ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពតានតឹង​កើនឡើង​រវាង​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន


មនុស្ស​ម្នា​រង់ចាំ​នៅ​ពី​មុខ​ច្រក​ចូល​នៃ​ការិយាល័យ​ផ្តល់​ទិដ្ឋាការ​នៃ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​អង់ការ៉ា កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧។
មនុស្ស​ម្នា​រង់ចាំ​នៅ​ពី​មុខ​ច្រក​ចូល​នៃ​ការិយាល័យ​ផ្តល់​ទិដ្ឋាការ​នៃ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​អង់ការ៉ា កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​ចន្ទ ប្រទេស​តួកគី​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ដក​ចេញ​នូវ​ការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ក្នុង​ការ​ផ្តល់​ទិដ្ឋការ​មិនមែន​អន្តោប្រវេសន៍​ដល់​ពលរដ្ឋ​តួកគី។

ភាពតានតឹង​រវាង​តួកគី​និង​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ឡើង​កម្តៅ។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា បាន​សងសឹក​វិញ​ ដោយ​ហាម​មិន​ឲ្យ​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន។ ការ​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​តួកគី ខណៈ​ដែល​ការ​ភ័យ​ខ្លាច​បាន​កើន​ឡើង។ ​

លោក Cengiz Aktar អ្នក​វិទ្យាសាស្ត្រ​នយោបាយ បាន​ព្រមាន​ថា «មិន​ដែលធ្លាប់​មាន​រឿង​ដូច្នេះ​កើតឡើង​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ សូម្បី​តែ​ក្នុង​ពេល​វេលា​ដ៏​អាក្រក់​បំផុត​ក៏​មិន​ធ្លាប់​មាន​ដែរ។ ករណី​នេះ​ពិត​ជា​ធ្ងន់ធ្ងរ​ណាស់»។

ជម្លោះ​នេះ​បាន​ផ្ទុះ​ឡើង​កាល​ពី​សប្តាហ៍​មុន នៅ​ពេល​ដែល​តួកគី​ចាប់​ខ្លួន​លោក Metin Topuz ពី​បទ​ចោទ​អំពើ​ភេរវកម្ម។ លោក Topuz ​ជា​ជនជាតិ​តួកគី និង​បម្រើការ​ជា​បុគ្គលិក​នៅ​ស្ថានកុងស៊ុល​អាមេរិក​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល។ រដ្ឋអាជ្ញា​តួកគី​បាន​ចោទប្រកាន់​លោក Topuz ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​គាំទ្រ​លោក​អាចារ្យ Fethullah Gulen។ លោក Gulen កំពុង​ស្ថិត​នៅ​អាមេរិក និង​ជា​អ្នក​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ជា​អ្នក​ដឹកនាំ​ការ​ធ្វើ​រដ្ឋប្រហារ​បរាជ័យ​កាល​ពី​ឆ្នាំ​មុន។

ក្រសួង​ការបរទេស​តួកគី​ កាល​ពី​ថ្ងៃ​ចន្ទ បាន​កោះ​ហៅ​អនុប្រធាន​បេសកកម្ម​អាមេរិក ហើយ​យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ក្រសួង​ការបរទេស​តួកគី​បាន​ទាមទារ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ដាក់​កំហិត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ទៅ​លើ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​តួកគី៕

XS
SM
MD
LG