ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​១០រូប​នឹង​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​កូតឌីវ័រ​នា​ខែ​ក្រោយ


លោក​ Alassane Ouattara ​ប្រធានាធិបតី​​ប្រទេស​កូតឌីវ័រ (Ivory Coast) ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ទី៦៦​នៃ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​ពិភពលោក​មួយ​នេះ។
លោក​ Alassane Ouattara ​ប្រធានាធិបតី​​ប្រទេស​កូតឌីវ័រ (Ivory Coast) ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ទី៦៦​នៃ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​ពិភពលោក​មួយ​នេះ។

លោកប្រធានាធិបតី​ Alassane Ouattara ​របស់​ប្រទេស​កូតឌីវ័រមាន​គូ​ប្រជែង​ជាច្រើន​​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​ទី២៥​របស់​ប្រទេសនេះ នៅ​​ខែ​តុលា​ខាង​មុខ​។

លោក​ Alassane Ouattara ​ប្រធានាធិបតីប្រទេស​កូតឌីវ័រ (Ivory Coast) ប្រឈម​មុខ​នឹង​គូបដិបក្ខ​ជាច្រើន​នៅ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ជា​ប្រធានាធិបតី​នៅ​អាណត្តិ​ថ្មី​របស់​លោក​ក្នុង​ការ​បោះឆ្នោត​នា​ខែ​ក្រោយ។ មាន​បេក្ខជន​មិន​តិច​ជាង​៣៣នាក់ទេ ​បាន​ឈរ​ឈ្មោះ​ ប៉ុន្តែ​តុលាការ​ធម្មនុញ្ញ​បាន​សម្រេច​យក​បេក្ខជន​តែ​១០រូប​ប៉ុណ្ណោះ។

បេក្ខជន​១០រូប​ ដែល​ក្នុង​នោះ​មាន​បុរស​៨រូប និង​ស្រ្តី​២រូប​ នឹង​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​ទី២៥​របស់​ប្រទេស​កូតឌីវ័រ នៅខែ​តុលា​ខាង​មុខ​នេះ។

សំណួរ​មួយ​ក្នុង​ចំណោម​ការ​ចោទ​សួរ​ទាំងឡាយ​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​របស់​ប្រទេស​នេះ​ត្រូវ​ឆ្លើយ​នោះ​គឺ​ ថា​តើ​លោក​ Alassane Ouattara ដែល​ជា​ប្រធានាធិបតី​កាន់​អំណាច​បច្ចុប្បន្ន​ អាច​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ម្តង​ទៀត​បាន​ដែរ​ឬ​ទេ។ គូបដិបក្ខ​របស់​លោក​មួយ​ចំនួន​អះអាង​ថា​ លោក​ប្រធានាធិបតី​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​នោះ​ទេ​ ក៏ប៉ុន្តែ​លោក ​Mamadou Kone ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ បាន​សម្រេច​ថា​ លោក​ប្រធានាធិបតី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។

លោក​និយាយ​ថា បន្ទាប់​ពី​បាន​ពិនិត្យ​ការ​ដាក់​ពាក្យ​របស់​លោក ​Ouattara លោក​ឃើញ​ថា​សំណុំ​បែបបទ​របស់​លោក ​Ouattara បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​បោះឆ្នោត​ ហើយ​ឈ្មោះ​របស់​លោក​ Ouattara នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​ចុងក្រោយ​ដើម្បី​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី។

នៅ​មុន​ការ​ប្រកាស​នេះ កង​កម្លាំង​ប៉ូលិស​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំ​វិញ​អគារ​តុលាការ​ធម្មនុញ្ញ​នៅ​ក្នុង​ក្រុង ​Abidjan។

ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​សន្តិភាព ​បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល​អស់​ជាច្រើន​ឆ្នាំ និង​ការ​ប៉ះ​ទង្គិច​ជាច្រើន​លើក​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​កាលពី​ឆ្នាំ២០១០។

លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ពេល​នោះ​បាន​បង្ក​ឲ្យ​មាន​ជម្លោះ ​ហើយអ្នក​គាំទ្រ​លោក​ Laurent Gbagbo ​ដែល​ជា​ប្រធានាធិបតី​នា​ពេល​នោះ ​និងអ្នក​គាំទ្រ​បេក្ខជន​បក្ស​ប្រឆាំង​គឺ​លោក​ Alassane Ouattara ​បាន​ប៉ះ​ទង្គិច​គ្នា​អស់​រយៈពេល​ជាច្រើន​ខែ។ ការ​ប៉ះ​ទង្គិច​នោះ​ ​បាន​បណ្តាល​ឲ្យ​មនុស្ស​៣.០០០​នាក់​ស្លាប់។ នៅ​ទីបំផុត ​លោក​ Gbagbo ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​លោក ​Ouattara បាន​ក្លាយ​ជា​ប្រធានាធិបតី។

នា​ពេល​បច្ចុប្បន្ន​នេះ លោក ​Ouattara ​និង​គណបក្ស​របស់​លោក ​គឺ​គណបក្ស​«បណ្តុំ​នៃអ្នក​សាធារណរដ្ឋ»​ (Rally of the Republicans)​ ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​យល់​ឃើញ​ថា​ ជា​គណបក្ស​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះជា​លើក​ទី​២ នៅ​ពេល​ដែល​លោកប្រឈម​មុខ​នឹង​គូបដិបក្ខ​ជា​ច្រើន​ទៀត។

គណបក្ស​ធំៗ​ទាំង​ពីរ​ គឺ​ «គណបក្ស​ប្រជាធិបតេយ្យ​កូតឌីវ័រ (Democratic Party of Ivory Coast) និង​គណបក្ស​រណសិរ្ស​ឈានមុខ​កូតឌីវ័រ​ (Ivorian Popular Front) ​របស់​លោក ​Gbagbo បាន​រង​ការ​ប្រេះស្រាំ​ផ្ទៃ​ក្នុង​នៅ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​មុន​នេះ​ ដោយសារ​បុគ្គល​ជាន់ខ្ពស់​មួយ​ចំនួន​បាន​ចាកចេញ​ពី​គណបក្ស ហើយ​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​ឯករាជ្យ​ ឬ​បង្កើត​គណបក្ស​នយោបាយ​ដោយ​ខ្លួន​ឯង។

នៅ​ក្នុង​ចំណោម​បេក្ខជន​ទាំង​អស់​ មាន​អតីត​នាយក​រដ្ឋ​មន្រ្តី​ពីរ​រូប​គឺ​លោក​ Pascal Affi N'Guessan ​និង​លោក Charles Konan Banny​ រួម​ទាំង​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ លោក Amara Essy ​ក៏​ដូចជា​អតីត​ប្រធាន​សភា លោក Mamadou Koulibaly​ ផងដែរ

លោក ​Koulibaly​ ដែល​បាន​បង្កើត​គណបក្ស​ផ្ទាល់​ខ្លួនមាន​ឈ្មោះ​ថា​ Lider បាន​ចូលរួម​ជាមួយ​គណបក្ស​ចម្រុះ​មួយ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​លោក Ouattara។ លោកស្រី ​Monique Gbekia អគ្គលេខា​របស់​គណបក្ស​ Lider ពន្យល់​ពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គណបក្ស​ចម្រុះ​នេះ​ឡើង។​

លោកស្រី​និយាយ​ថា​ ពួក​គេ​ដឹង​រួច​ហើយ​ថា​ ពួកគេ​មិន​អាច​យក​ឈ្នះ​បេក្ខជន​ Ouattara ​ដោយ​រៀងៗ​ខ្លួន​បាន​ទេ ដូច្នេះ​ពួកគេ​ត្រូវ​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ។ លោកស្រី​និយាយ​ថា សមាជិក​របស់​គណបក្ស​ចម្រុះ​នេះ​មក​ពី​គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា​ ហើយ​ជួន​កាល​ពួកគេ​ក៏​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ផងដែរ ប៉ុន្តែ​ពួកគេ​មាន​គោលបំណង​រួម​គ្នា​មួយ​ នោះ​គឺ​ការ​ធ្វើ​ឲ្យ​ប្រទេស​កូតឌីវ័រ​មាន​ភាព​ល្អ​ប្រសើរ ​ដែល​មនុស្ស​គ្រប់​គ្នា​រួបរួម​គ្នា​ដើម្បី​សម្រេច​គោលបំណង​នេះ។

យុទ្ធនាការ​បោះឆ្នោត​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី៩ ​ខែតុលា ក៏​ប៉ុន្តែ​លោក ​Alassane Ouattara ​និង​គណបក្ស​របស់​លោក​បាន​ប្រកាស​ប្រកប​ដោយ​ការ​ជឿជាក់​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​ថា គោលដៅ​របស់​ពួក​គេ​ គឺ​មិន​ត្រឹមតែ​ត្រូវ​យក​ឈ្នះ​ប៉ុណ្នោះ​ទេ ប៉ុន្តែ​ត្រូវ​យក​ឈ្នះ​ក្នុង​ជុំ​ដំបូង​ទៀតផង៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG