ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋធានី​ម៉ានីល​ត្រូវ​បិទ​សកម្មភាព​សង្គម​ឡើង​វិញ ដោយសារ​កំណើន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​


ពលរដ្ឋ​ហ្វីលីពីន​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ឱសថស្ថាន​មួយ​កន្លែង មួយ​ថ្ងៃ​មុន​រដ្ឋធានី​ម៉ានីល​ឈាន​ដល់​ការ​បិទ​សកម្មភាព​សង្គម​កាន់​តែ​តឹងរ៉ឹង កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
ពលរដ្ឋ​ហ្វីលីពីន​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ឱសថស្ថាន​មួយ​កន្លែង មួយ​ថ្ងៃ​មុន​រដ្ឋធានី​ម៉ានីល​ឈាន​ដល់​ការ​បិទ​សកម្មភាព​សង្គម​កាន់​តែ​តឹងរ៉ឹង កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

ប្រធានាធិបតី​ហ្វីលីពីន​បាន​ព្រមព្រៀង​បិទ​សកម្មភាព​សង្គម​នៅ​ក្នុង​រដ្ឋធានី​ម៉ានីល និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​ព្រមាន​ថា ហ្វីលីពីន​អាច​នឹង​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ខ្លាំង ខណៈ​ដែល​ករណី​ឆ្លង​ជំងឺ​នេះ​កំពុង​បន្ដ​កើនឡើង។ ​

លោក Harry Roque អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា រដ្ឋធានី​ម៉ានីល ដែល​មាន​ពលរដ្ឋ​រស់នៅ​ជាង ១២ លាន​នាក់ និង​ខេត្ត​ចំនួន ៥ ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​កុះករ នឹង​ត្រូវ​បិទ​សកម្មភាព​សង្គម​ឡើង​វិញ​រយៈពេល​ពីរ​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​អង្គារ​នេះ​ត​ទៅ។

ចំណាត់ការ​នេះ ដែល​ត្រូវ​បាន​ក្រុម​មន្ត្រី​សេដ្ឋកិច្ច​ជំទាស់ នឹង​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ដំណើរ​ពី​ផ្ទះ​នោះ​ទេ បើ​មិន​ចាំបាច់។

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​បន្ធូរបន្ថយ​ការ​បិទ​សកម្មភាព​សង្គម​កាល​ពី​ថ្ងៃ​ទី១ ខែមិថុនា ដើម្បី​ជួយ​ដល់​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស។

យោង​តាម​ការ​រឹតត្បិត​ថ្មី​នេះ ប៉ុស្ដិ៍​ល្បាត​ប៉ូលិស​នឹង​ដាក់​នៅ​តាម​ទីកន្លែង​មួយ​ចំនួន ដើម្បី​ធានា​ថា មាន​តែ​អ្នក​ដែល​មាន​សមត្ថកិច្ច ដូចជា​បុគ្គលិក​ពេទ្យ និង​និយោជិត​នៅ​តាម​ក្រុមហ៊ុន​សំខាន់ៗ​ប៉ុណ្ណោះ ដែល​អាច​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Eduardo Ano រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៕

XS
SM
MD
LG