ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពុះពារ​របស់​កូឌីវ័រ​ជាមួយនឹង​ការផ្សះផ្សា​ធ្លាក់ចុះ​​កាន់​​តែ​​ជ្រៅ


លោក​ប្រធានាធិបតី​​ Laurent Gbagbo នៃ​ប្រទេស​ កូឌីវ័រ​ ថ្ងៃ​ទី​៦​ខែ​មករា​ឆ្នាំ​២០១១។
លោក​ប្រធានាធិបតី​​ Laurent Gbagbo នៃ​ប្រទេស​ កូឌីវ័រ​ ថ្ងៃ​ទី​៦​ខែ​មករា​ឆ្នាំ​២០១១។
ក្រុមអ្នក​ស្រាវជ្រាវ​ស្តីពី​សិទ្ធិ​មនុស្ស និងក្រុម​សកម្មជន​គណបក្ស​ប្រឆាំង ដែល​កំពុង​និរទេសខ្លួន និយាយថា រដ្ឋាភិបាល​ក្រោយ​សង្រ្គាម​ស៊ីវិល​នៅក្នុង​ប្រទេស​កូឌីវ័រ (Ivory Coast) បាន​ធ្វើ​កិច្ចការតិចតួច​ណាស់ដើម្បីការផ្សះផ្សា។ ពួកគេ​ក៏​បាន​ថ្លែង​ទៀតថា ប្រភេទ​យុត្តិធម៌​សម្រាប់អ្នក​ឈ្នះ និង​កងកម្លាំង​សន្តិសុខដែល​ពិបាកគ្រប់គ្រង​ កំពុងតែ​ធ្វើឱ្យការ​បែក​បាក់នយោបាយ​ដែល​មានស្រាប់ ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងនិងប្រកបដោយ​គ្រោះថ្នាក់។

ជនជាតិកូឌីវ័រ​ជាង​មួយរយ​នាក់ ដែល​កាលពីមុន​ជិតស្និទ​ជាមួយ​ អតីតប្រធានាធិបតី លោក ឡូរ៉ង់ បាកបូ (Laurent Gbagbo) ដែល​រាប់​បញ្ចូលទាំង​សមាជិក​គ្រួសារ​ផង កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​កូឌីវ័រ។

ពួកគេ​ប្រឈមមុខ​នឹង​បទ​ចោទ​ប្រកាន់​ទាំងឡាយ ដែល​រាប់​ចាប់ពីបទឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច រហូតដល់ការ​បង្កើត​ឱ្យមានអំពើហិង្សា ក្រោយ​ការ​បោះ​ឆ្នោតជ្រើសរើស​ប្រធានាធិបតី​ក្នុងឆ្នាំ​២០១០។ ហើយ​តួលេខ​នៃ បទ​ឧក្រិដ្ឋ​បន្តកើនឡើង។

នៅតាម​កញ្ចក់​ទូរទស្សន៍​របស់​រដ្ឋ កាលពី​ដើម​សប្តាហ៍​នេះ លោក ហាមេដ បាកាយ៉ូកូ (Hamed Bakayoko) រដ្ឋ​មន្រ្តី​មហាផ្ទៃ អាន​ឯកសារ ដែល​លោក​បាន​និយាយ​ថា ត្រូវបាន​រឹបអូស​ពី​អនុសេនីយឯក សេកា យ៉ាប៉ូ អានសែលម៉េ (Seka Yapo Anselme) ខណៈ​ដែល​អនុសេនីយ​ឯក​រូបនេះ​បានធ្វើ​ដំណើរ​ពី​ប្រទេស​ហ្គាណា (Ghana) ទៅកាន់​ប្រទេស​ហ្គីណេ​(Guinea)​តាម​ការចោទប្រកាន់​ ដើម្បី​ជ្រើសរើស​ទាហានស៊ីឈ្នួល។

អតីតជំនួយការផ្នែកសន្តិសុខ​របស់​លោក បាក​បូ ត្រូវ​បានបង្ហាញដោយ​គ្មានពាក់អាវ ជាមួយនឹង​លិខិត​ឆ្លងដែន​មួយ​នៅក្នុង​ដៃរបស់​គាត់។

