សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានសម្រេចដាក់ក្រុមសកម្មប្រយុទ្ធប្រឆាំងនឹងប៉ាគីស្ថានដ៏មានឥទ្ធិពលមួយដែលបានវាយប្រហារយ៉ាងប្រល័យនៅក្នុងតំបន់និងនៅក្រៅប្រទេសក្នុងតំបន់អាស៊ីខាងត្បូងថាជា អង្គការភេរវកម្មសកលលោក។
រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបានស្វាគមន៍ចំពោះចំណាត់ការនេះ ដែលនឹងជួយហាមឃាត់មិនឲ្យជនជាតិអាមេរិកាំងជាប់ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការណាមួយជាមួយនឹងសមាជិករបស់ក្រុមកងទ័ពរំដោះបាលូជីស្ថានឬហៅកាត់ថា BLA ហើយទ្រព្យសម្បត្តិទាំងអស់របស់ក្រុមនេះនៅសហរដ្ឋអាមេរិកក៏ត្រូវបានបង្កកទុកផងដែរ។
យោងតាមការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក «ក្រុម BLA គឺជា ក្រុមផ្តាច់ខ្លួនប្រដាប់អាវុធ ដែលមានគោលដៅវាយប្រហារលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល ជាពិសេសនៅក្នុងតំបន់ជនជាតិភាគតិច Baloch នៃប្រទេសប៉ាគីស្ថាន»។
ក្រុមសកម្មប្រយុទ្ធនេះធ្វើប្រតិបត្តិការនៅក្នុងខេត្តបាលូជីស្ថាន ភាគនិរតីនៃប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិ ហើយជាតំបន់ដែលចិនកំពុងធ្វើការវិនិយោគរាប់ពាន់លានដុល្លារដើម្បីសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលជា ផ្នែកមួយនៃគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្មរបស់ចិនដែលហៅកាត់ថា BRI។
ក្រុម BLA ដែលជា ក្រុមខុសច្បាប់នេះត្រូវបានគេចាត់ទុកថា ជាក្រុមធំជាងគេនិងមានប្រតិបត្តិការខ្លាំងជាងគេក្នុងចំណោមក្រុមសកម្មប្រយុទ្ធបាលូ ដែលប្រឆាំងទៅនឹងការគ្រប់គ្រងរបស់អាជ្ញាធរប៉ាគីស្ថាននៅក្នុងខេត្ត។ ក្រុមនេះបានវាយប្រហារភេរវកម្មប្រឆាំងនឹងអ្នកស្រុកនិងជនជាតិចិន ដែលធ្វើការនៅក្នុងខេត្តបាលូជីស្ថាន។
ក្រុម BLA នេះក៏បានអះអាងថា ខ្លួនគឺជា អ្នកវាយប្រហារគ្រាប់បែកអត្តឃាតកាលពីខែឧសភាទៅលើសណ្ឋគារប្រណិតមួយនៅជិតកំពង់ផែ Gwadar ដែលគ្រប់គ្រងដោយចិន។ ការវាយប្រហារនោះបានសម្លាប់បុគ្គលិកសណ្ឋាគារ ៤នាក់ និងទាហានប៉ាគីស្ថានម្នាក់៕