ថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយកាលពីខែវិច្ឆិកា បានរំកិលការធ្វើយុទ្ធនាការការទូត មកដល់តំបន់អាស៊ីអាគ្នេយ៍ហើយនៅប្រទេសឥណ្ឌូណេស៊ី ដើម្បីកៀងគររកការគាំទ្រ លៃយ៉ាងណាឱ្យមានការធ្វើប្រក្រតីកម្មឡើងវិញនៃបរិយាកាសនយោបាយ។ នេះបើតាមការឱ្យដឹងរបស់អនុប្រធាននៃអតីតបក្សជំទាស់នេះ។
បន្ទាប់ពីបានដឹកនាំការធ្វើបាតុកម្មប្រឆាំងនឹងការបង្ក្រាបផ្នែកនយោបាយនៅកម្ពុជា នាទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ទីដែលខ្លួនបានជួបសមាជិកសភា និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីរួចមក អនុប្រធានគណបក្សសង្គ្រោះជាតិគឺ អ្នកស្រី មូរ សុខហួរ បានឈប់សំចតយុទ្ធនាការការទូត នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្នុងសប្ដាហ៍នេះ។
នៅទីក្រុងហ្សាកាតា អនុប្រធានចលនាជំទាស់រូបនេះ បានជួបនឹងលោក Fadli Zon អនុប្រធានសភាជាន់ទាបរបស់ឥណ្ឌូនេស៊ី ដែលបានបង្ហាញចំណាប់ចង់ឃើញ «ប្រទេសកម្ពុជាដែលមានចរិតប្រជាធិបតេយ្យជាងមុន»។ នេះបើយោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការនៃ អ្នកស្រី មូរ សុខហួរ។
ក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយ កាលពីអាធ្រាត្រថ្ងៃព្រហស្បតិ៍ អ្នកស្រី មូរ សុខហួរ បានប្រាប់VOAថា៖
«ឥណ្ឌូណេស៊ីសំខាន់! ឥណ្ឌូណេស៊ីសំខាន់ពីព្រោះជាសហប្រធានសន្និសីទប្រទេសកម្ពុជាយើងនៅទីក្រុងប៉ារីស»។
បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានកងកម្លាំងនគរបាលចូលទៅចាប់ខ្លួនទាំងកណ្ដាលរាត្រី កាលពីដើមខែកញ្ញា គណបក្សប្រឆាំងនេះ ត្រូវបានរំលាយតាមនីតិន័យ ដោយអំណាចសាលដីកាតុលាការកំពូល ក្នុងក្របខណ្ឌនៃការធ្វើវិសោធនកម្មមួយដងជាពីរដង ក្នុងឆ្នាំនេះ លើច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត ដែលផ្ដួចផ្ដើមគំនិតដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
អ្នកនយោបាយជា ក្បាលម៉ាស៊ីនដឹកនាំរបស់បក្សសង្គ្រោះជាតិមួយចំនួនធំ កំពុងស្ថិតនៅក្រៅប្រទេសគេចចេញពីការចាប់ចងពីសំណាក់រដ្ឋអំណាច ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានផងដែរដល់អ្នកនយោបាយ និងសមាជិករចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសទាំងអស់ថា មានលទ្ធភាពថាពួកគេអាចនឹងត្រូវបានចាប់ខ្លួនបញ្ជូនមកទទួលទោសទណ្ឌនៅប្រទេសកម្ពុជា បើសិនជា ពួកគេមានវត្តមាននៅបណ្ដាប្រទេសក្នុងតំបន់អាស៊ី។
អ្នកស្រី អនុប្រធានគណបក្សជំទាស់ដែលតាំងទីទាំងស្រុងនៅក្រៅប្រទេស បាននិយាយថា លោកអនុប្រធានសភាជាន់ទាបឥណ្ឌូណេស៊ី Fadli Zon បានសន្យាចំពោះមុខអ្នកស្រីថា នឹងនាំយកទុក្ខកង្វល់នៃបញ្ហាលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាទៅជជែកពិភាក្សាក្នុងសភាពេញអង្គ នាសប្ដាហ៍ក្រោយ ហើយលោកនឹងព្យាយាមធ្វើការជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ី និងបង្កើតទំនាក់ទំនងមកកាន់លោកប្រធានរដ្ឋសភាកម្ពុជា ហេង សំរិន។
ក៏ប៉ុន្តែអ្នកស្រី មូរ សុខហួរ ក៏បានបញ្ជាក់ផងដែរថា អ្នកស្រីមិនមានគម្រោងធ្វើដំណើរទៅប្រទេសណាផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើយុទ្ធនាការការទូតនោះទេ។
អ្នកស្រី មូរ សុខហួរ បានប្រាប់VOAថា៖
«ស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ គ្មានប្រទេសណាដែលគេកាន់លទ្ធិប្រជាធិបតេយ្យ គេទទួលយកបានទេ។ ដូច្នេះ អ្វីដែលសម្ដេច ហ៊ុន សែន លោកធ្វើនេះ លោកដើរហួសពីព្រំដែនទៅទៀត។ បន្ទាត់ក្រហមទាំងប៉ុន្មាន គឺលោកបានដើរផុត លើសពីបន្ទាត់ក្រហម ថាសញ្ញានេះជាសញ្ញាគ្រោះថ្នាក់ធ្ងន់ណាស់សម្រាប់លទ្ធិប្រជាធិបតេយ្យ»។
បន្ទាប់ពីបានផ្ដាច់គ្រប់រូបភាពនៃជំនួយផ្នែកកំណែទម្រង់ការបោះឆ្នោតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចរឹតបន្តឹងការចេញទិដ្ឋាការដល់រាល់មន្ត្រីកម្ពុជាណា ដែលមានចំណែកទទួលខុសត្រូវចំពោះ «ការបំផ្លិចបំផ្លាញ» របបប្រជាធិបតេយ្យនៃប្រទេស។
រដ្ឋាភិបាលកម្ពុជា នៅតែរឹងត្អឹងចំពោះជំហរ និងវោហារស័ព្ទរបស់ខ្លួន ដែលថា រាល់ការបង្ក្រាបលើសំឡេងជំទាស់ គ្រាន់តែជាការអនុវត្តច្បាប់ស្របតាមស្មារតីនីតិរដ្ឋ និងរក្សាការពារសន្តិភាព និងស្ថិរភាពរបស់ប្រទេសតែប៉ុណ្ណោះ។ តែអ្នករិះគន់ បានបរិហារជាហូរហែថា នេះជាការកម្ចាត់កម្លាំងនយោបាយប្រឆាំង ដែលអាចប្រកួតប្រជែងនឹងគណបក្សកាន់អំណាចក្នុងការបោះឆ្នោតរដ្ឋសភាឆ្នាំ២០១៨។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានបរិហារតបទៅនឹងយុទ្ធនាការការទូតរបស់បក្សប្រឆាំងក្នុងបទសម្ភាសជាមួយ VOA យ៉ាងដូច្នេះថា៖
«ក្រុមអ្នកនយោបាយដែលទទួលទណ្ឌកម្មពីតុលាការកំពូលហ្នឹង កំពុងតែមានយុទ្ធសាស្ត្រកៀរគរកម្លាំង ដើម្បីទាញស្រុកខ្មែរ ដើម្បីឱ្យចូលទៅក្នុងការគ្រប់គ្រងរបស់អន្តរជាតិ ដូចកាលជំនាន់ឆ្នាំ ១៩៩១ ដល់ឆ្នាំ១៩៩៣។ ក៏ប៉ុន្តែមិនអាចទៅរួចទេ»។
មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ដែរថា ដោយហេតុថា កម្ពុជា និងឥណ្ឌូណេស៊ី ជារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ដូចគ្នា ម្ល៉ោះហើយគោលការណ៍វិធីអាស៊ាន ដែលមិនលូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា នឹងមិនអាចឱ្យទីក្រុងហ្សាកាតា ធ្វើអ្វីបានដើម្បីដាក់សម្ពាធរដ្ឋាភិបាលកម្ពុជានោះទេ។
ឥណ្ឌូណេស៊ីធ្លាប់មាននាទីសំខាន់ជាតួអង្គដ៏សកម្មក្នុងការខ្នះខ្នែងឱ្យមានសន្តិភាពនៅប្រទេសកម្ពុជា នាអំឡុងចុងទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០។
ដោយឡែកអ្នកស្រី Astrid Norén-Nilsson អ្នកជំនាញកិច្ចការនយោបាយកម្ពុជា នៅសាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត បានប្រាប់VOAតាមសារអេឡិចត្រូនិកផងដែរថា អ្នកស្រីបានអង្កេតឃើញយុទ្ធនាការការទូតរបស់គណបក្សជំទាស់ ហាក់មានប្រសិទ្ធភាពមួយដងមួយគ្រា ក៏ប៉ុន្តែសម្រាប់ឥណ្ឌូណេស៊ី មានលទ្ធភាពតិចណាស់ ដែលនឹងឃើញផ្លែផ្កាអ្វីជាដុំកំភួន ដ្បិតអីកងទ័ពឥណ្ឌូណេស៊ីបានផ្ដល់ការហ្វឹកហ្វឺនជាទៀងទាត់ ដល់កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្សនៅកម្ពុជា ដែលទទួលបន្ទុកការពារសុវត្ថិភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់៕
(កំណែ៖ មួយផ្នែកនៃអត្ថបទនេះត្រូ