ប្រទេសនៅអាស៊ីខាងត្បូងមួយចំនួន ដូចជាបង់ក្លាដែសនិងស្រីលង្កាជាដើម កំពុងងាកទៅរកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩របស់ប្រទេសចិនវិញ បន្ទាប់ពីប្រទេសឥណ្ឌាបានផ្អាកការនាំចេញវ៉ាក់សាំងដោយសារតែមានកង្វះខាតខ្លាំងនៅក្នុងប្រទេសរបស់ខ្លួននោះ។ អ្នកវិភាគនិយាយថា ការណ៍នេះនឹងជួយឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បង្កើនឥទ្ធិពលយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងតំបន់មហាសមុទ្រឥណ្ឌា ដែលខ្លួនបានកសាងឥទ្ធិពលជាយូរមកហើយ។
ប្រទេសចិនបានផ្តល់វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនស៊ីណូហ្វាមរបស់ខ្លួន ទៅឲ្យប្រទេសស្រីលង្កាចំនួន១លាន១សែនដូស។ ចំណែកប្រទេសបង់ក្លាដែសវិញ បានទទួលជំនួយវ៉ាក់សាំងដំបូងពីប្រទេសចិនចំនួន៥០ម៉ឺនដូសកាលពីខែឧសភាកន្លងទៅ ខណៈដែលប្រទេសនេប៉ាល់ត្រូវបានចិនសន្យាថា នឹងផ្តល់ជូនមួយលានដូសបន្ថែមទៀតនោះ។
វ៉ាក់សាំងពីប្រទេសចិនកំពុងជួយប្រទេសទាំងនេះ ចាប់ផ្តើមឡើងវិញនូវយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលត្រូវបានផ្អាកនៅពេលពួកគេលែងមានការផ្គត់ផ្គង់ពីប្រទេសឥណ្ឌានោះ។ វ៉ាក់សាំងទាំងនោះបានមកដល់ក្នុងពេលដ៏ចាំបាច់មួយ ដោយសារកំណើនឆ្លងនៃជំងឺកូវីដ១៩ បានបង្កឲ្យមានការភ័យខ្លាចថា រលកឆ្លងទីពីរដែលឥណ្ឌាកំពុងប្រយុទ្ធទប់ទល់នេះ អាចប៉ះពាល់ដល់ប្រទេសជិតខាងរបស់ខ្លួន។
លោក Michael Kugelman អនុប្រធាននៃកម្មវិធីអាស៊ីនិងជាជំនួយការជាន់ខ្ពស់សម្រាប់អាស៊ីខាងត្បូង នៃមជ្ឈមណ្ឌល Wilson បានគូសបញ្ជាក់ថា៖ «សូមកុំយល់ច្រឡំ ការផ្អាកការនាំចេញវ៉ាក់សាំងរបស់ឥណ្ឌា គឺជាឱកាសយុទ្ធសាស្ត្រមួយសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង។ ប្រទេសចិនពិតជាបានមើលឃើញថា សកម្មភាពការទូតវ៉ាក់សាំងរបស់ខ្លួន ជាយុទ្ធសាស្ត្របង្កើនកេរ្តិ៍ឈ្មោះរបស់ចិន នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងជួបប្រទះការលំបាក ក្នុងការគ្រប់គ្រងកេរ្តិ៍ឈ្មោះរបស់ខ្លួននោះ»។
ដូចនៅក្នុងបណ្តាប្រទេសជាច្រើនផ្សេងៗទៀតដែរ ប្រទេសស្រីលង្កានិងបង់ក្លាដែស មានការស្ទាក់ស្ទើរចំពោះវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនចិន ប៉ុន្តែការប្រកាសយល់ព្រមឲ្យមានការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូហ្វាមរបស់ចិនក្នុងគ្រាអាសន្ន ដោយអង្គការសុខភាពពិភពលោក WHO កាលពីខែមេសានោះ បានជំរុញឲ្យប្រទេសមួយចំនួនទទួលស្គាល់វ៉ាក់សាំងរបស់ប្រទេសចិន។
ប្រទេសទាំងនេះពីដំបូងឡើយ គឺពឹងផ្អែកលើប្រទេសឥណ្ឌា ដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca ទៅឲ្យប្រទេសមួយចំនួន ដែលរួមមានស្រីលង្កា បង់ក្លាដែស និងប្រទេសនេប៉ាល់ជាដើម កាលពីដើមឆ្នាំនេះ។ ពួកគេក៏បានបញ្ជាទិញវ៉ាក់សាំងជាមួយវិទ្យាស្ថាន Serum របស់ឥណ្ឌា ដែលជាអ្នកផលិតវ៉ាក់សាំងដ៏ធំបំផុតមួយនៅក្នុងពិភពលោក ប៉ុន្តែភាគច្រើននៃការបញ្ជាទិញនោះ មិនទាន់ត្រូវបានទទួលនៅឡើយ ដោយសារតែមានតម្រូវការកាន់តែឡើងខ្លាំង នៅក្នុងប្រទេសឥណ្ឌាខ្លួនឯងនោះ។
នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញមួយ ជាមួយនឹងប្រទេសអាស៊ីខាងត្បូងមួយចំនួនកាលពីខែមេសាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានស្នើថាប្រទេសចិនជាអ្នកបម្រុងទុកវ៉ាក់សាំងក្នុងគ្រាអាសន្នសម្រាប់តំបន់នេះ។
អ្នកវិភាគមួយចំនួននិយាយថា ខណៈដែលប្រទេសចិននឹងចូលបំពេញការខ្វះចន្លោះរបស់ឥណ្ឌា នោះ «សកម្មភាពការទូតវ៉ាក់សាំង» របស់រដ្ឋាភិបាលក្រុងប៉េកាំង អាចនឹងផ្តល់អានុភាពក្នុងយុទ្ធសាស្ត្រតំបន់មហាសមុទ្រឥណ្ឌា ដែលជាកន្លែងដែលរដ្ឋាភិបាលចិន កំពុងជំរុញនូវកម្មវិធី «ផ្លូវនិងខ្សែក្រវ៉ាត់» របស់ខ្លួន ក្នុងបំណងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសជាច្រើន។
លោក Harsh Pant នាយកការសិក្សានិងជាប្រធានកម្មវិធីសិក្សាយុទ្ធសាស្ត្រនៅមូលនិធិស្រាវជ្រាវ Observer ក្នុងរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា បានថ្លែងថា៖ «ដោយសារតែវិបត្តិនេះនឹងស្ថិតនៅជាមួយយើងក្នុងពេលអនាគតនោះ វាច្បាស់ណាស់ថា ចិននឹងក្លាយជាតួអង្គដ៏សំខាន់មួយសម្រាប់ប្រទេសជាច្រើន ប្រសិនបើឥណ្ឌាមិនអាចបន្តការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនដូចដើមឡើងវិញ ក្នុងរយៈប៉ុន្មានខែ ក្រោយពីស្ថានភាពជំងឺឆ្លងមានភាពនឹងនរនោះទេ»។
ដោយឡែកនៅក្នុងប្រទេសស្រីលង្កាវិញ រដ្ឋាភិបាលក្រុងប៉េកាំង បានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាច្រើនកន្លែង ដែល រួមមានកំពង់ផែ ផ្លូវថ្នល់ និងផ្លូវដែកជាដើម។ ពេលនេះ ប្រទេសចិនកំពុងសាងសង់ទីក្រុងកំពង់ផែថ្មីមួយនៅលើតំបន់ឆ្នេរនៃទីក្រុងកូឡុំបូ ក្នុងទីតាំងផ្ទៃដីដែលខ្លួនបានទាមទារកាន់កាប់នោះ។
អ្នកវិភាគនយោបាយក្នុងទីក្រុងកូឡុំបូ លោក Asanga Abeyagoonasekera លើកឡើងថា ការផ្តល់វ៉ាក់សាំងដល់ប្រទេសស្រីលង្កាដោយរដ្ឋាភិបាលចិន នឹងធ្វើឲ្យទំហំនៃវត្តមានរបស់ចិននៅក្នុងប្រទេសនេះ កាន់តែរីកធំឡើងៗ ។ លោកបន្ថែមថា៖ «ប្រទេសចិនមានឥទ្ធិពលខ្លាំងរួចទៅហើយ នៅក្នុងប្រទេសស្រីលង្កា ប៉ុន្តែវ៉ាក់សាំងនេះគឺជាផ្នែកមួយទៀត ដែលធ្វើឲ្យឥទ្ធិពលរបស់ចិននៅក្នុងប្រទេសនេះ កាន់តែរឹងមាំខ្លាំងថែមទៀត។ ការផ្តល់ជំនួយមនុស្សធម៌របស់ចិន ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ តែងតែត្រូវបានស្វាគមន៍ ប៉ុន្តែសំណួរនៅត្រង់ថា តើការផ្តល់នេះ គឺជាការពង្រីកនៃយុទ្ធសាស្ត្រទន្ទ្រានកាន់កាប់របស់ចិនឬយ៉ាងណានោះ»។
អ្នកវិភាគមួយចំនួនលើកឡើងថា «សកម្មភាពការទូតវ៉ាក់សាំង» របស់ចិន ប្រហែលមិនសុទ្ធតែជាអំណាចទន់ទាំងអស់នោះទេ។ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបង់ក្លាដែស បាននិយាយក្នុងទីក្រុង Dhaka ក្នុងពេលថ្មីៗកន្លងទៅនេះថា ប្រសិនបើប្រទេសបង់ក្លាដែសចូលរួមជាមួយក្រុមប្រទេស Quad នោះ ទំនាក់ទំនងជាមួយចិននឹងត្រូវប៉ះពាល់។ Quad គឺជាក្រុមប្រទេស៤ ដែលមានសម្ព័ន្ធយុទ្ធសាស្ត្រមិនផ្លូវការមួយ ដែលរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថា ជាប្រទេសប្រឆាំងនឹងខ្លួន ដែលក្នុងនោះមានប្រទេសឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសអូស្ត្រាលី។
ក្នុងពេលនេះ ប្រទេសបង់ក្លាដែស បានស្នើឲ្យប្រទេសលោកខាងលិចជួយ នៅពេលដែលខ្លួនកំពុងអស់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ឲ្យពលរដ្ឋរបស់ខ្លួន ហើយពលរដ្ឋបង់ក្លាដែសជាង១លាននាក់ទៀត នៅមិនទាន់ទទួលបានវ៉ាក់សាំងដូសទី២នៅឡើយទេ។
រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក A K Abdul Momen បានហៅស្ថានភាពវ៉ាក់សាំងនៅក្នុងប្រទេសរបស់លោកថាជា«វិបត្តិមួយ»។ លោកបាននិយាយកាលពីពេលថ្មីៗនេះថា បង់ក្លាដែស «ត្រូវការជាខ្លាំង» នូវវ៉ាក់សាំងពីប្រទេស ដូចជាសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងចក្រភពអង់គ្លេស។
អ្នកវិភាគលើកឡើងថា វាមានសារៈសំខាន់សម្រាប់ប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិកជាដើមដែលបានសន្យាបរិច្ចាគវ៉ាក់សាំងចំនួន៨០លានដូស ដល់ប្រទេសដែលកំពុងត្រូវការវ៉ាក់សាំងជាខ្លាំងក្នុងតំបន់មួយ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ខ្លួននោះ។
លោក Pant បាននិយាយថា៖ «ការណ៍ដែលចិនអាចជួយប្រទេសនានាក្នុងពេលនេះ នឹងធ្វើឲ្យប្រទេសទាំងនោះមានការចងចាំនូវអ្វីដែលបានកើតមានឡើង នៅក្នុងដំណាក់កាលដ៏សំខាន់បំផុតនៃប្រវត្តិសាស្ត្រសាកលលោក។ ដូច្នេះ សហរដ្ឋអាមេរិក អាចនឹងឆ្លើយតបបានល្អ ទៅលើបញ្ហាទាំងអស់នេះ។ ពិតណាស់ សំណួរនៅត្រង់ថា តើពួកគេហ៊ានដើរដល់កម្រិតណានិងលឿនប៉ុណ្ណា ប៉ុន្តែវាអាចនឹងប៉ះពាល់ដល់ការយល់ឃើញរបស់ប្រទេសតូចៗ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូងទៅលើគោលនយោបាយការបរទេសរបស់ពួកគេ»។
ប្រទេសឥណ្ឌាដែលបាននាំចេញវ៉ាក់សាំងចំនួន៦៥លានដូស មុនពេលដែលខ្លួនបិទផ្អាកការនាំចេញនោះ សង្ឃឹមថានឹងបង្កើនសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តផលិតចែកចាយវ៉ាក់សាំងឡើងវិញ ទៅកាន់ប្រទេសផ្សេងៗនោះ ប៉ុន្តែការធ្វើដូច្នេះ ប្រហែលជាមិនអាចកើតមានឡើងបានទេ រហូតដល់ចុងឆ្នាំ២០២១។
លោក Kugelman លើកឡើងថា៖ «រដ្ឋាភិបាលទីក្រុងញូវដែលី មានឱកាសបង្ហាញវត្តមានរបស់ខ្លួនឡើងវិញក្នុងពេលអនាគត។ ឥណ្ឌាគឺជាប្រទេសផលិតវ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោក ដូច្នេះវាមានប្រៀបរួចទៅហើយ បើធៀបនឹងប្រទេសចិននោះ។» លោកបន្ថែមថា សកម្មភាពការទូតវ៉ាក់សាំងរបស់ចិន គឺក្នុងបំណងលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងកាលៈទេសៈដែលចិនកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគោលនយោបាយពង្រីកឥទ្ធិពលរបស់ខ្លួន និងសំណួរជាច្រើនដែលបានបាញ់ស្រោចមកលើចិន ជុំវិញប្រភពដើមនៃវីរុសជំងឺកូវីដ១៩ និងវិធីដែលជំងឺនេះកើតឡើងយ៉ាងដូចម្តេចនោះ។
ពេលនេះ ប្រទេសចិនបានក្លាយជាអ្នកនាំចេញវ៉ាក់សាំងដ៏ធំជាងគេបង្អស់នៅក្នុងពិភពលោក ស្របពេលដែលប្រទេសនានាក្នុងទ្វីបអាស៊ី អាហ្វ្រិក អាមេរិកឡាទីន កំពុងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនចិន សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ពួកគេនោះ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