ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​ជួយ​សង្គ្រោះ​ក្រុមគ្រួសារ​លោក​ខាងលិច​​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ជន​សកម្ម​ប្រយុទ្ធ


រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ក្រុម​តាលីបង់​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃទី​១៩ ធ្នូ​​២០១៦បង្ហាញ​នាង​ Caitlan Coleman ជនជាតិ​អាមេរិកាំង​និយាយ​នៅ​ក្បែរ​ប្តី​ជនជាតិ​កាណាដា​ Joshua Boyle និង​កូនៗ​របស់​ពួកគេ​ពីរនាក់។
រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ក្រុម​តាលីបង់​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃទី​១៩ ធ្នូ​​២០១៦បង្ហាញ​នាង​ Caitlan Coleman ជនជាតិ​អាមេរិកាំង​និយាយ​នៅ​ក្បែរ​ប្តី​ជនជាតិ​កាណាដា​ Joshua Boyle និង​កូនៗ​របស់​ពួកគេ​ពីរនាក់។

យោធា​របស់​ប្រទេស​ប៉ាគីស្ថាន​បាន​ជួយ​សង្គ្រោះ​គ្រួសារ​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​កាណាដា​ពី​តំបន់​កុលសម្ព័ន្ធ​ដែល​មាន​ព្រំ​ដែន​ជាមួយ​ប្រទេស​អាហ្វហ្គានី ស្ថាន ជិត​៥​ឆ្នាំ​បន្ទាប់​ពី​ពួកគេ​បាន​ត្រូវ​ចាប់​ពង្រត់​ដោយ​ពួក​ជន​សកម្ម​ប្រយុទ្ធ។លោកស្រី Caitlan Coleman ​ជន​ជាតិ​អាមេរិកហើយ​នឹង​ប្តី​របស់​លោក​ស្រី​ឈ្មោះ Joshua Boyle ​ជន​ជាតិ​កាណាដា​បាន​បាត់​ខ្លួន​នៅប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ​២០១២ហើយ​ក្រោយមក ​ពួក​តាលី​បង់​អាហ្វហ្គានីស្ថាន​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​ចាប់​ពង្រត់ពួកគាត់។

ក្រុម​ដែល​បាន​ចេញវីដេអូ២អំពី​ការចាប់​ធ្វើ​ជាចំណាប់​ខ្មាំង​ ខណៈ​ដែល​ពួកគេ​ស្ថិត​នៅ​ក្នុងការ​ឃុំឃាំង ​បាន​ទាមទារឲ្យ​ដោះលែង​អ្នក​ទោស​ជាការ​ដោះ​ដូរ​នឹង​លោក​ Boyle ហើយ​នឹង​ភរិយា​របស់​លោក។​ លោកស្រី​បាន​ឆ្លង​ទន្លេ៣ដង​ខណៈ​ដែល​ស្ថិត​នៅ​ក្នុងការ​ឃុំឃាំង​នេះ។

សេចក្តី​ថ្លែងការណ៍​របស់​យោធា​ប៉ាគីស្ថាន​បាន​ប្រាប់​ឲ្យដឹង​ថា «ដោយ​ផ្អែកលើ​ការ​ស៊ើបការណ៍​សម្ងាត់​មកពី​សហរដ្ឋ​អាមេរិក​‍» កិច្ចប្រតិបត្តិការ​ជួយ​សង្គ្រោះ​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​ជោគជ័យ​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ Kurran នៅ​ជិត​ព្រំដែនប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​ពុធ។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​បាន​សរសើរ​ការ​ដោះ​លែង​ក្រុម​គ្រួសារ​នេះ​ចេញពីការឃុំឃាំង​របស់​បណ្តាញHaqqani ដែល​ជា​អង្គការ​ភេរវ​កម្ម​មួយ​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​ក្រុម​តាលីបង់។ លោក​ប្រធានា​ធិបតី ​បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា ​ជា​សញ្ញា​វិជ្ជមាន​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​សហ រដ្ឋ​អាមេរិក​និង​ប៉ាគីស្ថាន។

ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «កិច្ច​សហ​ប្រតិបត្តិ​ការ​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ជា​សញ្ញា​មួយ​ថា ប៉ាគីស្ថាន​កំពុង​គោរព​បំណង​ប្រាថ្នា​របស់​អាមេរិក​ដើម្បីធ្វើ​កាន់​តែច្រើន​ឡើង​ដើម្បីផ្តល់​សន្តិសុខ​នៅ​ក្នុង​តំបន់‍»៕

XS
SM
MD
LG