ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូ​បង្រៀន​នៅ​មីយ៉ាន់ម៉ា​ទាំង​អ្នក​គាំទ្រ​និង​អ្នក​ប្រឆាំង​នឹង​របប​យោធា​ប្រឈម​នឹង​គ្រោះថ្នាក់


រូប​ឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២១ នេះ គ្រូបង្រៀន​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ដែល​ស្ថិត​ក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​គ្រូបង្រៀន​និង​ពាក់​មួក​ប្រពៃណី​មីយ៉ាន់ម៉ា ចូល​រួម​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ទី​ក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា។
រូប​ឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២១ នេះ គ្រូបង្រៀន​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ដែល​ស្ថិត​ក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​គ្រូបង្រៀន​និង​ពាក់​មួក​ប្រពៃណី​មីយ៉ាន់ម៉ា ចូល​រួម​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ទី​ក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា។

គ្រូបង្រៀន​នៅ​មីយ៉ាន់ម៉ា ទាំង​អ្នក​គាំទ្រ​និង​អ្នក​ដែល​ប្រឆាំង​នឹង​របប​យោធា​នៅ​ក្រោយ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា ​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ដែល​រួម​មាន​ទាំង​ការ​គំរាម​សម្លាប់​ផង​ដែរ​ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ​ដែល​គាំទ្រ​របប​យោធា​និង​ក្រុម​ប្រឆាំង​នៅ​តាម​តំបន់​ជាច្រើន​នៅ​ក្នុង​ប្រទេស ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​ដើម្បី​បើក​សាលារៀន​ឡើង​វិញ។

សាលារៀន​នានា​ត្រូវ​បាន​បិទ​កាល​ពី​ឆ្នាំ​មុន ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ បន្ថែម​ពី​នេះ​ទៀត គ្រូ​បង្រៀន​រាប់​ពាន់​នាក់​បាន​ចូលរួម​នៅ​ក្នុង​ចលនា​មិន​ស្ដាប់​បង្គាប់​អាជ្ញាធរ​ដើម្បី​ប្រឆាំង​នឹង​របប​យោធា និង​បាន​ធ្វើ​ពហិការ​មិន​ចូល​បង្រៀន​នៅ​តាម​សាលារៀន​ដែល​គ្រប់គ្រង​ដោយ​របប​យោធា។

ជាង​នេះ​ទៀត ឪពុកម្ដាយ​មិន​ឱ្យ​កូន​ទៅ​រៀន​ដោយសារ​តែ​មាន​ការ​ព្រួយបារម្ភ​អំពី​សន្ដិសុខ​និង​ការ​ធ្វើ​ពហិការ​មិន​ចូល​រៀន។ របប​យោធា​បាន​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​ប្រឡង​បញ្ចប់​ការ​សិក្សា​កាលពី​ខែ​មីនា​និង​ខែ​មេសា និង​បាន​បើក​សាលារៀន​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី២ ខែ​មិថុនា​ដូច​ធម្មតា ដោយ​បាន​បញ្ជាក់​ថា សិស្សានុសិស្ស​ជាង ៥ លាន​នាក់​បាន​ចុះឈ្មោះ​ចូល​រៀន​នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ។ ​

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​និង​កាសែត​ដែល​គ្រប់គ្រង​ដោយ​របប​យោធា​បាន​រាយការណ៍​ព័ត៌មាន​អំពី​គ្រូបង្រៀន​ដែល​ត្រូវ​បាន​គេ​សម្លាប់​និង​ចាប់​ខ្លួន​ដោយ​ក្រុម​ប្រដាប់​អាវុធ​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ការ​វាយប្រហារ​នៅ​តាម​សាលារៀន​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កើតឡើង​ជា​រៀង​រាល់​ថ្ងៃ។

ជា​ទូទៅ សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​អ្នក​វាយ​ប្រហារ​នោះ​ទេ។ សេចក្ដី​រាយការណ៍​ខ្លះ​បាន​បន្ទោស​ក្រុម​ដែល​គាំទ្រ​របប​យោធា​ថា​ជា​អ្នក​ប្រព្រឹត្តិ រី​ឯ​សេចក្ដី​រាយការណ៍​ខ្លះ​ទៀត​បាន​បញ្ជាក់​ថា​ក្រុម​ប្រឆាំង​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។ របប​យោធា​តែងតែ​បន្ទោស​កង​កម្លាំង​ក្រុម​ប្រឆាំង​ថា​ជា​អ្នក​ប្រព្រឹត្តិ​ការ​វាយ​ប្រហារ​និង​ការ​សម្លាប់​ទាំង​នេះ។

បើ​យោង​តាម​អ្នក​ស្រុក​ដែល VOA បាន​សម្ភាស អ្នកស្រី Moe Moe Khaing ដែល​ជា​នាយក​សាលារៀន​មួយ​កន្លែង​នៅ​ក្នុង​ភូមិ Botae ឃុំ Wetlet នៃ​តំបន់ Sagaing និង​អ្នកស្រី Kay Zar Khaing ដែល​ជា​បង​ប្អូន​ស្រី​របស់​អ្នកស្រី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា។ របប​យោធា​បាន​បន្ទោស​កងកម្លាំង​ការពារ​ប្រជាជន​ដែល​ជា​ក្រុម​ប្រឆាំង​ថា​ជា​អ្នក​ប្រព្រឹត្តិ​រឿង​នេះ ប៉ុន្តែ​មិន​មាន​កង​កម្លាំង​ការពារ​ណា​មួយ​ក្នុង​មូលដ្ឋាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ​នោះ​ទេ។

លោកWin Bo ដែល​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Dawei នៅ​ភាគ​អាគ្នេយ៍​ប្រទេស និង​លោក Mya Mya Moe ដែល​ជា​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​មីយ៉ាន់ម៉ា ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ភូមិ Pan Tin Inn ឃុំ Laung Lone នៃ​ស្រុក Dawei កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា។ កង​កម្លាំង​ការពារ​ប្រជាជន Launglone ដែល​ជា​ក្រុម​ប្រឆាំង បាន​សារភាព​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ខ្លួន​បាន​សម្លាប់​ពួកគេ​ដោយសារ​តែ​ពួកគេ​បាន​ផ្ដល់​ដំណឹង​និង​សម្របសម្រួល​ជាមួយ​នឹង​របប​យោធា។

គេ​ឃើញ​មាន​ហេតុការណ៍​ជា​ច្រើន​ទៀត​បាន​កើតឡើង​ដូចជា មន្ត្រី​ផ្នែក​អប់រំ​ចំនួន ៨ នាក់ បាន​រង​របួស​និង​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ក្នុង​ក្រុង Naungcho នៃ​រដ្ឋ Shan នៅ​ភាគ​ខាង​ជើង​ប្រទេស​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា សាលារៀន​ចំនួន ៤ កន្លែង​ត្រូវ​បាន​រាយការណ៍​ថា​បាន​រង​ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់ Sagaing កាលពី​ថ្ងៃ​ទី ៦ ខែ​មិថុនា វិទ្យាល័យ​មួយ​កន្លែង​ត្រូវ​បាន​គេ​ដុត​បំផ្លាញ និង​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​ដែល​បាន​កើតឡើង​នៅ​ក្បែរ​សាលារៀន​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ Kachin កាលពី​សប្ដាហ៍​ទី​ពីរ​នៃ​ខែ​មិថុនា។

សេចក្ដី​រាយការណ៍​នានា​នៅ​ក្នុង​ស្រុក​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​អ្នក​វាយ​ប្រហារ​នោះ​ទេ ហើយ​ក៏​គ្មាន​ក្រុម​ប្រឆាំង​ណា​មួយ​អះអាង​ទទួល​ខុស​ត្រូវ​ថា​ខ្លួន​ជា​អ្នក​ប្រព្រឹត្តិ​នោះ​ដែរ ប៉ុន្ដែ​របប​យោធា​បាន​បន្ទោស​ថា​រឿង​នេះ​គឺ​ជា​ស្នាដៃ​របស់​កង​កម្លាំង​ការពារ​ប្រជាជន ដែល​ជា​ក្រុម​ប្រឆាំង។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នក​ល្បាត​ព្រៃ​នៃ​កងកម្លាំង​រំដោះ​ប្រជាជន​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​បាន​អះអាង​ទទួល​ខុសត្រូវ​ថា​ខ្លួន​ជា​អ្នក​ប្រព្រឹត្តិ និង​បាន​សុំ​អភ័យទោស​ចំពោះ​ការ​សម្លាប់​បុរស​វ័យ ២១ ឆ្នាំ​ម្នាក់​ដោយ​ចៃដន្យ នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ការិយាល័យ​អប់រំ​ក្នុង​ឃុំ North Okkalapa នៃ​ទីក្រុង​រ៉ង់ហ្គូន​កាលពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​នេះ​បាន​ព្រមាន​ជា​ថ្មី​ម្ដង​ទៀត​មិន​ឱ្យ​គ្រូ​បង្រៀន​ធ្វើការ «នៅ​ក្រោម​របប​ផ្ដាច់ការ​យោធា» និង​ថា ពួកគេ​នឹង​មិន​ទទួល​ខុសត្រូវ​នោះ​ទេ ប្រសិន​បើ​មាន​ការ​ខូចខាត​ណា​មួយ​កើតឡើង​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​នា​ពេល​អនាគត។

រូប​ឯកសារ៖ គ្រួបង្រៀន​ពាក់​ម៉ាស់​ខណៈ​ពួក​គេ​រង់ចាំ​សិស្ស​នៅ​ខាង​ក្រៅ​វិទ្យាល័យ​មួយ​កន្លែងនៅ​ទី​ក្រុង​រង់ហ្គូន (Yangon) ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២០។
រូប​ឯកសារ៖ គ្រួបង្រៀន​ពាក់​ម៉ាស់​ខណៈ​ពួក​គេ​រង់ចាំ​សិស្ស​នៅ​ខាង​ក្រៅ​វិទ្យាល័យ​មួយ​កន្លែងនៅ​ទី​ក្រុង​រង់ហ្គូន (Yangon) ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២០។

គ្រូ​បង្រៀន​ក៏​ប្រឈម​នឹង​គ្រោះថ្នាក់​ដូច​ទៅ​នឹង​គ្រោះថ្នាក់​ដែល​ប្រជាពលរដ្ឋ​ទូទៅ​ផ្សេង​ទៀត​ប្រឈម​ផង​ដែរ។

កាលពី​ថ្ងៃ​ទី ១០ ខែ​មិថុនា មនុស្ស ៥ នាក់ ដែល​រួម​មាន​ទាំង​គ្រូ​បង្រៀន​ពីរ​នាក់​នៃ​ចលនា​មិន​ស្ដាប់​បង្គាប់​អាជ្ញាធរ​ផង​ដែរ ត្រូវ​បាន​ចាប់​ខ្លួន​និង​សម្លាប់​ដោយ​កង​កម្លាំង​សន្ដិសុខ​របស់​របប​យោធា​នៅ​ក្នុង​ភូមិ Dan Pin Kan ឃុំ Yezagyo នៃ​តំបន់ Magway។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់ VOA ពី​សំណាក់​អ្នក​ភូមិ និង​កង​កម្លាំង​ទ័ព​ព្រៃ​ឃុំ Yezagyo ខាង​ជើង (Northern-Yezagyo Guerrilla Force) ដែល​ជា​ក្រុម​ប្រឆាំង​មួយ​នៅ​មូលដ្ឋាន។

ក្រុម​នេះ​បាន​បញ្ជាក់​ថា កង​កម្លាំង​របស់​របប​យោធា​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​កាលពី​ថ្ងៃ​ទី ១០ ខែ​មិថុនា បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​កង​កម្លាំង​ទ័ព​ព្រៃ​វាយ​ប្រហារ។ កាលពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា អ្នកភូមិ​បាន​រក​ឃើញ​សាកសព​មនុស្ស​ចំនួន ៥ នាក់ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​គ្រូ​បង្រៀន​ម្នាក់​ដែល​មាន​គភ៌ ៥ ខែ​នៃ​ចលនា​មិន​ស្ដាប់​បង្គាប់​អាជ្ញាធរ​ផង​ដែរ។

អ្នក​ភូមិ​ម្នាក់​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដោយ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ថា៖ «សាកសព​ទាំង​អស់​ទំនង​ជា​ត្រូវ​បាន​គេ​ដុត​ទាំង​រស់។ វា​គួរ​ឱ្យ​ភ័យ​រន្ធត់​ណាស់»។

លោក​នាយ​ឧត្តមសេនីយ៍ Zaw Min Tun ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​របប​យោធា បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា​ថា មន្ត្រី​ផ្នែក​អប់រំ​ចំនួន ៤៤ នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​គ្រូ​បង្រៀន​ផង​ដែរ ត្រូវ​បាន​សម្លាប់ ហើយ​សាលារៀន​ជាង ៥០០ កន្លែង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០២១ ដល់​ថ្ងៃ​ទី ១៣ ខែ​មិថុនា ឆ្នាំ ២០២២ នេះ។

របប​យោធា​បាន​ចោទ​ប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​កង​កម្លាំង​ការពារ​ប្រជាជន​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​សម្លាប់​នេះ បើ​ទោះបីជា​សមាជិក​ជាច្រើន​នាក់​នៃ​ក្រុម​នេះ​បាន​បដិសេធ​ថា​ខ្លួន​មិន​មាន​ការ​ពាក់ព័ន្ធ​ណា​មួយ​នៅ​ក្នុង​ការ​សម្លាប់​ទាំង​នេះ​ក៏ដោយ។

លោក Ko Hlat See មេដឹកនាំ​នៃ​រណសិរ្ស​បដិវត្តន៍​ប្រជាជាន Pakokku (People's Revolutionary Front-Pakokku) ដែល​មូលដ្ឋាន​នៅ​ក្នុង​ឃុំ Pakokku នៃ​តំបន់ Magway បាន​ថ្លែង​ថា៖ «យើង​មិន​ដែល​សម្លាប់​ជន​ស៊ីវិល​នោះ​ទេ ដោយ​គ្រាន់តែ​ព្រមាន​ដល់​អ្នក​ដែល​បម្រើការ​ឱ្យ​របប​យោធា​តែ​ប៉ុណ្ណោះ។ យើង​ក៏​មាន​គោល​នយោបាយ​មិន​វាយ​ប្រហារ​លើ​អាគារ​សាសនា​និង​សាលារៀន​ផង​ដែរ»។

គណៈកម្មាធិការ​ការពារ​រួម​ទឹកដី​រដ្ឋ Chin (The Chinland Joint Defense Committee) ដែល​មាន​ក្រុម​ការពារ​ថ្នាក់​តំបន់​ចំនួន ១៨ ក្រុម​នៅ​ក្នុង​រដ្ឋ Chin ជា​សមាជិក បាន​ចាប់​ឃុំ​ខ្លួន​មន្ត្រី​ផ្នែក​អប់រំ​ជាង ២០ នាក់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Salai Timmy អ្នក​នាំពាក្យ​របស់​គណៈកម្មាធិការ​នេះ ដែល​បាន​ប្រាប់ VOA កាលពី​ថ្ងៃ​ទី ២០ ខែ​មិថុនា។

លោក​បាន​ថ្លែង​ថា គណៈកម្មាធិការ​នេះ​បាន​ចាប់​ឃុំ​ខ្លួន​អ្នក​ទាំង​នោះ បន្ទាប់ពី​បាន​ព្រមាន​ពួកគេ​ចំនួន ២ ដង​រួច​មក ប៉ុន្តែ​មិន​បាន​ធ្វើ​បាប​ពួកគេ​នោះ​ទេ។

លោក Salai Timmy និយាយ​ដូច្នេះ​ថា៖ «យើង​មិន​បាន​ធ្វើ​បាប​នរណា​ម្នាក់​នោះ​ឡើយ។ យើង​បាន​ចាប់​ឃុំ​ខ្លួន​គ្រូបង្រៀន​ដើម្បី​រក​មូលហេតុ​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​បម្រើការ​ឱ្យ​របប​យោធា ដោយ​ហេតុ​ថា​យើង​កំពុង​ទប់ស្កាត់​មិន​ឱ្យ​មាន​ការ​ដឹកនាំ​របស់​ពួក​យោធា​នៅ​ក្នុង​រដ្ឋ​របស់​យើង។ ប្រសិន​បើ​គ្រូបង្រៀន​ណា​សន្យា​ថា​នឹង​ឈប់​បម្រើការ​ឱ្យ​របប​យោធា នោះ​យើង​នឹង​ដោះលែង​ពួកគេ​ទៅ​វិញ ហើយ​រៀបចំ​ធានា​សុវត្ថិភាព​ជូន​ពួកគេ»។

សុវត្ថិភាព​របស់​គ្រូបង្រៀន​ប្រឈម​នឹង​ហានិភ័យ​នៅ​ក្រោម​រដ្ឋប្រហារ​យោធា។

គ្រូ​បង្រៀន​ម្នាក់​នៃ​ចលនា​មិន​ស្ដាប់​បង្គាប់​អាជ្ញាធរ​ដែល​បង្រៀន​នៅ​សាលារៀន​មួយ​កន្លែង​នៅ​ក្នុង​ឃុំ Myaing នៃ​តំបន់ Magway ដែល​សាលារៀន​នោះ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ឯកភាព​ជាតិ ដែល​ជា​រដ្ឋាភិបាល​ស្រមោល​ប្រឆាំង​នឹង​របប​យោធា បាន​ថ្លែង​ប្រាប់ VOA ថា កង​កម្លាំង​របស់​របប​យោធា​បាន​ចូល​ទៅ​ក្នុង​ភូមិ លួច​គាស់​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​និង​បាន​ចាប់​ខ្លួន​អ្នក​ភូមិ បន្ទាប់ពី​បាន​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ជីវពល​នៅ​ក្នុង​មូលដ្ឋាន​មក។

គ្រូ​បង្រៀន​ម្នាក់​នោះ​បាន​និយាយ​ថា៖ «យើង​បាន​រត់​គេច​ខ្លួន​មុន​ពេល​ដែល​ពួកគេ​បាន​ទៅ​ដល់​ទី​នោះ ហើយ​បាន​ត្រឡប់​ទៅ​ក្នុង​ភូមិ​វិញ​ក្រោយ​ពេល​ដែល​ពួកគេ​បាន​ចាកចេញ​ទៅ​បាត់»។

គ្រូ​បង្រៀន​ម្នាក់​ទៀត​ដែល​មាន​បទពិសោធន៍​បង្រៀន ១៦ ឆ្នាំ ដែល​បង្រៀន​នៅ​សាលារៀន​មួយ​កន្លែង​របស់​របប​យោធា​នៅ​ក្នុង​ឃុំ Monywa នៃ​តំបន់ Magway បាន​បញ្ជាក់​ថា៖ «ការ​បង្រៀន​នៅ​តាម​សាលារៀន​ដែល​គ្រប់គ្រង​ដោយ​របប​យោធា​មិន​មែន​មាន​ន័យ​ថា​ជា​ការ​គាំទ្រ​ការ​ដឹកនាំ​របស់​ពួក​យោធា​នោះ​ទេ។ ការ​បង្រៀន​គឺ​ជា​អាជីព​របស់​ខ្ញុំ ហើយ​ក្នុង​នាម​ជា​ឪពុក​ម្នាក់ ខ្ញុំ​មាន​កាតព្វកិច្ច​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កាតព្វកិច្ច​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ផង​ដែរ»៕

ប្រែ​សម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG