ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

១០​ឆ្នាំ​ក្រោយ​មក​ សង្គម​ស៊ីវិល ​និង​សកម្មជន​នៅ​ចង​ចាំ​ភាព​ក្លាហាន​របស់​លោក ​ឈុត វុទ្ធី


រូបឯកសារ៖ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ ធ្វើ​ដំណើរ​នៅ​ក្នុង​ខេត្ត​កោះកុង ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២។ (REUTERS/Samrang Pring)
រូបឯកសារ៖ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ ធ្វើ​ដំណើរ​នៅ​ក្នុង​ខេត្ត​កោះកុង ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២។ (REUTERS/Samrang Pring)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ សកម្មជន​សង្គម​ និង​បរិស្ថាន ​បង្ហាញ​ការ​ខកចិត្ត​ជាមួយ​នឹង​អាជ្ញាធរ​ពាក់​ព័ន្ធ​ដែល​មិន​ទាន់​ស្វែង​រក​ឃើញ​ជន​នៅ​ពី​ក្រោយ​ការ​រៀបចំ​ឱ្យ​មាន​ការ​បាញ់​សម្លាប់​សកម្ម​ជន​ព្រៃ​ឈើ​ល្បី​ល្បាញ​មួយ​រូប​គឺ​លោក​ ឈុត វុទ្ធី​ ដែល​បាន​កើត​ឡើង​កាល​ពី​១០​ឆ្នាំមុននៅ​ក្នុង​ខេត្ត​កោះកុង។​

លោក​ឈុត វុទ្ធី​ក៏​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្ម​ជន​បន្ត​ចងចាំ​អំពី​សេចក្តី​ក្លាហាន​របស់​លោក​ក្នុង​ការ​ការពារ​ធនធាន​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា។​

កាល​ពី​ថ្ងៃ​អង្គារ​ទី​ ២៦​ខែ​មេសា​នេះ​ គឺ​ជា​ខួប​១០​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​ឈុត វុទ្ធី ​ក្នុង​ពេល​លោក​ចុះ​ទៅ​អង្កេត​ទីតាំង​មួយ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ មាន​ការ​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ។​

អំឡុង​ពេល​រំឭក​ខួប​១០​ឆ្នាំ​នៃ​មរណភាព​របស់​លោក​ឈុត វុទ្ធី​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​នាំ​យក​លិខិត​ចំហ​រួម​មួយ​ ដាក់​ទៅ​ក្រសួង​យុត្តិធម៌ ​និង​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​ទាំង​២​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​ស្វែង​រក​ការណ៍​ពិត​ ដោយ​ឯករាជ្យ​ តម្លាភាព ​យុត្តិ​ធម៌​ ដើម្បី​ឈាន​ទៅ​កំណត់​រក​អ្នក​បញ្ជា​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ​ក្នុង​ករណី​បាញ់​សម្លាប់​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​រូប​នោះ។​

ក្រុម​សង្គម​ស៊ីវិល​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិសកុសល​ដល់​សកម្មជន​ព្រៃឈើ​ លោក ឈុត វុទ្ធី នៅ​ការិយាល័យ​ផ្ទះសាមគ្គី ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
ក្រុម​សង្គម​ស៊ីវិល​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិសកុសល​ដល់​សកម្មជន​ព្រៃឈើ​ លោក ឈុត វុទ្ធី នៅ​ការិយាល័យ​ផ្ទះសាមគ្គី ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

លិខិត​ចំហ​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៧​ស្ថាប័ន​ រួម​មាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ​អាដហុក​ ជាដើម​ នោះ​ឱ្យ​ដឹងថា ​ ​ការ​បាញ់​សម្លាប់​លោក ​ឈុត វុទ្ធី​ ត្រូវ​បាន​សង្ស័យ​ថា​ មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​រក​ស៊ី​ឈើ​ដោយ​ខុស​ច្បាប់។​

លិខិត​ចំហ​ដដែល​លើក​ឡើង​ថា៖​«យើង​ទាំង​អស់​គ្នា​ដែល​ជា​សមាគម​ អង្គការ​សង្គម​ស៊ីវិល​ សកម្ម​ជន​ និង​សហគមន៍​មូលដ្ឋាន​ សង្ឃឹម​យ៉ាង​មុតមាំ​ថា ​រាជ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ខាង​លើ​នឹង​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ឱ្យ​បាន​ឆាប់​រហ័ស​ និង​ដោយ​យកចិត្ត​ទុកដាក់​លើ​ករណី​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​ និង​ធនធាន​ធម្មជាតិ​លោក ឈុត វុទ្ធី​ ក៏​ដូច​ជា​បញ្ឈប់​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​របស់​យុវជន​ និង​អ្នក​ការពារ​ធនធាន​ធម្មជាតិ​ ដើម្បី​ឱ្យ​អ្នក​ទាំង​នោះ​អាច​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ​យ៉ាង​សកម្ម ​ជាមួយ​អាជ្ញាធរ​រដ្ឋ»។​

យ៉ាងណាក៏​ដោយ​ ក្នុង​ពេល​ដាក់​លិខិត​ទៅ​កាន់​ក្រសួង​ទាំង​២​នោះ​ គឺ​មាន​តែ​ក្រសួង​យុត្តិ​ធម៌​ប៉ុណ្ណោះ​ដែល​ព្រម​ទទួល​យក។ ​ចំណែក​ក្រសួង​មហា​ផ្ទៃ​បាន​បដិសេធ​មិន​ទទួល​យក​លិខិត​ចំហ​រួម​នោះ។​

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ​លោក​ ហេង គឹមហុង​ បង្ហាញ​ការ​សោក​ស្តាយ ​ដែល​ក្រសួង​មហាផ្ទៃ​បាន​ឆ្លើយ​តបដោយ​ មិន​ទទួល​យក​លិខិត​ចំហ​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ ក្រោម​ហេតុ​ផល​ថា ​លិខិត​នោះ​ត្រូវ​បាន​សរសេរ​មិន​ត្រឹម​ត្រូវ​តាម​កិច្ចការ​រដ្ឋបាល​ និង​ថា​ជា​«លិខិត​អនាមិក»។​

លោក​និយាយ​ថា៖​«នេះ​គឺ​ជា​រឿង​ដ៏គួរ​ឱ្យ​សោក​ស្តាយ។ ​ ការ​រំពឹង​ទុក​របស់​យើង​ថាក្រសួង​មហាផ្ទៃ​នឹង​ទទួល​យក​ហើយ​នឹង​បើក​ការ​ស៊ើប​អង្កេត​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​អំពី​ហេតុផល​រដ្ឋបាល​ ហើយ​មិន​ទទួល​លិខិត​របស់​យើង។ ​នេះ​ជា​រឿង​មួយ​ដែល​យើង​មាន​ការ​សោក​ស្តាយ​មែន​ទែន»។​

ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​សង្ឃឹម​ថា​ ​ក្រសួង​យុត្តិ​ធម៌​ដែល​ជា​ស្ថាប័ន​យុត្តិ​ធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​នឹង​បន្ត​ការ​ស៊ើប​អង្កេត​ជាពិសេស​នោះ​ស្វែង​រក​ជន​ដែល​នៅ​ពី​ក្រោយ​ខ្នង​អ្នក​ដែល​សម្លាប់​លោក​ ឈុត​ វុទ្ធី​នេះ។​

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ​ស៊ឹង សែន​ករុណា​យល់​ថា ​ក្រសួង​មហាផ្ទៃ ​មិន​គួរ​បដិសេធ​ និង​មិន​ទទួល​យក​លិខិត​ចំហ​ដោយ​សំអាង​ត្រឹម​តែ​មិន​បាន​បំពេញ​លក្ខខណ្ឌ​រដ្ឋបាល​នោះ​ទេ។ ​

បើ​តាម​លោក​ស៊ឹង សែនករុណា​ ​ប្រសិន​បើ​ក្រសួង​មហាផ្ទៃ​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​យក​លិខិត​នេះ​ទៅ​ពិនិត្យ​មើល​ និង​ដោះស្រាយ​បញ្ហា​ដែល​បាន​លើក​ឡើង​គឺ​អាច​ទៅ​រួច។ ​លោក​ប្រាប់​វីអូអេ​បន្ថែម​ថា៖​

