ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស កូឌីវ័រ គាស់​​រណ្តៅ​​សាកសព​​រួមជាង​​១០​​កន្លែង​


នៅ​ទីតាំង​រណ្តៅ​សាកសព​​នៅ​ស្រុក យ៉ូពូហ្គុន (Yopougon) នៅ​ទីក្រុង​​​ អាប៊ីចាន (Abidjan)
នៅ​ទីតាំង​រណ្តៅ​សាកសព​​នៅ​ស្រុក យ៉ូពូហ្គុន (Yopougon) នៅ​ទីក្រុង​​​ អាប៊ីចាន (Abidjan)
ដោយ Robbie Corey-Boulet
ប្រទេស​កូឌីវ័រ (Ivory Coast) បាន​ចាប់​ផ្តើមគាស់រណ្តៅ​សាកសពរួម​ជាង​១០កន្លែង​ ដែល​មានកប់​សាកសពមនុស្ស បន្ទាប់​ពីអំពើ​ហិង្សា​ក្រោយ​ការបោះឆ្នោត​នៅ​ចន្លោះ​ឆ្នាំ​២០១០​និងឆ្នាំ​២០១១ របស់​ប្រទេស​នេះ។ នៅ​ឯពិធីបុណ្យមួយនៅ​ស្រុក យ៉ូពូហ្គុន (Yopougon) នៅ​ទីក្រុង​ អាប៊ីចាន (Abidjan) កាល​ពីថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​មន្ត្រីបាន​និយាយថា​ ដំណើរការ​នេះ​នឹង​ធ្វើ​ឲ្យ​ស្ងប់​ចិត្ត​ដល់​ក្រុម​គ្រួសារ ហើយ​នឹងជួយ​នាំ​យក​ជន​ដៃដល់​ក្នុង​អំពើ​ឧក្រិដ្ឋ​កម្ម​នេះ​ទៅ​កាន់​តុលាការ។ Robbie Corey-Boulet រាយការណ៍​សម្រាប់​វីអូអេពី​ទីក្រុង អាប៊ីចាន។
ស្ថិតិ​របស់​រដ្ឋាភិបាលបាន​រកឃើញ​រណ្តៅ​សាកសព​រួម​ចំនួន​៥៧​កន្លែង​សម្រាប់​គាស់ នៅ​ក្នុង​រដ្ឋធានីពាណិជ្ជកម្ម​ អាប៊ីចាន ហើយ​រណ្តៅទាំងនោះ​ជាច្រើន ត្រូវ​បាន​គេជឿ​ថា​មាន​សាកសព​ជាច្រើន។ ស្ថិតិជាតិ​ស្តីអំពី​រណ្តៅ​សាកសព​រួម មិន​ទាន់​ត្រូ​វបាន​ធ្វើ​ឡើង​នៅ​ឡើយ​ទេ ប៉ុន្តែ ក្រុម​មន្ត្រីបាន​និយាយ​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បីគាស់​រណ្តៅ​សាកសព​ទាំងនេះ ​នឹង​ពង្រីក​នៅ​ទូទាំង​ប្រទេសនៅទីបញ្ចប់។​
អំពើហិង្សា​នៅក្នុង​ប្រទេស កូឌីវ័រ បាន​បង្កឡើង​ដោយការ​បដិសេធ​មិន​ព្រម​ចុះ​ចេញ​ពីដំណែង​ពី​សំណាក់អតីត​ប្រធានាធិបតី​ លោក ឡូរ៉ង់ ក្បាបូ​ (Laurent Gbagbo) ​បន្ទាប់ពី​លោក​បាន​ចាញ់​នៅក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០ ទៅដៃគូ​ប្រជែង​របស់​លោក គឺ​ប្រធានាធិបតី​បច្ចុប្បន្ន អាឡាសង់ អូតារ៉ា (Alassane Ouattara)។ មនុស្ស​ជាង​៣ពាន់​នាក់ បានស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រយៈពេល៥ខែ នេះ​បើ​យោង​តាម​អង្គការ​សហប្រជាជាតិ។​
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ណេណេម៉ា ឃូលីបាលី (Gnenema Coulibaly) បាន​ធ្វើ​ជាអធិបតី​នៅក្នុង​ពិធី​មួយ នៅ​ទីតាំង​រណ្តៅ​សាកសព​ដំបូងគេបង្អស់​ដែល​ត្រូវបានគាស់។ រណ្តៅ​នោះមាន​ទី​តាំង​នៅក្នុង​ទីធ្លាវិហារ​មួយ​នៅ​ក្នុង​ស្រុក យ៉ូពូហ្គុន និង​មាន​សាកសពបុរស​បួននាក់ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​វិហារ​នោះ​ កាល​ពី​ខែ​មេសា​ ឆ្នាំ២០១១។​
