កងយោធានៃរដ្ឋាភិបាលប៉ាគីស្ថានបាននិយាយថា មានទាហានរដ្ឋាភិបាលយ៉ាងតិចណាស់១០នាក់បានត្រូវសម្លាប់កាលពីថ្ងៃសៅរ៍នៅក្នុងការវាយប្រហារពីរដោយពួកជនសកម្មប្រយុទ្ធ។
ទាហាន៦នាក់បានស្លាប់នៅក្នុងការវាយប្រហារទីមួយ នៅពេលដែលពួកជនសកម្មប្រយុទ្ធឆ្លងកាត់ព្រំដែនអាហ្វហ្គានីស្ថានបានបាញ់កាំភ្លើងទៅលើកងយាមល្បាតយោធាមួយនៅជិតប៉ុស្តិ៍សន្តិសុខមួយនៅក្នុងចំណុច Gurbaz នៃតំបន់ Wazirstan ខាងជើង។
ទាហានយោធាប្រតិព័ទ្ធបួននាក់ទៀតបានត្រូវសម្លាប់នៅក្នុងការវាយប្រហារទីពីរនៅក្នុងកិច្ចប្រតិបត្តិការឆែកឆេរមួយនៅជិត Turbat ក្នុងខេត្ត Baluchistan នាប៉ែកនិរតីនៃប្រទេសប៉ាគីស្ថាន។
ពួកតាលីបាន់ប៉ាគីស្ថាន ដែលជាក្រុមមួយដាច់ដោយឡែកពីចលនាសកម្មប្រយុទ្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅជិតខាងបានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនៅ Wazirstan ខាងជើង។
គ្មានការអះអាងទាមទារការទទួលខុសត្រូវពីក្រុមណាមួយដល់ការវាយប្រហារនៅ Baluchistan ទេ។
តំបន់ Wazirstan ខាងជើងធ្លាប់ជាកន្លែងមានការយកចិត្តទុកដាក់ខ្លាំងនៅក្នុងសង្គ្រាមសាកលប្រឆាំងនឹងភេរវកម្ម។ ការបោះឆ្នោតខេត្តបានធ្វើឡើងនៅទីនោះជាលើកដំបូងកាលពីដើមខែនេះដែលជាចំណាត់ការមួយឆ្ពោះទៅកាន់វិស័យនយោបាយទូលំទូលាយនៅក្រោយមានអំពើហិង្សាច្រើនឆ្នាំដែលបញ្ឆេះដោយពួកជនសកម្មប្រយុទ្ធ។
ស.រ.អា.បាននិយាយទទូចយូរយាមកហើយថា តំបន់ Wazirstan ខាងជើងជាកន្លែងជ្រកកោនសុខសាន្តសម្រាប់ពួកតាលីបាន់ ពួកអាល់កៃដា និងពួកជនសកម្មប្រយុទ្ធឯទៀតៗ ហើយនេះជាការចោទប្រកាន់មួយដែលអាជ្ញាធរប៉ាគីស្ថានបានបដិសេធរួចស្រេចហើយ។
ទោះណាជាសន្តិសុខនៅក្នុងតំបន់នោះបានត្រូវកែលម្អកាលពីប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ក៏ការវាយប្រហារកម្រិតតូចតាចនៅមានធ្វើតទៅទៀត៕