លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក James Mattis បានបញ្ជាក់ឡើងវិញនូវការបេ្តជ្ញាចិត្តរបស់ខ្លួនដើម្បីការពារប្រទេសតួកគី នៅពេលដែលប្រទេសនោះប្រឆាំងការសម្រេចចិត្តកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកដើម្បីផ្តល់អាវុធដល់អ្នកប្រយុទ្ធស៊ីរី Kurds នៅក្នុងការប៉ុនប៉ងមួយដើម្បីបណ្តេញជនសកម្មប្រយុទ្ធរដ្ឋឥស្លាមចេញពីទីតាំងដ៏រឹងមាំរបស់ពួកគេនៅក្រុង Raqqa។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis បានបញ្ជាក់ឡើងវិញនូវការបេ្តជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដល់សម្ព័ន្ធមិត្តអង្គការអូតង់បន្ទាប់ពីជំនួបកាលពីថ្ងៃព្រហស្បតិ៍ជាមួយលោក Binali Yildirim នាយករដ្ឋមន្រ្តីតួកគីដែលជាការចរចាកម្រិតខ្ពស់បំផុតរវាងប្រទេសទាំង២ចាប់តាំងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីថ្ងៃអង្គារអំពីផែនការដើម្បីផ្តល់អាវុធដល់ជនជាតិភាគតិចស៊ីរី Kurds ដែលគាំទ្រដោយសហរដ្ឋអាមេរិកដែលគេស្គាល់ថា ក្រុមYPG។
តួកគីបានជំទាស់ប្រឆាំងយ៉ាងខ្លាំងដល់កិច្ចព្រមព្រៀងផ្តល់អាវុធនោះហើយបានអំពាវនាវជាច្រើនលើកឲ្យច្រានចោលកិច្ចព្រមព្រៀងនោះ។ តួកគីជឿជាក់ថា ក្រុមជនជាតិភាគតិចស៊ីរី Kurds YPGជាក្រុមភេរវជនដែលជាផ្នែកមួយនៃគណបក្សពលករ Kurdistanខុសច្បាប់ដែលត្រូវបានចាត់ទុកជាក្រុមភេរវជនដោយតួកគី សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី Yildirimបានរិះគន់ជាសាធារណៈដល់ការសម្រេចរបស់សហរដ្ឋអាមេរិកដោយអះអាងថា សហរដ្ឋអាមេរិកមិនអាចប្រើក្រុមភេរវជនមួយប្រយុទ្ធក្រុមភេរវជនមួយទៀតទេ។
លោកនាយករដ្ឋមន្រ្តី Yildirim និងលោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis បានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍មុនពេលចាប់ផ្តើមសន្និសីទអន្តរជាតិក្នុងទីក្រុងឡុងដ៍ស្តីពីបញ្ហាសន្តិសុខនិងមនុស្សធម៌ក្នុងប្រទេសសូម៉ាលី៕