អ្នកតាក់តែងច្បាប់ក្នុងប្រទេសហ្វីលីពីនបានអនុម័តច្បាប់ប្រឆាំងអំពើភេរវកម្ម ដែលពង្រីកអំណាចរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដើម្បីកំចាត់ក្រុមឧទ្ទាមប្រដាប់អាវុធ និងពួកអ្នកគាំទ្រគណបក្សកុម្មុយនិស្ត ដែលមានជាប់ពាក់ព័ន្ធនិងការតស៊ូដោយអំពើហិង្សាដែលរីករាលដាលក្នុងប្រទេស។
សភាជាន់ទាបក្នុងប្រទេសហ្វីលីពីន បានអនុម័តច្បាប់ប្រឆាំងភេរវកម្មឆ្នាំ២០២០ កាលពីដើមខែមិថុនា ហើយប្រធានាធិបតីហ្វីលីពីនលោក Duterte បានបង្ហើបថាលោកនឹងចុះហត្ថលេខាទៅលើច្បាប់នោះ។
លោក Duterte ត្រូវគេដឹងថាជាអ្នកបង្ក្រាបបញ្ហាគ្រឿងញៀនក្នុងប្រទេសហ្វីលីពីន ដែលបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើនចាប់តាំងពីរូបលោកឡើងកាន់អំណាចក្នុងឆ្នាំ២០១៦មក។ អ្នករិះគន់រូបលោកមានការព្រួយបារម្ភថា អាជ្ញាធរនឹងបកស្រាយច្បាប់ដើម្បីបញ្ឈប់រាល់សកម្មភាពរបស់អ្នកប្រឆាំង។ អ្នកវិភាគលើកឡើងថា មនុស្សមួយចំនួនដែលមានការពាក់ព័ន្ធនឹងក្រុមកុម្មុយនិស្តនឹងក្លាយជាគោលដៅពិសេសនៃការបង្រ្កាបនេះ។
លោកស្រី Maria Ela Atienza សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Philippines Diliman បានលើកឡើងថា៖ «ច្បាប់នេះមានភាពមិនច្បាស់លាស់ខ្លាំង ហើយថែមទាំងអាចនាំឱ្យមានការរំលោភបំពាន បើទោះបីជាមានឃ្លាមួយនៅក្នុងច្បាប់នោះចែងថា ការជួបប្រជុំនិងនិងការរិះគន់ប្រឆាំងរដ្ឋាភិបាល មិនត្រូវបានរាប់បញ្ចូលក្នុងច្បាប់នេះក៏ដោយ ព្រោះដោយសារហេតុផលថា ច្បាប់នេះមាននិយមន័យមិនច្បាស់លាស់ទាក់ទងនឹងអំពើភេរវកម្ម ដែលធ្វើឱ្យច្បាប់នេះអាចត្រូវបានគេយកទៅបកស្រាយបានច្រើនយ៉ាង»។
ច្បាប់ភេរវកម្មឆ្នាំ២០២០នេះ ជំនួសឱ្យច្បាប់ចាស់ឆ្នាំ២០០៧ ដោយដាក់បញ្ចូលនូវ «ការស្នើ» នៃការប្រព្រឹត្តអំពើភេរវកម្ម និងការបណ្តុះបណ្តាលភេរវករថាជាការបំពានច្បាប់។ ច្បាប់ថ្មីនេះក៏បានពង្រីកផងដែរនូវមធ្យោបាយរបស់រដ្ឋាភិបាល ក្នុងការតាមដានជនដែលត្រូវមន្ទិលសង័្សយថាជាភេរវករ។ ជនសង្ស័យអាចត្រូវគេចាប់ឃុំខ្លួនរយៈពេល១៤ថ្ងៃ នៅក្រោមច្បាប់ថ្មីដោយមិនចាំបាច់ត្រូវនាំខ្លួនទៅ បង្ហាញមុខនៅតុលាការជាមុននោះឡើយ ហើយចៅក្រមអាចកាត់ទោសដាក់គុកមួយជីវិត លើជនណាដែលរកឃើញថាមានទោសប្រព្រឹត្តអំពើភេរវកម្ម។
ច្បាប់ថ្មីចែងថា ភេរវកម្មជាអំពើសម្លាប់ ឬធ្វើឱ្យរាង្គកាយអ្នកដទៃរងនូវរបួសស្នាម ឬការប៉ុនប៉ងផ្តាច់ជីវិតជនណាម្នាក់។ ច្បាប់ថ្មីនេះក៏បានគ្របដណ្តប់ផងដែរ ទៅលើការធ្វើឱ្យខូចខាតនូវទ្រព្យសម្បត្តិសាធារណៈ ប្រសិនជាអំពើនោះត្រូវបានបង្កឡើងដើម្បីធ្វើឱ្យមានការភ័យខ្លាចនោះ។
អ្នកវិភាគជឿថា អាជ្ញាធរនឹងប្រើប្រាស់ច្បាប់នេះ ដើម្បីបង្ក្រាបទៅលើកងទ័ពប្រជាជនថ្មី ឬ New People’s Army ដែលជាសាខាមួយ នៃគណបក្សកុម្មុយនិស្តក្នុងប្រទេសហ្វីលីពីន។ កងទ័ពនេះធ្វើសកម្មភាពនៅតាមទីតំបន់ជនបទ ដែលមានអ្នកក្ររស់នៅហើយអ្នកខ្លះគាំទ្រក្រុមកុម្មុយនិស្ត។ កងទ័ពដែលគេជឿថាមានគ្នាប្រមាណ៤.០០០នាក់នោះ បានជ្រើសរើសសមាជិកមួយចំនួនរបស់ខ្លួនតាមបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសហ្វីលីពីន។
គណបក្សកុម្មុយនិស្តបានលើកឡើងក្នុងគេហទំព័ររបស់ខ្លួនថា រហូតមកដល់ថ្ងៃទី១០ ខែមេសានេះ មានកុបកម្មបះបោរជាច្រើនបានកើនឡើងក្នុងទីប្រជុំជនប្រមាណ២១៩ ក្នុងខេត្តចំនួន៣១ ក្នុងចំណោមខេត្តទាំងអស់៨១របស់ប្រទេសហ្វីលីពីន។ កងទ័ពនេះបានសម្លាប់មនុស្សសរុបប្រមាណ៣ម៉ឺននាក់ ក្នុងរយៈពេលជាង៥០ឆ្នាំមកនេះ ហើយគណបក្សកុម្មុយនិស្តបានប្រកាសលុបចោលនូវបទឈប់បាញ់មួយកាលពីថ្ងៃទី១ ខែឧសភា។
អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋានក្នុងទីក្រុងញូវយ៉ក បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី៥ ខែមិថុនាថា រដ្ឋាភិបាលបាន «កំណត់គោលដៅ» រួចហើយប្រឆាំងនឹងមនុស្សរាប់រយនាក់ដែលរួមមានសកម្មជន កសិករ អ្នកការពារបរិស្ថាន មេដឹកនាំសហជីព និងអ្នកសារព័ត៌មានជាដើម ដោយ «សង្ស័យថាពួកគេជាជនកុម្មុយនិស្ត ឬជាអ្នកគាំទ្រក្រុមកុម្មុយនិស្តជាដើម»។
លោក Renato Reyes អគ្គលេខាធិការនៃបុព្វហេតុសម្ព័ន្ធឆ្វេងនិយមរបស់អង្គការ Bagong Alyansang Makabayan ដែលមានមូលដ្ឋានក្នុងទីក្រុងម៉ានីល បានឱ្យដឹងថា សកម្មជនជាទូទៅប្រឈម «ការគំរាមកំហែងដ៏ធ្ងន់ធ្ងរនិងពិតប្រាកដមួយ»។ លោកបន្តថា ការចាប់ខ្លួនអាចត្រូវបានធ្វើឡើង ហើយគណនីធនាគារក៏អាចត្រូវបានគេបិទ ដោយសារ «តែបទសង្ស័យ» តែប៉ុណ្ណោះ។
លោក Reyes បន្តក្នុងសម្តីដើមយ៉ាងដូចនេះថា៖ «វាជាការងាយស្រួលណាស់ ក្នុងការធ្វើរឿងនេះដោយសារអ្នករិះគន់តែងតែត្រូវគេចាត់ទុកថាជាប់ពាក់ព័ន្ធនឹងក្រុមកុម្មុយនិស្ត ឬជាអង្គការជួរមុខនៃក្រុមកុម្មុយនិស្ត។ វាជាការប៉ះពាល់ដល់សកម្មជនស្របច្បាប់ អ្នករិះគន់ដទៃទៀត និងប្រជាជនសាមញ្ញផងដែរ»។
ច្បាប់ថ្មីប្រឆាំងអំពើភេរវកម្មរបស់ប្រទេសហ្វីលីពីននេះនឹងបើកដៃឱ្យមានការចាប់ខ្លួនតាមអំពើចិត្តនិងការកាត់ទោសជាប់ពន្ធនាគារដែលមានរយៈពេលវែង សម្រាប់មនុស្សនិងតំណាងអង្គការដែលធ្វើឱ្យលោកប្រធានាធិបតីហ្វីលីពីនមិនសប្បាយចិត្តនោះ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍របស់នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកតំបន់អាស៊ី។
ហ្វីលីពីនមិនមែនជាប្រទេសតែមួយគត់ដែលប្រើប្រាស់ច្បាប់ប្រឆាំងអំពើភេរវកម្មនោះទេ។ ច្បាប់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានទទួលរងការរិះគន់ខ្លាំងក្នុងឆ្នាំ២០១៧ ដោយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលថាច្បាប់របស់ប្រទេសអារ៉ាប៊ីសាអូឌីតនោះមានទិសដៅប្រឆាំងអ្នកនិពន្ធ និងអ្នកតស៊ូមតិសិទ្ធិមនុស្ស ទាក់ទងនឹងទស្សនៈអហិង្សារបស់ពួកគេ។ ជាមួយគ្នានេះផងដែរ ច្បាប់មួយដែលប្រទេសសិង្ហបុរីយកមកប្រើប្រាស់ក្នុងឆ្នាំ២០១៨ បានអនុញ្ញាតឱ្យប៉ូលិស ហាមប្រាមមិនឱ្យមានការបង្ហោះព័ត៌មាន ឬរូបភាពពីទីកន្លែងដែលកើតមានអំពើភេរវកម្ម។
លោក Eduardo Araral សាស្រ្តាចារ្យមហាវិទ្យាល័យនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី លើកឡើងថាមកដល់ពេលនេះ ពុំទាន់មានសញ្ញាណាមួយដែលថាមន្ត្រីហ្វីលីពីន បានរំលោភច្បាប់នោះនៅឡើយទេ។
លោក Araral ថា មានបុគ្គលតែម្នាក់គត់ ត្រូវបានគេរកឃើញថាមានទោសក្រោមច្បាប់ឆ្នាំ២០០៧ ហើយអ្នកតាក់តែងច្បាប់បានព្យាយាមបង្កើតចំណុចពិសេសមួយដោយមិនរាប់បញ្ចូលនូវការជួបជុំ និងការប្រឆាំងតវ៉ាធម្មតាទៅក្នុងច្បាប់ប្រឆាំងភេរវកម្មក្នុងឆ្នាំ២០២០នេះ។
លោក Araral បន្តក្នុងសម្តីដើមថា៖ «គេដឹងពីប្រតិកម្មដ៏ខ្លាំងក្លាប្រឆាំងនឹងច្បាប់នោះ ដូច្នេះខ្ញុំគិតថា ពួកគេសម្រេចការងារនោះដើម្បីធានាថា សិទ្ធិពលរដ្ឋត្រូវបានការពារយ៉ាងទំលំទូលាយ»។ លោកបន្ថែមទៀតថា ដោយឡែកសម្រាប់លោកប្រធានាធិបតី Duterte វិញ «គោលបំណងនៃច្បាប់នេះមែនទែនទៅ គឺដើម្បីផ្តល់ឱ្យរដ្ឋាភិបាលនូវឧបករណ៍មួយក្នុងការបញ្ចប់នូវការងើបបះបោរបស់ពួកកុម្មុយនិស្ត៕
ប្រែសម្រួលដោយ លោក ជ្រា វណ្ណារិទ្ធ