មន្រ្តីយោធាហ្វីលីពីនឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១០នាក់ ត្រូវបានសម្លាប់ និងជិត ៤០នាក់ ផ្សេងទៀតបានទទួលរងរបួស ដែលក្នុងនោះមានប៉ូលិសនិងយោធាផងដែរ នៅក្នុងករណីបំផ្ទុះគ្រាប់បែកបង្កប់ពីរលើកជាប់ៗគ្នា កាលពីថ្ងៃចន្ទ ដោយជនវាប្រហារគ្រាប់បែកអត្តឃាតនៅកោះភាគខាងត្បូងប្រទេសហ្វីលីពីន ដែលជាតំបន់កាន់កាប់មួយរបស់ក្រុមជីវពលអ៊ីស្លាម។
ការវាយប្រហារដោយគ្រាប់បែកអត្ថឃាត កើតមានឡើងក្នុងទីក្រុង Jolo នៅក្នុងខេត្ត Sulu ដែលមានពលរដ្ឋកាន់សាសនាអ៊ីស្លាមភាគច្រើនរស់នៅ និងជាកន្លែងដែលកងយោធារដ្ឋាភិបាលហ្វីលីពីន បានធ្វើការប្រយុទ្ធប្រឆាំងជាមួយក្រុម Abu Sayyaf អស់រយៈពេលជាយូរមកហើយ។
ឧត្តមសេនីយ៍ Corleto Vinluan ប្រាប់អ្នកសារព័ត៌មានថា ក្នុងការផ្ទុះលើកទី១ មានទាហាន ៥នាក់ និងជនស៊ីវិល ៤នាក់ ស្លាប់ដោយគ្រាប់បែកកែឆ្នៃដែលគេចងភ្ចាប់ទៅនឹងម៉ូតូ ហើយចតចោលនៅខាងក្រៅផ្សារទំនើបមួយកន្លែង។
ការផ្ទុះនេះកើតឡើងក្នុងអំឡុងពេលថ្ងៃត្រង់ ដែលបានធ្វើឲ្យកម្លាំងយោធា ១៦នាក់ និងជនស៊ីវិលប្រមាណ ២០នាក់ រងរបួស នេះបើតាមការលើកឡើងរបស់លោកវរសេនីយ៍ទោ Ronaldo Mateo ដែលបានស្រង់សម្តីរបស់អភិបាលក្រុងនេះ។
មន្ត្រីយោធានោះបញ្ជាក់ទៀតថា មុនការផ្ទុះនេះគេឃើញមានម៉ូតូមួយត្រូវបានចតចោលនៅខាងមុខហាងលក់គ្រឿងទេស ដែលមានមនុស្សច្រើនកុះករនៅទីនោះ រួមមានក្រុមទាហានផងដែរ។ ភ្លាមៗនោះ ម៉ូតូនោះក៏ផ្ទុះឡើងតែម្តង ចំពេលដែលកងកម្លាំងយោធាកំពុងត្រួតពិនិត្យសន្តិសុខនៅទីនោះ។
បន្តិចក្រោយមក ការផ្ទុះលើកទី២ ក៏កើតឡើងនៅលើផ្លូវដដែលជិតកន្លែងទីមួយដែរ ដោយមានស្ត្រីបំពាក់គ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះគ្រាប់បែកដែលចងភ្ចាប់ទៅនឹងខ្លួនរបស់នាង នៅពេលដែលក្រុមប៉ូលិសកំពុងបិទតំបន់នោះ។ ករណីផ្ទុះលើកទី ២ បានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងរបួសមន្ត្រីសមត្ថកិច្ចប្រមាណ ៦នាក់។ ទាហានម្នាក់បានព្យាយាមចាប់ស្ត្រីដែលមានគ្រាប់បែកក្នុងខ្លួននោះ នៅពេលដែលនាងបានបំផ្ទុះគ្រាប់បែកឡើង។
វរសេនីយទោ Mateo និយាយថា មានការសង្ស័យខ្លាំងថា ក្រុម Abu Sayyaf ជាអ្នកនៅពីក្រោយនៃការផ្ទុះទាំង២លើកនេះ៕