«ខ្ញុំ​គិត​ថា​ បើ​ក្រសួង​មហាផ្ទៃ​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​លិខិត​ហ្នឹង​ គឺ​អាច​ទទួល​យក​បាន​ ហើយ​បើ​យើង​និយាយ​ពី​លិខិត​អនាមិក​យ៉ាង​ម៉េច ?​ បើ​ការ​ដាក់​លិខិត​ហ្នឹង​មាន​ការ​បញ្ជាក់​អំពី​ស្ថាប័ន​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ចូល​រួម​នៅ​ក្នុង​លិខិត​ចំហ​ហ្នឹង»។ ​

លោក​ឈុត វុទ្ធី ជា​អតីត​សកម្មជន​ការពារ​ព្រៃ​ឈើ​ម្នាក់​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ខេត្ត​កោះ កុង​ កាលពី​ថ្ងៃទី​ ២៦​ ខែ​មេសា ​ឆ្នាំ ​២០១២​ នៅ​ពេល​ដែល​លោក​ចុះ​ស៊ើប​អង្កេត​និង​ថតរូប​សកម្ម​ភាព​បទ​ល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ជា​មួយ​អ្នក​សារ​ព័ត៌មាន​ពីរ​រូប​របស់​កាសែត​The Cambodia Daily។​

ស្រប​ពេល​អង្គការ​សង្គម​ស៊ីវិល​រំឭក​ខួប​១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី​នោះ សកម្ម​ជន​មួយ​ក្រុម​ដែល​ភាគច្រើន​ជា​យុវតី​ និង​ដែល​ជា​អ្នក​តស៊ូ​មតិ​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​បង្ហាញ​បំណង​ជិះ​កង់​ធ្វើ​យុទ្ធនាការ​រំឭក​ខួប​នេះ​ផង​ដែរ។​

ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​សន្តិសុខ​ខណ្ឌ​ដូនពេញ​មិន​តិច​ជាង​២០​នាក់​ ចុះ​មក​ហាម​ឃាត់​ និង​មិន​អនុញ្ញាត​ឱ្យ​ជិះ​កង់​តាម​បំណង​របស់​ពួក​គេ​នោះ​ទេ​ និង​ក៏​មិន​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ធ្វើ​យុទ្ធនាការ​ដោយ​ការ​ដើរ​តាម​ផ្លូវ​សាធារណៈ​ទៅ​កាន់​ក្រសួង​យុត្តិធម៌​ ក្រសួង​បរិស្ថាន​ និង​ទៅ​បួងសួង​នៅ​មុខ​ព្រះ​អង្គ​ដង​កើ ​ដើម្បី​ រំឭក​នូវ​វីរភាព​របស់​លោក​ ឈុត វុទ្ធី។ ​សកម្មជន​ស្ត្រី​ទាំង​នោះ​ ចាត់​ទុក​ លោក​ ឈុត វុទ្ធី​ជា​«វីរភាព​មួយ​ដ៏​អស្ចារ្យ​ដែល​បាន​ការ​ពារ​ព្រៃឈើ​កម្ពុជា»។​

សកម្ម​ជន​ក្រុមខ្មែរ​ថាវរៈ​ អ្នកស្រី​ឈឿន ដារ៉ាវី​ ដែល​ស្ថិត​ក្នុង​ចំណោម​សកម្ម​ជន​ខាង​លើ​ ប្រាប់​វីអូអេ​ថា​ ការ​ធ្វើ​យុទ្ធនាការ​ជិះកង់​នេះ​គឺ​ជា​ការ​ចូល​រួម​ចំណែក​រក​យុត្តិ​ធម៌​ដល់​លោក ​ឈុត វុទ្ធី​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​គាត់ ​ពីព្រោះ​មក​ដល់​ពេល​នេះ ​អ្នក​ស្រី​ជឿ​ថា​ យុត្តិ​ធម៌​សម្រាប់​លោក​ ឈុត​ វុទ្ធី​ មិន​ទាន់​មាន​នៅ​ឡើយ​ទេ។​ អ្នកស្រី​និយាយ​ថា ការ​ដាក់​បន្ទុក​នៃ​ការ​សម្លាប់​លោក​ ឈុត វុទ្ធី​និង​ការ​ស្លាប់​នៃ​កងរាជ​អាវុធ​ហត្ថ​ម្នាក់​ទៅលើ​តែ​បុគ្គល​សន្តិសុខ​ក្រុមហ៊ុន​ម្នាក់​ នោះ​ គឺ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ។​

អ្នកស្រី​ថ្លែង​ថា៖ ​«មក​ដល់​ពេល​នេះ ​យើង​ឃើញ​ថា ​មិន​ទាន់​មាន​យុត្តិ​ធម៌​នៅ​ឡើយ​...​ មិន​ទាន់​ឃើញ​ថា​ វែក​ញែក​ វែក​មុខ​ឃាតក​ពិត​ ហើយ​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​សម្លាប់​លោក​ឈុត វុទ្ធី​នោះ​ទេ។​ អ៊ីចឹង​ អ្វី​ដែល​យើង​ចង់​បង្ហាញ​នោះ​គឺ ​យើង​យក​ផ្កាឈូក​ទៅ​ដាក់​នៅ​ក្រសួង​បរិស្ថាន​ ក្រសួង​យុត្តិធម៌​ដើម្បី​ឱ្យ​គាត់​ដឹង​ថា ពួក​គាត់​ត្រូវ​តែ​បំពេញ​តួនាទី​របស់​គាត់​ដើម្បី​ជា​ទី​ទុក​ចិត្ត​របស់​ពល​រដ្ឋ​ខ្មែរ»។​

ដោយ​ឡែក​សកម្មជន​ជា​បុរស​ពីរ​នាក់​ទៀត​គឺ​លោក ​ហ៊ុន វណ្ណៈ ​និង​លោក ​ស្វាយ សំណាង ​ដែល​ជា​សមាជិក​នៃ​ក្រុម​ខ្មែរ​ថាវរៈ​ ត្រូវ​គេ​ឃើញ​ប្រឈម​មុខ​ដោយ​ពាក្យ​សម្តី​ជា​មួយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ក្រោយ​សកម្ម​ជន​ជាស្ត្រី​ទាំង​៥​នាក់​នោះ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​ឱ្យ​ធ្វើ​យុទ្ធនាការ។​

អំឡុង​ពេល​នៃ​ការ​ប៉ុនប៉ង​ធ្វើ​យុទ្ធនាការ​រំឭក​ដល់​មរណភាព​របស់​លោក​ឈុត វុទ្ធី​នោះ​ សកម្មជន​មួយ​ចំនួន​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ពាក់អាវ​ដែល​មាន​រូប​លោក​ឈុត វុទ្ធី​ ភ្ជាប់​អក្សរ​មួយ​ចំនួន​ដូច​ជា​ «វីរៈ​បុរស​ ឈុត វុទ្ធី» «ខ្ញុំ​ជា​ ឈុត វុទ្ធី»​ និង​មាន​កាន់​រូប​ថត​លោក​ ឈុត វុទ្ធី ​ និង​ការ​តុប​តែង​ខ្លួន​ហើយនឹង​មួក​ដោយ​ភ្ជាប់​ជា​មួយ​ស្លឹក​ឈើ​ជ័រ​ ដើម្បី​តំណាង​ឱ្យ​ធនធាន​ធម្មជាតិ​ និង​ព្រៃ​ឈើ​ជាដើម។​

គួរ​រំឭក​ឡើង​វិញ​ផង​ដែរ​ថា​ បើ​តាម​របាយ​ការណ៍​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​កន្លង​មក​នោះ​ ​លោក ​ឈុត វុទ្ធី​ ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថ​ម្នាក់​គឺ​លោក ​អ៊ិន រតនា ​បាញ់​ស្លាប់​ បន្ទាប់​ពី​មាន​ជម្លោះ​ប្រកែក​គ្នា​រឿង​ដែល​កង​កម្លាំង​ចង់​រឹប​អូស​អង្គ​ចង​ចាំ​នៃ​កាមេរ៉ា​ដែល​ក្រុម​លោក​បាន​ថត​នៅ​ឯ​ទីតាំង​របស់​ក្រុមហ៊ុន ​Timber Green ​ដែល​ទទួល​ការ​អនុញ្ញាត​ឱ្យ​កាប់​រាន​ដី​ព្រៃ​ និង​ពង្រាប​បាត​អាង ​សម្រាប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ឫស្សី​ជ្រុំ ​ភាគ​ខាង​ជើង​ខេត្ត​កោះកុង។​

មន្ត្រី​អាវុធ​ហត្ថ​ឈ្មោះ​អ៊ិន រតនា​ក៏​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ផង​ដែរ។​ អាជ្ញាធរ​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្សេង​គ្នា ​មុន​នឹង​ចេញ​ការ​សន្និដ្ឋាន​ចុង​ក្រោយ​ថា​ សន្តិសុខ​ម្នាក់​របស់​ក្រុមហ៊ុន ​Timber Green​ ឈ្មោះ ​រ៉ាន់ បូរ័ត្ន ​បាន​ទៅ​ដណ្ដើម​កាំភ្លើង​ពី​មន្ត្រី​អាវុធ​ហត្ថ​អ៊ិន រតនា​រហូត​រេល​កៃ​បណ្ដាល​ឱ្យ​ស្លាប់​មន្ត្រី​អាវុធ​ហត្ថ​រូប​នេះ។​

ក្រៅ​ពី​តុលាការ​កាត់​ទោស​ឈ្មោះ​រ៉ាន់ បូរ័ត្ន ​ពី​បទ​«មនុស្ស​ឃាត​ដោយ​អចេតនា» ​ មិន​មាន​ជន​ណា​ផ្សេង​ទៀត​ត្រូវ​បាន​ស៊ើប​អង្កេត​ និង​នាំ​យក​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ។ ​សំណុំ​រឿង​បាញ់​ប្រហារ​នេះ​ក៏​ត្រូវ​បាន​បិទ​បញ្ចប់​តាំង​ពី​ចុង​ឆ្នាំ​២០១២​មក។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ ឈុត វុទ្ធី​ត្រូវ​បាន​តុលាការ​សាលាដំបូង​ខេត្ត​កោះកុង​ដោះ​ស្រាយ​និង​បិទ​បញ្ចប់​តាម​នីតិវិធី​រួចរាល់​ហើយ។ លោក​បន្ថែម​ថា​ ប្រសិន​បើ​គ្រួសារ​របស់​ជន​រងគ្រោះ​មិន​សុខ​ចិត្ត​គឺ​អាច​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត​បាន។​

លោក​ខៀវ សុភ័គ​ថ្លែង​ថា៖​«បើ​អ្នក​ឯង​មិន​ត្រូវ​ចិត្ត​ហ្នឹង​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​ទេ សាមី​ខ្លួន​ក្រុម​គ្រួសារ​ ហើយ​មេធាវី​ជន​រង​គ្រោះ​...​ ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ទៀត​ទៅ !អាហ្នឹង​ច្បាប់​របស់​កម្ពុជា។ មិន​មែន​អង្គការ​មហា​ជន​...​ស៊ីលុយ​ក្រៅ​ប្រទេស​មក​ធ្វើ​បាតុកម្ម​តាម​តែ​ញត្តិ ​[ចិត្ត] ​ឯង​នឹក​ឃើញ​នោះ​ទេ។ នគរ​មាន​ច្បាប់​មាន​ទម្លាប់!​បើ​តាម​តែ​ខ្លួន​ឯង​នឹក​ឃើញ​មិន​ពេញ​ចិត្តៗ​....​មិន​ពេញ​ចិត្ត​ទៅ​នៅ​លើ​មេឃ​តែ​ឯង​ទៅ!»​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក​ជិន ម៉ាលីន​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​ ប៉ុន្តែ ​លោក​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ សង្គម​ស៊ីវិល​កំពុង​ដើរ​តួនាទី​ធំ​ជាង​ស្ថាប័ន​យុត្តិ​ធម៌​ និង​ទាម​ទារ​ឱ្យ​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​ ផ្តល់​ភស្តុតាង​ជាក់លាក់​ក្នុង​ការ​បន្ត​រក​យុត្តិធម៌​ ដោយ​កុំ​គ្រាន់​តែ​ទាមទារ​តាម​ការ​នឹក​ឃើញ​ និង​តាម​អារម្មណ៍​នោះ៕

XS
SM
MD
LG