ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី១០នាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ជជែក​ដេញដោល​នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា​ខាង​មុខ​នេះ


រូបឯកសារ៖ ការជជែកដេញដោលក្នុងចំណោមបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។

អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​ជា​បេក្ខជន​នាំ​មុខ​គេ​ផ្អែក​លើ​ការ​ស្ទង់​មតិ​សាធារណៈ​នានា មាន​ឈ្មោះ​ដំបូង​គេ​នៅ​ក្នុង​បញ្ជី​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​ជជែក​ដេញដោល​លើក​ទី៣ របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នេះ។

បញ្ជី​សម្រាប់​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ខែ​កញ្ញា​នេះ​ត្រូវ​បាន​រៀបចំ​រួចរាល់​ហើយ។ បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សរុប​ចំនួន ១០ នាក់ មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​ជជែក​ដេញដោល​នៅ​ក្នុង​ទីក្រុង Houston រដ្ឋ Texas នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា​ខាង​មុខ​នេះ ដែល​ចំនួន​នេះ​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ចំនួន​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជជែក​ដេញដោល​គ្នា​កាល​ពី​ពីរ​លើក​មុន​ដែល​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ពីរ​យប់។

អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​ជា​បេក្ខជន​នាំ​មុខ​គេ​ផ្អែក​លើ​ការ​ស្ទង់​មតិ​សាធារណៈ​នានា មាន​ឈ្មោះ​ដំបូង​គេ​នៅ​ក្នុង​បញ្ជី​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​ជជែក​ដេញដោល​លើក​ទី៣ របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នេះ។

លោក Joe Biden និយាយ​ដូច្នេះ​ថា៖ «យើង​ត្រូវតែ​រួម​គ្នា​បង្រួប​បង្រួម​ប្រទេស​ជាតិ​ឡើង​វិញ។ ការ​ផ្ដួល​លោក Donald Trump គឺ​វា​នឹង​មិន​ទាន់​គ្រប់គ្រាន់​ទេ។ នេះ​គឺ​គ្រាន់តែ​ជា​ការ​កម្ចាត់​ឧបសគ្គ​ដ៏​ធំ​បំផុត​ចេញ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ យើង​ត្រូវតែ​បង្រួបបង្រួម​ប្រទេស​ជាតិ។ យើង​ត្រូវតែ​រួម​គ្នា​បង្រួប​បង្រួម​ប្រជាពលរដ្ឋ​ជា​ថ្មី​ឡើង​វិញ»។

នេះ​គឺ​ជា​លើក​ដំបូង​ហើយ ដែល​លោក Biden នឹង​ឡើង​លើ​ឆាក​ជជែក​ដេញដោល​ជាមួយ​នឹង​គូ​ប្រជែង​ដ៏​សំខាន់​របស់​លោក ដែល​នោះ​គឺ​អ្នកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Massachusetts។

អ្នកស្រី Warren ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង​នៅ​ក្នុង​ការ​ស្ទង់​មតិ ដោយសារ​អ្នកស្រី​បាន​សន្យា​ថា​នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ដោយ​ឥត​ចន្លោះ​ចំពោះ​ប្រទេស​ជាតិ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «យើង​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​ដោយ​ប្រើ​ច្បាប់​មួយ ឬ​ក៏​ច្បាប់​ពីរ​បី​នោះ​ទេ។ វិធី​តែ​មួយ​គត់​ដែល​យើង​អាច​ដោះស្រាយ​បញ្ហា​បាន​គឺ​ត្រូវ​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​ដ៏​ធំ​មួយ។ តើ​អ្នក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ឬ​នៅ​សម្រាប់​ការ​ផ្លាស់ប្ដូរ​នេះ?‍»។

អ្នក​ដែល​នឹង​ឡើង​ជជែក​ដេញដោល​នៅ​លើ​ឆាក​ផង​ដែរ​គឺ​លោក Bernie Sanders ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont។ លោក Sanders បន្ត​ប្រជែង​ជាមួយ​នឹង​អ្នកស្រី Warren ដើម្បី​ឲ្យ​បាន​ក្លាយជា​អ្នក​មាន​ការ​គាំទ្រ​លំដាប់​ទី​ពីរ​បន្ទាប់ពី​លោក Biden។