លោក ឃូលីបាលី បាន​និយាយថា ការ​គាស់​រណ្តៅ​ដែល​ត្រូវបាន​ធ្វើឡើង​យ៉ាង​ប្រញាប់​ប្រញាល់​បែប​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ពី​ជម្លោះ​នេះ។
លោក ថ្លែងថា៖ «ពីរ​ឆ្នាំ​បន្ទាប់​ពី​សោកនាដកម្ម​នេះ សាកសព​ជាច្រើន​ស្ថិត​នៅស្ងប់​ស្ងៀមនៅ​ទីកន្លែង​សាធារណៈ ដោយ​រាប់​បញ្ចូល​ទាំង​ទីកន្លែង​គោរព​បូជា​ផង»។ លោក​ថ្លែងថា​ «វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បន្ត​គាស់​រណ្តៅ​ទាំង​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​សម្តែង​ភាព​ក្រៀម​ក្រំ និង​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើ​ប​អង្កេត​ខាង​ផ្លូវ​តុលាការ​ ដើម្បី​ស្វែង​រកការ​ពិតផង​ដែរ»។
លោក ឃូលីបាលី បាន​និយាយថា រណ្តៅ​សាកសព​រួម​ចំនួន​៣៦​ក្នុង​ចំណោម​រណ្តៅ​៥៧​កន្លែង​ ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ស្រុក យ៉ូពូហ្គុន ដែល​ជា​ផ្នែក​មួយ​នៃ​ទីក្រុង​នេះ ដែល​ក្រុម​អ្នកប្រយុទ្ធ​ដែល​ស្មោះ​ត្រង់​ចំពោះ​លោក ក្បាបូ និង​លោក​ អ៊ូតារ៉ា ​ត្រូវបាន​គេអះអាង​ថា បានប្រព្រឹត្តការ​សម្លាប់មនុស្ស​ក្នុង​ទ្រង់​ទ្រាយ​ធំ នេះ​បើ​យោងតាម​របាយការណ៍ពីក្រុម​អ្នក​សារព័ត៌មាន ក្រុម​ការពារ​សិទ្ធិមនុស្ស និង​អង្គការ​សហប្រជាជាតិ។
លោក អ៊ីសាកា ដាយប៊ី (Issiaka Diaby) ប្រធាន​សមាគម​ជនរង​គ្រោះ (Collective of Victims) នៅក្នុង​ប្រទេស កូឌីវ័រ បាន​ថ្លែង​ថា ​វា​ជាការលំបាក​សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុងស្រុកនេះ​ ក្នុង​ការ​ទទួល​យក​ការ​ផ្សះផ្សា នៅ​ពេល​ដែលសាច់​ញាតិ​ដែល​បាន​ស្លាប់ មិន​ត្រូវ​បានរៀប​ចំធ្វើបុណ្យ​ ដើម្បីឲ្យ​វិញ្ញាណក្ខន្ធ​របស់​ពួកគេ​បាន​ទៅកាន់​សុគតិភព​ឱ្យបាន​ត្រឹមត្រូវ។​
លោក​និយាយថា៖ «ការ​គាស់​រណ្តៅ​សាកសព គឺ​ជាកិច្ចការ​ដ៏​ល្អ​ប្រពៃ ពីព្រោះ​វា​មិន​មែន​ជារឿង​ងាយស្រួ​ល​ទេ ដែល​ឳពុកម្តាយ​របស់​ពួកគេ​ត្រូវធ្វើ​ដំណើរ​មក​កាន់​ព្រះ​វិហារ ហើយ​ធ្វើ​ការ​បន់ស្រន់ ខណៈដែល​សាច់ញាតិ​របស់​ពួកគេ​ត្រូវ​បាន​កប់​នៅខាង​ក្រៅ​វិហារ​នោះ។​ លោកនិយាយ​ថា៖ «​នៅ​ពេល​ដែល​អ្នក​គិត​អំពីករណី ដែល​សាកសព​ត្រូវ​បានកប់​នៅ​តាម​ផ្ទះ​សម្បែង​និង​កន្លែង​ផ្សេងទៀត​ ដំណើរការ​នៃ​ការគាស់​រណ្តៅ​នេះ​នឹង​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​របស់​ឳពុកម្តាយ និង​ក៏​ជួយ​កាត់​បន្ថយ​បំណង​ចង់​សងសឹក​ផងដែរ»។​
ពិធីបុណ្យ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ​រួម​បញ្ចូល​ទាំងក្រុមអ្នក​បន់​ស្រន់​ ដែល​ដឹកនាំ​ដោយមេដឹកនាំ​សាសនា​អ៊ីស្លាម និង​សាសនា​គ្រឹស្ត ព្រមទាំង​មានការ​ស្មឹង​ស្មាធ​រយៈពេល​ខ្លី​មួយ ​សម្រាប់​ជនរងគ្រោះ​នៃ​ការ​ប្រយុទ្ធ​គ្នា​នោះ៕
ប្រែសម្រួលដោយ​ លី​ សុខ​ឃាង
XS
SM
MD
LG