ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​សារទរ​ការ​ដាក់​បំរាមទិដ្ឋការ​លើ​មន្ត្រី​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ខូច​ដល់ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ


សមាជិក​ព្រឹទ្ធសភា​លោក Ted Cruz កំពុង​ចេញ​ពី​អង្គសភានៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕
សមាជិក​ព្រឹទ្ធសភា​លោក Ted Cruz កំពុង​ចេញ​ពី​អង្គសភានៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕

សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា នៃ​គណបក្ស​សាធារណរដ្ឋ ដ៏​មាន​ឥទ្ធិ​ពលមួយ​រូប មក​ពី​រដ្ឋ​ Texas លោក​ Ted Cruz ​បាន​អប​អរ​សារទរលោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ Rex Tillerson ​ដែល​បាន​ចេញ​សេចក្តី​ប្រកាស​ដាក់​បំរាម​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ខូច​ដល់​ដំណើរ​ការលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា។

នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​លោក កាល​ពី​ថ្ងៃ​សុក្រម្សិល​មិញ លោក Ted Cruz បាន​និយាយថា៖ «នេះ​ជា​ជំហាន​ទីមួយ​យ៉ាងល្អ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឲ្យ​មានលទ្ធិ​ប្រជាធិបតេយ្យឡើង​វិញក្នុង​ប្រទេស​កម្ពុជា និង ជា​ការ​ឆ្លើយ​តបមួយ​ដែល​ត្រូវ​ការយ៉ាង​ខ្លាំងដើម្បី​ទប់​ទប់​ឥទ្ធិពលចិន ដែល​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ»។

លោក​ Ted Cruz ​បាន​បន្ត​ទៀត​ថា៖ «លោក ហ៊ុន​សែន ប្រឈម​និង​ជម្រើស​យ៉ាង​សាមញ្ញ​មួយ គឺ​ដោះ​លែង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ដាក់​ឲ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ លប់បំបាត់​ការ​ហាម​ប្រាម​របស់​លោក ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ដោយ​ចំហរ និង សិទ្ធិសេរីភាព​ក្នុង​ការ​និយាយ​ស្តី បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​ស.រ.អា​ថែម​ទៀត»។

នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​សុក្រ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា បាន​សម្តែង​នូវ​«ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​ក្រសួង​ការបរទេស​អាមេរិក ​ដែល​ពុំ​ពិចារណា​លើ​អង្គហេតុ​ និង​អង្គច្បាប់​ជុំវិញ​ការ​វិវត្ត​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​‍»។ មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ VOA ​មិន​ទាន់​អាចទាក់​ទង​សុំ​ប្រតិកម្ម​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​សេចក្តី​ថ្លែង​ការ​ថ្មី​របស់​សមាជិក​ព្រិទ្ធ​សភាស.រ.អា លោក Ted Cruz នៅ​ឡើយ​ទេ​។ យើង​នឹង​ផ្សាយ​ជូន​លោក​អ្នក​ស្តាប់​នៅ​ពេល​ណា​ដែលយើងទទួល​បាន​ការ​ឆ្លើយ​តប៕

XS
SM
MD
LG