លោក Sanders និយាយ​ដូច្នេះ​ថា៖ «យើង​មិន​មែន​និយាយ​អំពី​ឋាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ យើង​និយាយ​អំពី​ប្រទេស​ជាតិ​មួយ​ដែល​មនុស្ស​រស់នៅ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ និង​សេចក្ដី​សុខ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​យើង​នឹង​សម្រេច​ឲ្យ​បាន​ទាំង​អស់​គ្នា‍»។

បេក្ខជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​ជជែក​ដេញដោល​នៅ​ខែ​កញ្ញា​នេះ​ផង​ដែរ​គឺ​អ្នកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ California លោក Pete Buttigieg អភិបាល​ក្រុង South Bend រដ្ឋ Indiana លោក Cory Booker សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ New Jersey លោក Beto O'Rourke អតីត​សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ Texas អ្នកស្រី Amy Klobuchar សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota លោក Julian Castro អតីត​រដ្ឋមន្ត្រី​ក្រសួង​លំនៅឋាន និង​អភិវឌ្ឍ​ទីក្រុង និង​លោក Andrew Yang ដែល​ជា​សហគ្រិន។

សម្រាប់​បេក្ខជន​ដទៃ​ទៀត​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ខក​ចិត្ត​ដ៏​ខ្លាំង​មួយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Susan Page នៃ​កាសែត USA Today។

អ្នកស្រី Susan Page និយាយ​ដូច្នេះ​ថា៖ «ដោយសារ​មាន​បេក្ខជន​ច្រើន​ដូច​នេះ ពលរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​យល់​ថា​បេក្ខជន​ណា​ល្អ ដើម្បី​សម្រេច​គាំទ្រ​បេក្ខជន​នោះ។ ប្រសិនបើ​អ្នក​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​បាន​ឡើង​ឆាក​ជជែក​ដេញដោល​នោះ​ទេ នោះ​វា​កាន់តែ​លំបាក​សម្រាប់​អ្នក​ទៅ​ទៀត»។

អ្នកស្រី Kirsten Gillibrand សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ New York ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ឡើង​ឆាក​ជជែក​ដេញដោល ហើយ​អ្នកស្រី​បាន​សម្រេច​ចិត្ត​បញ្ចប់​យុទ្ធនាការ​ឃោសនា​របស់​អ្នកស្រី​ភ្លាមៗ។

អ្នកស្រី​និយាយ​ដូច្នេះ​ថា៖ «វា​សំខាន់​ក្នុង​ការ​ដឹង​ថា​នៅ​ពេល​ណា​ដែល​មិន​ទាន់​ដល់​ពេល​របស់​អ្នក និង​ក្នុង​ការ​ដឹង​អំពី​ថា​តើ​អ្នក​អាច​បម្រើ​សហគមន៍ និង​ប្រទេស​របស់​អ្នក​ឲ្យ​បាន​ប្រសើរ​តាម​វិធី​ណា»។

លក្ខខណ្ឌ​កាន់តែ​តឹងតែង​ឡើង​សម្រាប់​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​របស់​បេក្ខជន​នៅ​ក្នុង​ការ​ជជែក​ដេញដោល​នេះ​កំពុង​ចាប់ផ្ដើម​ចម្រាញ់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​លោក Darrell West នៃ​វិទ្យាស្ថាន Brookings។

លោក Darrell West និយាយ​ដូច្នេះ​ថា៖ «ចំនួន​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ចាប់ផ្ដើម​ធ្លាក់​ចុះ នៅ​ពេល​ដែល​រដូវ​ស្លឹកឈើ​ជ្រុះ​ឈាន​ចូល​មក​ដល់ និង​ស្រប​ពេល​ដែល​ការ​ប្រជុំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Iowa នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ កាន់តែ​ខិត​ជិត​ចូល​មក​ដល់។ នៅ​ពេល​នោះ ប្រហែល​ជា​មាន​បេក្ខជន​ចំនួន ១២ នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​សម្រាំង​ដោយ​ហ្មត់ចត់»។

អ្នក​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​ជជែក​ដេញដោល​នៅ​ពេល​ខាង​មុខ​នេះ​ទៀត​មាន​ដូចជា​លោក Steve Bullock អភិបាល​រដ្ឋ Montana អ្នកស្រី Tulsi Gabbard សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ Hawaii និង​លោក Tom Steyer ដែល​ជា​សកម្មជន​បរិស្ថាន និង​ជា​មហា​សេដ្ឋី៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG