ការផ្ទុះគ្រាប់បែកយ៉ាងខ្លាំងនៅក្នុងឡានមួយគ្រឿងនៅព្រឹកថ្ងៃពុធនេះនៅក្នុងសង្កាត់អ្នកការទូតក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថានបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៨០នាក់ស្លាប់ និងបានធ្វើឱ្យមនុស្សជាង៣៥០នាក់ទៀតត្រូវរបួស។
លោក Wahidullah Majroh អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់ VOA ចំនួនមនុស្សស្លាប់ ដោយលោកបានថ្លែងថាចំនួនមនុស្សស្លាប់អាចកើនច្រើនថែមទៀត។
ការផ្ទុះគ្រាប់បែកនេះបានកើតមានឡើងនៅក្នុងតំបន់ Wazir Akbar Khan នៅកណ្តាលក្រុងកាប៊ុលដែលជាកន្លែងមានស្ថានបេសកកម្មបរទេស និងការិយាល័យរដ្ឋាភិបាល ហើយបានបណ្តាលឱ្យខូចខាតយានយន្តរាប់សិបគ្រឿងនិងអាគារនៅជិតខាងទីនោះ។ របាយការណ៍ដំបូងៗនិយាយថា គ្រឿងផ្ទុះមានលាក់នៅក្នុងឡានដឹកទឹកមួយគ្រឿង។
ការផ្ទុះគ្រាប់បែកនេះបានកើតមានឡើងមិនឆ្ងាយពីស្ថានទូតអាល្លឺម៉ង់ទេ។ រូបថតផ្សព្វផ្សាយតាមបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា ការផ្ទុះនេះបានបំផ្លាញផ្នែកមួយនៃស្ថានបេសកកម្មការទូតអាល្លឺម៉ង់។ លោក Sigmar Gabriel រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បាននិយាយតាម Twitter ថាឆ្មាំសន្តិសុខអាហ្វហ្គានីស្ថានម្នាក់ស្ថិតនៅក្នុងចំណោមពួកជនដែលបានបាត់បង់ជីវិត ហើយថាបុគ្គលិកមួយចំនួនបានត្រូវរបួស។
ការផ្ទុះគ្រាប់បែកនេះក៏បានបំផ្លាញផ្នែកជាច្រើននៃអាគារមួយនៅជិតខាងទីនោះដែលក្នុងនោះមានការិយាល័យធំនៃក្រុមហ៊ុន Roshan ដែលជាក្រុមហ៊ុនទូរគមនាគមន៍នាំមុខគេនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានប្រញាប់ប្រញាល់បិទកន្លែងនោះមិនឱ្យមនុស្សចេញចូល ហើយក្រុមទាហានអន្តរជាតិបានទៅដល់កន្លែងកើតហេតុដើម្បីជួយក្នុងការខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ទូរទស្សន៍អាហ្វហ្គានីស្ថានបានបង្ហាញឱ្យឃើញពីសកម្មភាពឡានពេទ្យរាប់សិបគ្រឿងដឹកពួកជនត្រូវរបួសទៅកាន់មន្ទីរពេទ្យដោយមានរួមបញ្ចូលទាំងស្ត្រីផងដែរ។
គ្មានការអះអាងទាមទារការទទួលខុសត្រូវជាបន្ទាន់ចំពោះអ្វីដែលក្រុមអ្នកស្រុកក្រុងកាប៊ុល និយាយថាហាក់ដូចជាការបំផ្ទុះគ្រាប់បែកមួយដ៏ប្រល័យបំផុតក្នុងរយៈពេលច្រើនឆ្នាំមកហើយ។
ពួកតាលីបង់បានបដិសេធថា ពួកគេគ្មានទាក់ទិនអ្វីនឹងការវាយប្រហារនេះទេដោយនិយាយថាពួកបះបោរនេះមិនបានបំផ្ទុះគ្រាប់បែកនេះឡើយ៕