លោក បាកាយ៉ូកូ បាន​និយាយ​ថា អាជ្ញាធរ​បាន​បំផ្លាញ​ផែនការក្បត់​មួយ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល ហើយ​បាន​សន្យា​ថា​នឹងចាប់​ខ្លួន​មនុស្ស​កាន់​តែ​ច្រើន។

ព្រឹត្តការ​នេះ​កើតឡើង​ភ្លាមៗបន្ទាប់​ពីការចាប់ខ្លួនអតីត​សម្ព័ន្ធ​មិត្រ​សំខាន់​មួយរូប​របស់​លោក​បាកបូ (Gbagbo) ដែល​កំពុង​រស់នៅ​ ប្រទេស​តូហ្គោ (Togo) គឺ​លោក ម័ស លីដា គូស៊ី (Moise Lida Kouassi) ព្រមទាំងការវាយ​ប្រហារយ៉ាងប្រល័យ ដោយ​ក្រុម​ប្រដាប់​អាវុធទៅលើ​ជនស៊ីវិល​និង​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ នៅក្បែរ​ព្រំដែន​នៃ​ប្រទេស​លីប៊ីរីយ៉ា (Liberia)។

អាជ្ញាធរកូឌីវ័រ កំពុង​ស្វែងរកកិច្ច​សហការ​ពី​បណ្តា​ប្រទេស​ទ្វីប​អាហ្រ្វិក​ខាងលិច​ជាច្រើន​ ដែល​រាប់​ទាំង​លីប៊ីរីយ៉ា​(Liberia)ផង ដែល​នៅទីនោះ អតីត​សម្ព័ន្ធមិត្រ​ទាំងឡាយ​របស់​លោក​បាក​បូ ដែល​ត្រូវ​តាម​រក​ចាប់​ខ្លួន ត្រូវបានជឿថា​កំពុង​លាក់​ខ្លួន​។

លោកបាក​បូ ខ្លួនឯង ត្រូវបាន​ឃុំឃាំងអស់​រយៈពេល៨ខែ នៅភាគ​ខាងជើង​នៃ​ប្រទេសកូឌីវ័រ មុនពេល​ត្រូវបាន​ប្រគល់​ខ្លួន​ទៅឱ្យ​តុលាការ​ឧក្រិដ្ឋ​កម្មអន្តរជាតិ (International Criminal Court) នៅក្នុង​ទីក្រុង ឡាអេ (Hague) កាលពី​ឆ្នាំមុន។​

ឥឡូវនេះ អតីតមេដឹកនាំ​រូបនេះ កំពុង​រង់ចាំ​សវនាការ​ក្នុង​ខែ​សីហា ថាតើ​លោកត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹងមនុស្ស​ជាតិ​ដែរ​ឬទេ។

ក្នុងន័យ​នេះ អតីត​អ្នកនាំ​ពាក្យ​មួយរូប​របស់​លោក បាក​បូ គឺលោក អាឡាំង ទូសាំងត៍ (Alain Toussaint) បាន​និយាយ​ថា លោក​ប្រាកដ​ជា​ឆ្កួត ប្រសិនបើ​លោក​វិលត្រឡប់​ទៅកាន់​ប្រទេស​របស់​លោក​វិញ។

ដោយ​បានថ្លែង​ទៅកាន់​វីអូអេ​ក្នុងកំឡុងដំណើរទស្សនកិច្ចកាលពីពេល​ថ្មីៗ​នេះទៅកាន់​រដ្ឋធានី វ៉ាស៊ីនតោន លោក​បាន​និយាយ​ថា លោក​មិនមានចិត្ត​ធ្វើអត្តឃាតនោះទេ។

«ខ្ញុំ​ចង់​មាន​សេរីភាព​ក្នុង​ការធ្វើ​ដំណើរ សេរីភាព​ក្នុងការបញ្ចេញ​មតិ និង​សេរីភាពក្នុងការគិត ដោយ​មិន​ប្រថុយ​ប្រថានជាមួយគ្រាប់​កាំភ្លើងនោះ​ទេ»។

អតីត​គណបក្ស​របស់​លោក បាក​បូ គឺ​គណបក្ស​រណសិរ្ស​ប្រជាពលរដ្ឋ​កូឌីវ័រ​ (Ivorian Popular Front) បាន​ធ្វើពហិការមិនចូល​រួមការបោះឆ្នោត​សភា ​ក្រោយពេលមាន​វិបត្តិ ព្រមទាំង​កិច្ច​ប្រជុំស្តីពី​ការផ្សះផ្សា​ជាតិ។

ក្រុម​មេដឹកនាំ​គណបក្ស ដែល​មិនត្រូវបាន​ឃុំខ្លួន ថ្លែងថា ពួកគេ​ទទួល​រងនូវ​ការយាយី​និង​ធ្វើបាប​ដោយ​មាននិទណ្ឌភាព​ពី​សំណាក់​កងកម្លាំង​សន្តិសុខ។

ពួកគេបដិសេធ​ការចោទប្រកាន់​ដែលថា សម្ព័ន្ធមិត្រ​របស់​លោក បាក​បូ ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​នៅថ្ងៃទី​៨ ខែ​មិថុនា ក្បែរ​ទីក្រុង តៃ (Tai) ដោយបង្វែរ​ការ​ស្តីបន្ទោស​ការវាយប្រហារនោះ​ទៅលើក្រុមទាហានស៊ីឈ្នួល​មក​ពី​ប្រទេស ប័រគីណា ហ្វាសូ (Burkina Faso)វិញ។

លោក​ប្រធានាធិបតី អាឡាសង់ អូតតារ៉ា (Alassane Ouattara) ដែល​បាន​ឡើង​កាន់​អំណាច បន្ទាប់ពីត្រូវបាន​ប្រកាស​ថា​ជា​អ្នកឈ្នះ​នៅក្នុង​ការបោះ​ឆ្នោត​ប្រកបដោយ​ជម្លោះ បាន​ធ្វើ​ការ​សន្យាម្តង​ហើយ​ម្តងទៀត ថា​លោក​នឹង​ស្វែងរកការផ្សះផ្សា​ជាតិ​និង​យុត្តិធម៌។

ប៉ុន្តែ កងទ័ព​ដែល​គាំទ្រ​លោក អូតតារ៉ា មួយរូប មិនទាន់​ត្រូវបាន​ចាប់​ខ្លួននៅឡើយ​ ហើយ​វេទិការ​ផ្សះផ្សា​ទាំងឡាយ​ដែល​បាន​គ្រោងទុក មាន​ភាព​យឺតយ៉ាវ​នៅក្នុងការចាប់ផ្តើម។

ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​លោក អូត​តារ៉ា បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ នៅ​ក្នុង​កំឡុងពេល​នៃ​ការគ្រប់គ្រង​របស់​ពួកគេ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស កូឌីវ័រ នៅក្នុង​អណត្តិ​ប្រធានាធិបតី​របស់​លោក បាកបូ ប៉ុន្តែ សមាជិក​របស់​ពួកគេ​មិនទាន់​ប្រឈមមុខ​នឹង​ការចោទ​ប្រកាន់​នៅឡើយទេ។

លោក ម៉ាត់ វែលស៍ (Matt Wells) ដែល​មកពី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក មាន​ការព្រួយបារម្ភអំពី​អតុល្យភាព​នេះ។

«មាន​អារម្មណ៍​ថា ប្រព័ន្ធ​យុត្តិធម៌​មិនអាច​ជឿទុកចិត្ត​បានទេ​ ហើយថាតាមពិត ​ការ​បាត់​បង់នីតិរដ្ឋនៅក្នុង​ប្រទេស កូឌីវ័រ (Cote d’Ivoire) បាន​ជួយទ្រទ្រង់​ដល់​អំពើ​ហិង្សា​កាលពី​មួយ​ទសវត្សរ៍​កន្លង​មក។ ដូច្នេះ ការស្តារ​នីតិរដ្ឋឡើង​វិញ​មាន​សារសំខាន់ ហើយ​នឹង​អាច​កើតមាន​ឡើង ​នៅពេល​ដែល​រដ្ឋាភិបាល​របស់​លោក អូតតារ៉ា បង្ហាញ​ថា ភាគី​របស់​ខ្លួន​គឺ​មិន​ស្ថិត​នៅពីលើ​ច្បាប់»។

ចំណុចមួយ​ដ៏គួរឲ្យ​ព្រួយបារម្ភ គឺទីក្រុង ឌុគូ (Duekoue)​ភាគ​ខាងលិច​ ដែល​មានភាព​តានតឹង​ផ្នែក​ជាតិពន្ធុ ដែល​នៅទីនោះ ការរំលោភ​បំពាន​ពីសំណាក់​កងកម្លាំង​សន្តិសុខ​ប្រឆាំងនឹង​ជនស៊ីវិល​នៅតែបន្តកើត​មាន។

ឧទាហរណ៍​ដែល​អាក្រក់បំផុត​ គឺ​នៅក្នុង​ខែមីនា ឆ្នាំ​២០១១ ជនស៊ីវិល​រាប់រយ​នាក់​ត្រូវបាន​សម្លាប់ នៅពេល​ដែល​កងកម្លាំង​ដែល​គាំទ្រ​លោក អូតតារ៉ា ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងជើង បាន​ធ្វើការវាយ​ប្រហារ​ប្រកបដោយ​ការសម្រេចចិត្ត​មួយ ទៅលើ​ទីតាំង​ដែល​នៅសេសសល់របស់​លោក បាកបូ។

អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង ឡុងដ៍ (London) បាន​អំពាវនាវ​ឱ្យមាន​ការ​ពិនិត្យមើល​ឡើងវិញ​ទៅលើ​ច្បាប់ព្រហ្មទណ្ឌ​ជាតិ​របស់​ប្រទេស កូឌីវ័រ ដើម្បី​ធានា​ឱ្យបាន​ថា ច្បាប់​នេះ​អាច​កាត់ទោស​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ចំពោះ​មុខ​តុលាការ​ជាតិ។

ការស្រាវជ្រាវ​របស់​ខ្លួន​បានបង្ហាញ​ថា ការសម្លាប់​នៅតំបន់ ឌុគូ គឺជា​ផ្នែក​មួយ​នៃ​ការវាយ​ប្រហារ​យ៉ាង​រាលដាលទៅលើ​ជនស៊ីវិល ពីសំណាក់​កងកម្លាំង​ដែល​គាំទ្រ​លោក បាកបូ ព្រមទាំងកងកម្លាំង​ដែល​គាំទ្រ​លោក អូតតារ៉ាផងដែរ។

ជាជាង​ការចាប់​ខ្លួន​បន្ថែម​ទៀត លោក ទូសាំងត៍ និយាយ​ថា លោក​ចង់​ឃើញ​ការ​ចរចាប្រកប​ដោយ​ភាព​ស្មោះត្រង់រវាង​រដ្ឋាភិបាល​និង​ក្រុម​អ្នក​គាំទ្រ​របស់លោក បាក​បូ ព្រមទាំងការ​ដោះលែងជាបន្ទាន់នូវជន​ទាំងឡាយណា ដែល​មិនបាន​ប្រព្រឹត្តខុស​។

«សន្តិភាព​នៅកូឌីវ័រ មានភាព​ផុយស្រួយ​ខ្លាំងណាស់​ ដូចពេល​បច្ចុប្បន្ន​នេះដែរ។ ប្រជាពលរដ្ឋ កូឌីវ័រ សមនឹង​ទទួលបាន​ការរស់នៅ ដោយ​គ្មានការភ័យខ្លាច​ពី​រដ្ឋប្រហារសារជា​ថ្មី ឬភាព​ប្រទូស្តរាយ​សារជាថ្មី​ទៀត​ឡើយ។ វាមិនមែន​ជា​ផលប្រយោជន៍​របស់​ជនណា​ម្នាក់​នោះទេ ក្នុង​ការការពារ​សន្តិភាពដ៏យូរ​អង្វែងនៅក្នុង​ប្រទេស​របស់​យើង»។

ក្រុម​មន្រ្តី​រដ្ឋាភិបាល កូឌីវ័រ ថ្លែងថា ពួកគេ​ត្រៀមខ្លួន​រួចជា​ស្រេចដើម្បី​សហការជាមួយ​គូរបដិបក្ខ​នយោបាយ ដែល​នឹង​ទទួល​យក​លោក អូតតារ៉ា ជា​ប្រធានាធិបតី​របស់​ពួកគេ ប៉ុន្តែ​មិនមែន​ជាមួយ​អ្នក​ទាំងឡាយ ដែល​នៅតែ​បន្ត​ប្រឆាំង​ទៅនឹង​ស្ថានភាព​នាពេល​បច្ចុប្បន្ន​នោះទេ៕

ប្រែសម្រួលដោយ ឌី ខាំបូលី
XS
SM
MD
LG