ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ផ្អាក​ផ្តល់​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​ដល់​ពលរដ្ឋ​តួកគី


នេះ​ជា​ទិដ្ឋភាព​នៃ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​អង់ការ៉ា កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។
នេះ​ជា​ទិដ្ឋភាព​នៃ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​អង់ការ៉ា កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

សហរដ្ឋអាមេរិក​បាន​ផ្អាក​ផ្តល់​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​គ្រប់ប្រភេទ​ដល់​ពលរដ្ឋ​មក​ពី​ប្រទេស​តួកគី។ នេះ​បើ​យោង​តាម​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង អង់ការ៉ា។

សេចក្តីថ្លែងការណ៍​មួយ​ពី​ស្ថានទូត​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​មាន​សេចក្តីថា «ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​ក្នុង​ពេល​ថ្មីៗ​នេះ បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​វាយតម្លៃ​ឡើង​វិញ​ទៅ​លើ​ការ​ប្តេជ្ញា​របស់​រដ្ឋាភិបាល​តួកគី​ចំពោះ​សន្តិសុខ​នៃ​ទីតាំង​និង​បុគ្គលិក​របស់បេសកកម្ម​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ»។

សេចក្តីថ្លែងការណ៍​នេះ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​ខ្លួន​ត្រូវ​វាយតម្លៃ​ឡើង​វិញ​ទៅ​លើ​ការ​ប្តេជ្ញា​របស់​តួកគី​នោះ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា ការ​ផ្អាក​ផ្តល់​ទិដ្ឋាការ​នេះ​នឹង​ត្រូវ​បន្ត​ដល់​ពេល​ណា​នោះ​ដែរ។

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា «ដើម្បី​កាត់​បន្ថយ​ភ្ញៀវ​មក​កាន់​ស្ថានទូត​និង​ស្ថានកុងស៊ុល​របស់​យើង ខណៈ​ដែល​ការ​វាយតម្លៃ​ឡើង​វិញ​នេះ​ប្រព្រឹត្ត​ទៅ ចាប់​ពី​ពេល​នេះ​ត​ទៅ​ យើង​ផ្អាកការ​ផ្តល់​រាល់​សេវា​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​នៅ​គ្រប់​បេសកកម្ម​អាមេរិក​ទាំងអស់​នៅ​ក្នុង​ប្រទេស​តួកគី»។

កាល​ពី​សប្តាហ៍​មុន តួកគី​បាន​ចាប់​ខ្លួន​លោក Metin Topuz ​ជា​បុគ្គលិក​ស្ថានកុងស៊ុល​អាមេរិក​ម្នាក់​និង​ជា​ជនជាតិ​តួកគី។ លោក​ត្រូវ​ដោយ​ចោទប្រកាន់​ថា លោក​មាន​ទំនាក់ទំនង​ជា​ប្រចាំ​ជាមួយ​នឹង​មេដឹកនាំ​បណ្តាញ​មួយ​ដែល​តួកគី​ចោទ​ប្រកាន់​ថា​ជា​បណ្តាញ​ភេរវកម្ម​ និង​ជា​អ្នក​ដឹកនាំ​ការ​ធ្វើ​រដ្ឋ​ប្រហារ​បរាជ័យ​កាល​ពី​ឆ្នាំ​មុន​ដែល​ចង់​ទម្លាក់​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan៕

XS
SM
MD
LG