LG