ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេចក្ដី​អំពាវនាវ​ឲ្យ​កុងហ្គោ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​កេង​ប្រវ័ញ្ច​ថវិកា​៣.០០០​លាន​ដុល្លារ

  • Nick Long

លោក Lambert Mende ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង និង​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ការិយាល័យ​របស់​លោក នៅ​ក្នុង​ក្រុង​គីនស្ហាសា (Kinshasa) កាលពី ​ខែ​មិនា ឆ្នាំ២០១១។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​សមាជិក​សភា​កុងហ្គោ និង​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កុងហ្គោ ករណី​ពុករលួយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោត្រូវ​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ដោយ​គ្មាន​ការ​ពន្យល់​ជា​ផ្លូវការ​ណា​មួយ​ឡើយ។ ក្រុម​ស៊ើប​អង្កេត​កំពុង​តែ​ធ្វើការ​លើ​ករណី​កេងប្រវ័ញ្ច​មួយ ដែល​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​បាត់បង់​ថវិកា​របស់​ខ្លួន​រហូត​ដល់​ជាង​៣.០០០លាន​ដុល្លារ។

ការ​ស៊ើបអង្កេត​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​អង្កេត​លើ​ករណី​ចោទ​ប្រកាន់​ពី​អំពើ​ពុក​រលួយ​មួយ​ក្នុង​រយៈ​ពេល​ជាង​បួន​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០០៩ ដល់ ២០១៣ គឺ​លើ​សេវា​ពន្ធ​គយ​នៅ​ក្នុង​ខេត្ត Katanga នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កុងហ្គោ។ ខេត្ត Katanga គឺ​ជា​ទីតាំង​នៃ​ប្រភព​ធនធាន​រ៉ែ​នាំ​ចេញ​ដ៏​ធំ​មួយ​របស់​កុងហ្គោ និង​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​នេះ​ទាំងមូល​ផង​ដែរ។

នៅ​សប្ដាហ៍​កន្លង​មក​នេះ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​លោក Mushizi Kizito បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឡើង​វិញ​តាម​ផ្លូវ​ច្បាប់​តុលាការ​លើ​ការ​ចោទ​ប្រកាន់​អំពើ​ពុក​រលួយ​មួយ​នេះ។

លោក​បាន​ប្រាប់ VOA ​ថា ការ​ស៊ើប​អង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៣ បន្ទាប់​ពីលោក​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ Lambert Mende បាន​លេចឭ​ពី​ការ​ចោទ​ប្រកាន់​លើ​សេវា​មួយ​នេះ។

លោក Kizito និយាយ​ថា ​គាត់​មិន​បាន​ដឹង​ថា​អ្នកណា​បាន​និយាយ​អ្វី​ឲ្យ​ប្រាកដ​ឡើយ ប៉ុន្តែ​មាន​ព័ត៌មាន​ចង្អុល​បង្ហាញ​ថា​ មាន​ករណី​ពុករលួយ​ធ្ងន់ធ្ងរ និង​ការ​កេង​ប្រវ័ញ្ច​ផ្សេងៗ ហើយ​លោក​រដ្ឋមន្ត្រី Lambert Mende ក៏​ផ្ញើ​លិខិត​មួយ​អំពី​បញ្ហា​នេះ​ទៅ​កាន់​ក្រសួង​យុត្តិធម៌​តែ​ម្ដង​ទៅ។

ការ​ស្នើ​សុំ​នេះ​ធ្វើ​ឲ្យ​ព្រះ​រាជ​អាជ្ញា​បញ្ជូន​ក្រុម​ស៊ើបអង្កេត​មួយ​ក្រុម​ទៅ​កាន់​ខេត្ត Katanga នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ២០១៣។ លោក Kizito បន្ត​ថា ក្នុង​កំឡុង​ពេល​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ ក្រុម​មួយ​នេះ​បាន​ប្រមូល​បាន​មក​វិញ​នូវ​ទឹក​ប្រាក់ ដែល​បាត់បង់​លើ​ការ​មិន​បង់​កម្រៃ​ទៅ​គយ និង​ការ​គេច​មិន​បង់​ពន្ធ​នានា​ ដែល​មាន​ទឹក​ប្រាក់​ជាង​៧០០​លានដុល្លារ​ ប៉ុន្តែ​ក្រុម​នេះ​ត្រូវ​បាន​ហៅ​ឲ្យ​ត្រលប់​មក​រដ្ឋធានី​គីនស្ហាសា (Kinshasa) វិញ មុន​ពេល​ដែល​ឯកសារ​ពាក់ព័ន្ធ​នានា​ត្រូវ​បាន​សិក្សា​រួចរាល់​ក្នុង​កំឡុង​ពេល​បេសកកម្ម។

លោក Mende បាន​បញ្ជាក់​ប្រាប់ VOA ​ថា លោក​គឺ​ជា​អ្នក​ផ្ដើម​គំនិត​ឲ្យ​មាន​បេសកកម្ម​ស្រាវជ្រាវ​ក្នុង​តំបន់ Katanga។

លោក​បាន​ប្រាប់​ VOA៖ «ខ្ញុំ​មិន​ដឹង​ថា​ ពួកគេ​បាន​ទាមទារ​យក​មក​វិញ​នូវ​ប្រាក់​ដែល​បាត់បង់ ឬ​អត់​ទេ។ ពួក​គេ​បាន​រក​ឃើញ​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​គេច​មិន​ទាន់​បង់ពន្ធ​ជូន​រដ្ឋ ក៏​ប៉ុន្តែ​ក្រោយ​មក​បេសកកម្ម​ត្រូវ​បាន​រំសាយ​ទៅ​វិញ​យ៉ាង​ឆាប់​រហ័យ។ យើង​មិន​ដឹង​ថា​អ្នកណា​នៅ​ពី​ក្រោយ​រឿង​នេះ​ឡើយ»។

ទោះ​ជា​យ៉ាង​ណា លោកបាន​បន្ថែមថា «នេះ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​ បើ​ដំណើរ​ការ​ស៊ើបអង្កេត​នេះ​ត្រូវ​ធ្វើ​ឡើង​វិញ»។

លោក Kizito ប្រាប់​ថា ក្រុម​ស៊ើប​អង្កេត​បាន​យក​បាន​មក​វិញ​នូវ​ទឹកប្រាក់​ចំនួន​៧០០​លាន​ដុល្លារ ប៉ុន្តែ​ចំនួន​នេះ​គ្រាន់​តែ​ជា​ចំនួន​ដ៏​តិចតួចប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ទឹកប្រាក់​ ដែល​ប៉ាន់​ស្មាន​ថា​បាន​បាត់​បង់។

លោក VOA ​ថា «ចំនួន​ទឹកប្រាក់​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​មានប្រហែល​៣.០០០លាន​ដុល្លារ។ មុខ​ជំនួញ​ពាណិជ្ជកម្ម​ចំនួន​២៧៩ បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​មួយ​នេះ»។

លោក​បន្ត​ថា «គ្រប់​ប្រភេទ​នៃ​ការ​រក​ស៊ី រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន​រុក​រក​រ៉ែ ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ ក្រុមហ៊ុន​សេវាកម្ម និង​ក្រុមហ៊ុន​នាំចេញ នាំចូល​នានា។»

​បើ​យោង​ទៅ​តាម​លោក Kizito ទឹកប្រាក់​ចំនួន​៣០០០​លាន​ដុល្លារ​គឺ​ជា​ចំនួន​មួយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៃ​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​របស់​រដ្ឋ ដែល​មាន​ចំនួន​ប្រហែល​៨០០០​លាន​ដុល្លារ។ លោក​បាន​គិត​ថា​ ប្រហែល​ជា​មាន​ការ​កេងប្រវ័ញ្ច ក្នុង​កម្រិត​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​ នៅ​ក្នុង​ខេត្ត​ចំនួន​១០​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។

លោក​បាន​បង្ហើប​ថា ថវិកា​ដែល​ប៉ាន់​ស្មាន​ថា​ ទឹក​ប្រាក់​ដែល​បាត់បង់​ក្នុង​ទឹក​ប្រាក់​ប្រមាណ​៣.០០០​ដុល្លារ​នោះ​ទំនង​ជា​ប្រាក់​បន្លំ​ពន្ធ​ដោយ​ស្រប​ច្បាប់ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​តម្លៃ​ទំនិញ និង​តាម​ទម្រង់​ផ្សេងៗ​ទៀត ជា​ជាង​តាម​ការ​គេច​ពន្ធ​ខុស​ច្បាប់។

ប៉ុន្តែ​លោក​ក៏​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺជា​កិច្ចការ​របស់​ក្រុម​ព្រះរាជ​អាជ្ញា ហើយ​នេះ​ជា​ការ​សោកស្ដាយ​ណាស់​ដែល​ការ​ស្រាវជ្រាវ​ពន្ធដារ​ទ្រង់ទ្រាយ​ធំ​លើក​ទីមួយ​របស់​កុងហ្គោ មិន​ទាន់​បាន​ត្រូវ​អនុវត្ត​ឲ្យ​ចេញ​ជា​ផ្លែផ្កា។

អង្គការ​កុងហ្គោ​មួយ​ឈ្មោះ សមាគមន៍​អាហ្វ្រិក​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស (ASADHO) អះអាង​ថា​ ខ្លួន​មាន​លទ្ធភាព​ដើម្បី​ចូល​ទៅ​កាន់​ទិន្នន័យ​នៃ​ការ​ស៊ើប​អង្កេត​ឆ្នាំ​២០១៣។

សកម្មជន​អង្គការ​មួយ​នេះ​ដែល​ប្រចាំ​តំបន់ Katanga លោក Francois Katende បាន​ប្រាប់​VOA ​ថា លោក​អាច​និយាយ​បាន​ថា ទឹកប្រាក់​ទាំងនោះ​អាច​ប្រមូល​បាន​មក​វិញ​ពី​បណ្ដា​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ខេត្ត Katanga។

លោក​និយាយ​ថា ​លោក​មាន​បញ្ជី​ឈ្មោះ​ដែល​មាន​ក្រុមហ៊ុន​ចំនួន​១០ ដែល​ធ្វើ​ការ​បង់ពន្ធ​នានា បន្ទាប់​ពី​អង្គការ ASADHO បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​អំពី​បញ្ហា​នេះ។

លោក​បាន​ផ្តល់​យោបល់​ថា ​ភាគច្រើន​នៃ​ទឹកប្រាក់​ចំនួន​ប្រមាណ​៧០០​លាន​ដុល្លារ ដែល​បាន​ប្រមូល​មក​វិញ​នោះ គឺ​បាន​មក​ពី​ក្រុមហ៊ុន​តែ​ពីរ​ប៉ុណ្ណោះ។

ចំពោះ​រឿង​ការ​រំសាយ​ការ​ស៊ើបអង្កេត​ក្នុង​ឆ្នាំ​២០១៣​នោះ ទាំង​លោក Kizito លោក Katende និង​លោក​រដ្ឋមន្ត្រី Mede បាន​ប្រាប់​ថា ពួក​លោក​មិន​បាន​ដឹង​ថា​តើ​អ្នក​ណា​ដែល​ទទួល​បន្ទុក​ក្នុង​ការ​សម្រេច​ចិត្ត​រឿង​នោះ​ទេ។

រឿង​នេះ​នៅ​តែ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​តើ​នៅ​មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​ទៀត​ដែល​មិន​ទាន់​បាន​ប្រមូល​យក​មក​វិញ ឬ​ថា​តើ​ទឹក​ប្រាក់​ដែល​ប្រមូល​បាន​កន្លង​មក​ត្រូវ​ធ្លាក់​ទៅ​ខាង​ណា​នោះ​ទេ។ វា​ក៏​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ណា​មួយ ដែល​ថា​មន្ត្រី​សេវា​ពន្ធដារ និង​គយ​ណា​ម្នាក់​ត្រូវ​បាន​ដាក់ទោស​ពី​បទ​ចោទ​ប្រកាន់​ក្នុង​ករណី​កេង​ប្រវ័ញ្ច​នេះ​ដែរ៕

ប្រែ​សម្រួល​ដោយ៖ ឆាយ គីមហ៊ង

XS
SM
MD
LG