ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារលើស្ថានីយទូរទស្សន៍ឯកជនរបស់អាហ្វហ្គានីស្ថាននៅក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថាន នៅថ្ងៃអង្គារនេះ បានធ្វើឲ្យមនុស្សស្លាប់យ៉ាងតិចពីរនាក់ និងរបួសជាង២០នាក់។ ក្រុមរដ្ឋឥស្លាមប្រកាសទទួលខុសត្រូវថា ខ្លួនរៀបចំផែនការវាយប្រហារលើស្ថានីយទូរទស្សន៍ឈ្មោះ Shamshad នៅទីក្រុងនេះ។
សាក្សីនានានិយាយថា ការវាយប្រហារនៅពេលព្រឹកនេះបានចាប់ផ្តើមដោយការដាក់គ្រាប់បែក ដែលបើកផ្លូវឲ្យអ្នកវាយប្រហារផ្សេងទៀតសម្រុកចូលស្ថានីយនោះ។ ក្រៅពីនេះក៏មានឮសំឡេងផ្ទុះបីលើក អំឡុងពេលមានការវាយប្រហារដែលមានរយៈពេលច្រើនម៉ោងនោះ មុនពេលកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបាញ់សម្លាប់ពួកអ្នកវាយប្រហារ។ ក្រោយពីបានផ្អាកការផ្សាយរបស់ខ្លួន អ្នកផ្សាយទូរទស្សន៍បានផ្សាយកម្មវិធីខ្លួនឡើងវិញ ហើយនិយាយថា ការវាយប្រហារលើស្ថានីយទូរទស្សន៍ឈ្មោះ Shamshad បានបញ្ចប់ហើយ។
បុគ្គលិកម្នាក់នៅស្ថានីយនេះបានប្រាប់ VOA ថា យ៉ាងហោចណាស់មានមនុស្ស២០នាក់បានរងរបួស ដែលភាគច្រើនគឺជាអ្នកធ្វើការនៅស្ថានីយនោះ បានត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅរដ្ឋធានីអាហ្វហ្គានីស្ថាន។
រូបវីដេអូទូរទស្សន៍បង្ហាញសមាជិករបស់កងកម្លាំងអាហ្វហ្គានីស្ថានឈ្មោះអង្គភាពឆ្លើយតបនឹងវិបត្តិ បានឡោមព័ទ្ធនៅទីនោះ ដោយបានព្យាយាមចូលក្នុងអគារ ពេលពួកគេបាញ់តគ្នាជាមួយអ្នកវាយប្រហារដោយប្រើអាវុធធុនធ្ងន់។
ក្រុមតាលីបង់ បានបដិសេធថា ខ្លួនមិនមានជាប់ទាក់ទងនឹងរឿងនេះទេ។
Abed Ehsas នាយកស្ថានីយនេះបានប្រាប់បណ្តាញទូរទស្សន៍ឯកជន TOLO របស់អាហ្វហ្គានីស្ថានថា ក្រុមវាយប្រហារបានគប់គ្រាប់បែក ស្លាប់សន្តិសុខយ៉ាងតិចម្នាក់ និងធ្វើឲ្យរបួសជាច្រើនទៀត មុនពួកគេចាប់ផ្តើមបាញ់មនុស្សគ្រប់រូបឲ្យតែគេប្រទះឃើញ៕