ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​តវ៉ា​អំពី​ការលួច​បន្លំ​សន្លឹក​ឆ្នោត​​ទុក​មុន​នៅ​ប្រទេស​ប៊ូរុនឌី


រូបភាព​ឯកសារ៖ អ្នក​បោះ​ឆ្នោត​ម្នាក់​ដើរ​សំដៅ​ទៅ​កាន់​បន្ទប់​បោះ​ឆ្នោត​ នៅ​ក្នុង​ទីក្រុង​ប៊ូយ៉ាំប៊ូរ៉ា ប្រទេស​ប៊ូរុនឌី ខណៈ​ប្រជាពលរដ្ឋ​ត្រៀម​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១០។

ការរាយកាណ៍​អំពី​ការវាយ​តប់ ការបំភិត​បំភ័យ​ ការជំរិត​ទារ​ប្រាក់ នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី​ដ៏​តូច​មួយ​នៅ​ក្នុង​ភូមិ​ភាគ​អាគ្នេយ៍​នៃ​ទ្វីប​អាហ្រ្វិក បាន​បង្កើន​ការភ័យ​ខ្លាច​នៃ​កើន​ឡើង​ការ​គាបសង្កត់​នយោបាយ​មុន​ដល់​ការបោះ​ឆ្នោត​ក្នុង​ខែ​ឩសភា​នា​ពេល​ខាង​មុខ។​ ថ្មីៗ​នេះ អំពើ​ហិង្សា​បាន​ស្ងប់​ស្ងាត់​ ប៉ុន្តែ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ អ្នក​កាសែត និង​គណបក្ស​ប្រឆាំំង​ បាន​អះអាង​ថា​ អំពើហិង្សា​ត្រូវ​បាន​ជំនួស​វិញ​ដោយ​ការបន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត។​

រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ប៊ូរុនឌី​ លោក​ Edouard Nduwimana ​បាន​ច្រាន​ចោល​របាយ​ការណ៍​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​កាល​ពី​ដើម​ឆ្នាំ​ ដែល​បាន​ចោទ​រដ្ឋាភិបាល​អំពី​ការ​ឃុំឃាំង​និង​បៀតបៀន​ក្រុម​អ្នក​រិះគន់។ ពួក​គេ​ក៏​បាន​ចោទ​ប្រកាន់​គណបក្ស​កាន់​អំណាច​អំពី​ការគាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​គណបក្ស​យុវជន​ ដែល​គេ​ហៅ​ថា Imbonerakure ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពីការជំរិត​ទារ​ប្រាក់​និង​ការរីក​រាលដាល​នៃ​អំពើ​ហិង្សា​ទៅ​លើ​ជន​ស៊ីវិល​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ។

លោក Nduwimana ក៏​បាន​ច្រាន​ចោលការរក​ឃើញ​របស់​អង្គការ​សហប្រជាជាតិ​នូវ​ឯកសារ​ដែល​បាន​ធ្លាយ​ចេញ ដែល​ក្នុង​នោះ​មាន​ការចោទ​ប្រកាន់ឩត្តមសេនីយ៍ និង​អ្នក​នយោបាយ​មួយ​ចំនួនពាក់ព័ន្ធ​ក្នុង​ជួរ​រដ្ឋាភិបាល​ ពី​ការ​ចែក​ចាយ​អាវុធ​ទៅ​ក្រុម​សមាជិក​យុវជន​ ។ ក្នុង​ចំនោម​នោះ​ សមាជិក​យុវជន​មួយ​ចំនួន​ត្រូវ​បាន​គេ​ចោទ​ថា​ត្រូវ​បាន​យក​ទៅ​តំបន់​ក្បែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​សម្រាប់​ការបណ្តុះ​បណ្តាល​យោធា។

លោក​និយាយ​ថា​ ​គេ​គួរ​តែ​មាន​ការ​សង្ស័យ​អំពី​អ្នក​ដែល​បាន​ធ្វើ​របាយការណ៍នោះ។ តើ​ពួក​គេ​ពិត​ជា​បាន​មក​ខាង​ក្នុង​ប្រទេស​ហើយ​ពិនិត្យ​មើល​អំពី​ស្ថានភាព​សន្តិសុខ​ដែរ​ឬ​ទេ?

អ្នក​ជំនាញ​ការពារ​សិទ្ធិ​មនុស្ស​ លោក Pierre-Claver Mbonimpa ក្នុង​ប្រទេស​ប៊ូរុនឌី​ កាល​ពី​ថ្ងៃ​ទី១១ ខែ​ធ្នូ​ ឆ្នាំ​២០១៤។ រូបថត​ដោយ​៖ H. McNeish
អ្នក​ជំនាញ​ការពារ​សិទ្ធិ​មនុស្ស​ លោក Pierre-Claver Mbonimpa ក្នុង​ប្រទេស​ប៊ូរុនឌី​ កាល​ពី​ថ្ងៃ​ទី១១ ខែ​ធ្នូ​ ឆ្នាំ​២០១៤។ រូបថត​ដោយ​៖ H. McNeish

អំពើ​ហិង្សា​ត្រូវ​បាន​រាយការណ៍​ថា​ បាន​ឈប់​អស់​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មក​ហើយ ប៉ុន្តែ​អ្នក​ជំនាញ​ការពារ​សិទ្ធិ​មនុស្ស​ម្នាក់ លោក Pierre-Claver Mbonimpa ​និយាយ​ថា​ អំពើ​ហិង្សា​នេះ​ឈប់​គឺ​ដោយ​សារ​តែ​ការប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​អន្ដរជាតិ​ប៉ុណ្ណោះ។ លោក​បាន​និយាយ​ថា​ គណបក្ស​កាន់​អំណាច​បាន​ផ្លាស់ប្តូរ​យុទ្ធ​សាស្រ្ត​របស់​ខ្លួន ហើយ​អំពើហិង្សា​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​សន្លឹក​ឆ្នោត​វិញ។

លោក​បាន​ថ្លែង​ថា​៖ «នេះ​ជា​ហេតុផលដែល​អ្វីៗ​មាន​ភាព​ស្ងប់​ស្ងាត់​បន្តិច​ទៅ​វិញ​ ដោយសារ​តែ​សកម្មភាព​ផ្សេង​ទៀត​កំពុង​ដំណើរការ​ ដូចជា​ការ​ត្រួត​ពិនិត្យ​អ្នក​បោះ​ឆ្នោត​នៅ​កន្លែង​ចុះឈ្មោះ​បោះ​ឆ្នោត។»

ក្រុម​សកម្មជន​និយាយ​ថា​ពួក​គេ​បាន​ឃើញ​ឡាន​ក្រុង​ជាច្រើន​បាន​ដឹកក្រុម​យុវជន​ពី​តំបន់​មួយ​ ទៅ​តំបន់​មួយ​ទៀត​ ហើយ​ប័ណ្ណ​បោះ​ឆ្នោត​ជាច្រើន​ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុម​យុវជន​នោះ​។

សង្រ្គាម​ស៊ីវិល​រយៈពេល​១២​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០០៥ ប៉ុន្តែ​ប្រទេស​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ក្រ​និង​អត់​ឃ្លាន​បំផុត​នៅ​លើ​ពិភពលោក។​

មាន​ក្រុម​យុវជន​ជា​ច្រើន​ដែល​មិន​ចេះ​អក្សរ​ហើយ​បាន​ចុះ​ចូល​ជាមួយ​អ្នកនយោបាយព្រោះ​នេះ​ជា​វិធី​ប្រាកដ​ប្រជា​បំផុត​ដើម្បី​ឲ្យ​ពួកគេ​អាចទទួល​បាន​ប្រាក់​កាសមួយ​ផ្នែក​តូច​នៅ​ក្នុង​ប្រទេសពោរពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំងមួយនេះ​ ដែលការកើន​ឡើងនៃ​ចំនួន​ប្រជាជន​និង​ការ​រួម​តូច​នៃផ្ទៃដី​គឺ​ជា​ប្រភព​ជម្លោះ​យ៉ាង​ធំ​មួយ។​

និយាយ​អោយ​ខ្លី​ទៅ​គឺ អ្នក​បោះ​ឆ្នោត​ងាយ​ស្រួយ​ក្នុង​ការទិញ​ទឹក​ចិត្ត​។

ប៉ុន្តែ​លោក​ Ndayicariye ប្រមុខ​គណៈកម្មការ​មួយ​ ដែល​ក្រុមអ្នក​កាសែត សមាជិក​សង្គម​ស៊ីវិល និង​គូ​បដិបក្ស​នយោបាយ​ ហៅថាគណៈកម្មការ​បោះ​ឆ្នោត​មិន​ឯករាជ្យ​ បាន​លើក​ឡើង​ថាភាគ​ច្រើន​នៃការ​និយាយ​ទាំង​នោះ​គឺ​គ្រាន់​តែ​ជា​ «ការ​ព្យាករណ៍​នយោបាយ» ធ្វើ​ឡើងដោយមនុស្ស​មិន​គួរ​អោយ​ទុក​ចិត្ត​ដែល​មាន​ផែនការ​ទុក​មុន​ប៉ុណ្ណោះ។

លោក​បាន​បន្ត​ថា​ ត្រូវ​តែ​មាន​ការប្រុង​ប្រយ័ត្ន​ពី​ការប្រើប្រាស់ពាក្យ​ពេចន៍​របស់​អ្នក​នយោបាយ​និង​តំណាង​សង្គម​ស៊ីវិល​មួយ​ចំនួន។ លោក​ទទួល​ស្គាល់​ថា​មាន​ប្រជាជន​មួយ​ចំនួន សមាជិក​យោធា​នៃ​គណបក្ស​នយោបាយ​មួយ​ចំនួន មាន​ប័ណ្ណ​បោះ​ឆ្នោត​លើស​ពី​មួយ​ ដែល​នេះ​មិនមាន​ភាព​ប្រក្រតី។

សម្ព័ន្ធ​គណបក្ស​នយោបាយ​ចំនួន១៨ បាន​គំរាម​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ លុះ​ត្រា​តែ​គណៈកម្មការ​បោះឆ្នោត​ត្រូវ​បាន​រំលាយ​ ហើយ​ដំណើរការ​ចុះ​បញ្ជី​មួយ​ប្រកប​ដោយ​ជំនឿ​ទុក​ចិត្ត​ត្រូវ​បាន​អនុវត្ត។

លោក Mbonimpa និយាយ​ថា​ប្រសិន​បើ​តម្រូវការ​របស់​គណបក្ស​នយោបាយ​ទាំង​អស់​នោះមិន​ត្រូវ​បាន​បំពេញ​ គូ​ប្រជែង​សមាជិក​ក្រុម​យុវជន​នឹង​ចេញ​ទៅ​តាម​ដង​ផ្លូវ​ហើយ​ប្រឆាំង​ទៅ​នឹង​ក្រុម​ Imbonerakure។

លោក​បន្ត​ថា ​ប្រសិន​បើ​បញ្ហា​នៅ​តែ​បន្ត​ដូច្នេះ ហើយ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ការបោះ​ឆ្នោត​ដោយ​ភាពមិន​ប្រក្រតី​និង​កំហុស​ទាំង​នេះ គណបក្ស​ប្រឆាំង​នឹងអត់​ទ្រាំ​លែង​បាន ក្រុម​យុវជន​នឹង​អត់ទ្រាំលែងបាន​ ហើយ​ប្រាកដ​ជា​មាន​អំពើ​ហឹង្សា​ជា​មិន​ខាន​។ ​

រី​ឯ​លោក​ Nduwimana បាន​និយាយ​ផ្សេង​វិញ​ថា នឹង​មាន«លទ្ធភាពសូន្យ​ភាគរយ»​ នៃការ​បង្ហូរឈាម​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​។​ ប៉ុន្តែ​អង្គការ​សប្បុរសធម៌​មួយ​ចំនួន​បាន​រៀប​ចំ​ខ្លួន​សម្រាប់​រឿង​អាក្រក់បំផុត​ដែល​នឹង​អាច​កើត​ឡើង៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG