ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ឧបសគ្គ​ខាង​បច្ចេកវិទ្យា ​ធ្វើ​ឲ្យ​ប៉ះពាល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​តំបន់​ដាច់ស្រយាល


រូបឯកសារ៖ ស្រ្តី​ម្នាក់​ដែល​ជា​បុគ្គលិក​ថែទាំ​សុខភាព បាន​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

ប្រជាជន​នៅ​ស្រុក ​Kangra ​ដែល​ជា​តំបន់​ដាច់​ស្រយាល​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ និយាយ​ថា ​ពួកគេអន្ទះសា​ចង់​ចាក់​វ៉ាក់សាំង​កូវីដ១៩ ​បន្ទាប់ពី​មាន​រលក​នៃ​ការ​រាតត្បាត​លើក​ទី២​ បង្កឲ្យ​ភូមិ​នានា​ច្របូក​ច្របល់​កាល​ពី​ខែ​មុន។ ​

ខណៈ​អ្នក​រស់នៅ​ទីក្រុង​ ដែល​មាន​សេវា​បច្ចេក​វិទ្យា​បាន​ចាក់​វ៉ាក់សាំង​នោះ​ ​មនុស្ស​រាប់​លាន​នាក់​នៅ​ជនបទ​មិន​បាន​ចាក់​ថ្នាំ​នេះ​ទេ​ ពីព្រោះឧបសគ្គ​ខាងបច្ចេកវិទ្យា។ ​ពួកគេ​ និយាយ​ថា​ ការ​ចុះ​ឈ្មោះ​តាម​គេហ​ទំព័រ​ផ្លូវការ​ហៅ​ថា ​CoWIN ​ជា​បញ្ហា​ប្រឈមសម្រាប់​ពួក​អ្នក​ស្រុក​ជា​ច្រើន​ ដែល​មាន​ទូរស័ព្ទ​ម៉ូត​ចាស់​ ហើយ​មិន​មានអ៊ីនធឺណិត។​

បន្ទាប់ពី​ការ​ពង្រីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ពេញវ័យ​ទាំងអស់​កាលពី​ខែ​មុន​ ​ រដ្ឋាភិបាល​ឥណ្ឌា​ បាន​តម្រូវ​ឲ្យ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ ទៅ​៤៥​ឆ្នាំ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អនឡាញ​ដើម្បី​ចាក់​វ៉ាក់សាំង។ ​ចំណាត់ការ​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​បែងចែក​ ដែល​ធ្វើ​ឲ្យមនុស្ស​នៅ​ក្នុង​ទីប្រជុំ​ជន​ និង​ទីក្រុង​នានា​មាន​ប្រៀប​ ​បានចាក់​វ៉ាក់សាំង​ ​រីឯ​មនុស្ស​រាប់​លាន​នាក់​ទៀត​នៅ​ជនបទ​ត្រូវ​ប្រជ្រៀតគ្នា​តម្រង់​ជួរ​ចាក់​វ៉ាក់សាំង ​ពីព្រោះពួកគេ​មិន​មាន​ទូរស័ព្ទ ​Smart Phones ​ឬធនធាន​គ្រប់គ្រាន់។​

ការ​រិះគន់​ដែល​ថា​ ឧបករណ៍​បច្ចេកវិទ្យា​ បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​មិន​អាច​ចូលរួម​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបាននោះ​ បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​ចាត់វិធាន​ការ​ភ្លាមៗ។ ​នៅ​សប្តាហ៍​នេះ ​អ្នក​ដែល​អាចចាក់​វ៉ាក់សាំង​ អាច​ដើរ​ចូល​មជ្ឈមណ្ឌល​សុខភាព​ដើម្បី​ចុះ​ឈ្មោះ​ចាក់​ថ្នាំ​នេះ។​ នេះ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ។​

អ្នក​ជំនាញ​សុខភាព​សាធារណៈ​និយាយ​ថា ​សមភាព​នៃ​ការទទួលវ៉ាក់សាំងទាំង​នៅ​តំបន់​ជនបទ និង​ទីក្រុង​មាន​សារៈសំខាន់​ដើម្បី​បញ្ចប់​ការ​រាត​ត្បាត​ ជាពិសេស​បន្ទាប់ពី​ការ​ព្រមាន​នៃ​ការ​ឆ្លង​នៅ​រលក​ទី៣៕

XS
SM
MD
LG