ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​ថ្កោលទោស​ការ​ប្រហារ​ជីវិត​នៅ​មីយ៉ាន់ម៉ា


រូប​ឯកសារ៖ ពលរដ្ឋ​មីយ៉ាន់ម៉ា​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ថៃ កាន់​រូបថត​នៃ​អ្នក​ទោស​នយោបាយ​​៤​រូប​ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​​អំឡុង​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​នៅ​រាជធានី​បាងកក​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០២២។

សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ការ​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​និង​មន្ត្រី​ជាប់​ឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ពេល​ថ្មីៗ​នេះ និង​បាន​អំពាវនាវ​ឱ្យ​របប​យោធា​មីយ៉ាន់ម៉ា​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់។

ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «សហរដ្ឋ​អាមេរិក​ថ្កោលទោស​ខ្លាំងក្លា​បំផុត​លើ​ការ​ប្រហារ​ជីវិត​ដ៏​សាហាវ​យង់ឃ្នង​របស់​របប​យោធា​ភូមា [មីយ៉ាន់ម៉ា] លើ​សកម្មជន​ប្រជាធិបតេយ្យ​និង​មេដឹកនាំ​ជាប់​ឆ្នោត​មួយ​ចំនួន»។

សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឱ្យ​ថ្នាក់​ដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា «ដោះលែង​អ្នក​ដែល​ពួកគេ​បាន​ឃុំឃាំង​ដោយ​អយុត្តិធម៌ និង​អនុញ្ញាត​ឱ្យ​មាន​ការ​ត្រឡប់​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​វិញ​ដោយ​សន្តិវិធី​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ភូមា [មីយ៉ាន់ម៉ា]»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​មីយ៉ាន់ម៉ា​បាន​រាយការណ៍​ថា ប្រទេស​នេះ​បាន​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យ ៤ នាក់ ដែល​ខ្លួន​បាន​ចោទ​ប្រកាន់​ថា​បាន​ជួយ​អនុវត្ត «សកម្មភាព​ភេរវកម្ម» ប្រឆាំង​នឹង​របប​យោធា។ របប​យោធា​នេះ​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​គ្រប់គ្រង​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាលពី​ឆ្នាំ​មុន។ សកម្មជន​ទាំង ៤ នាក់​នេះ​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត​កាលពី​ខែ​មករា​នៅ​ក្នុង​សវនាការ​បិទ​ទ្វារ​មួយ។

អ្នក​ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​នោះ​គឺ​សកម្មជន​ប្រជាធិបតេយ្យ​លោក Kyaw Min Yu ដែល​គេ​ស្គាល់​ថា​ឈ្មោះ Jimmy អតីត​សមាជិក​សភា​និង​ជា​សិល្បករ hip-hop លោក Phyo Zeya Thaw ដែល​ជា​សម្ព័ន្ធមិត្ត​ម្នាក់​របស់​មេដឹកនាំ​មីយ៉ាន់ម៉ា​ដែល​របប​យោធា​ទម្លាក់​ពី​តំណែង​អ្នកស្រី Aung San Suu Kyi និង​សកម្មជន​ពីរ​នាក់​ផ្សេង​ទៀត​គឺ​លោក Hla Myo Aung និង​លោក Aung Thura Zaw។

សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ចំណោម​ក្រុម​អ្នក​រិះគន់​ជា​ច្រើន​ដែល​ថ្កោលទោស​លើ​ការ​ប្រហារ​ជីវិត​ទាំង​នេះ។

ឧត្តម​ស្នងការសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​អ្នកស្រី Michelle Bachelet បាន​និយាយ​ថា៖ «ខ្ញុំ​រន្ធត់​ចិត្ត​ដោយសារតែ​បើ​ទោះបីជា​មាន​ការ​អំពាវនាវ​នៅ​ទូទាំង​ពិភពលោក​ក៏ដោយ ក៏​របប​យោធា​មីយ៉ាន់ម៉ា​នៅតែ​ធ្វើ​ការ​ប្រហារ​ជីវិត​សកម្មជន​ទាំង​នេះ​ដោយ​មិន​ខ្វល់​អំពី​សិទ្ធិ​មនុស្ស។ វិធានការ​ដ៏​ឃោរឃៅ​និង​ថយក្រោយ​នេះ​គឺ​ជា​ការ​ពង្រីក​នូវ​យុទ្ធនាការ​គាប​សង្កត់​ជា​បន្ត​របស់​របប​យោធា​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ខ្លួន​ឯង»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ការ​ប្រហារ​ជីវិត​ទាំង​នេះ ដែល​ជា​ការ​ប្រហារ​ជីវិត​ដំបូង​បង្អស់​នៅ​មីយ៉ាន់ម៉ា​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ចុងក្រោយ​នេះ គឺ​ជា​ការ​រំលោភ​យ៉ាង​ឃោរឃៅ​លើ​សិទ្ធិ​រស់រាន​មាន​ជីវិត សេរីភាព និង​សន្តិសុខ​របស់​មនុស្ស និង​លើ​ការ​ធានា​ឱ្យ​មាន​ការ​កាត់​ក្ដី​ដោយ​យុត្តិធម៌។ សម្រាប់​របប​យោធា [មីយ៉ាន់ម៉ា] ការ​បង្កើន​ការ​សម្លាប់​របស់​ខ្លួន​នេះ​មាន​តែ​ធ្វើ​ឱ្យ​ខ្លួន​ជាប់​ជំពាក់​កាន់តែ​ជ្រៅ​នៅ​ក្នុង​វិបត្តិ​ដែល​ខ្លួន​បាន​បង្កើត​ឡើង​នេះ​តែ​ប៉ុណ្ណោះ»។

រដ្ឋាភិបាល​ឯកភាព​ជាតិ​មីយ៉ាន់ម៉ា ដែល​ជា​រដ្ឋាភិបាល​ស្រមោល​ដែល​របប​យោធា​មីយ៉ាន់ម៉ា​ចាត់ទុក​ថា​ខុស​ច្បាប់ បាន​បញ្ជាក់​ថា ខ្លួន​មាន​ក្ដី «សោកសៅ​យ៉ាង​ខ្លាំង។ ...សហគមន៍​អន្តរជាតិ​ត្រូវតែ​ដាក់​ទណ្ឌកម្ម​លើ​ភាព​ឃោរឃៅ​របស់​ពួកគេ [របប​យោធា​មីយ៉ាន់ម៉ា]»។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi បាន​និយាយ​ថា៖ «ការ​ប្រហារ​ជីវិត​នេះ​គឺ​ជា​ការ​ប្រឆាំង​នឹង​ការ​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​របស់​យើង​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​អស់។ វា​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ [មីយ៉ាន់ម៉ា] មាន​អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​និង​ធ្វើ​ឱ្យ​សង្គ្រាម​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ ជាង​នេះ​ទៀត វា​ក៏​នឹង​ធ្វើ​ឱ្យ​មីយ៉ាន់ម៉ា​កាន់តែ​ឯកោ​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ​ផង​ដែរ។ វា​គឺ​ជា​ក្ដី​បារម្ភ​ដ៏​ធំធេង​មួយ»។

លោក Richard Horsey ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​មីយ៉ាន់ម៉ា​នៃ​អង្គការ International Crisis Group បាន​និយាយ​ថា៖ «លទ្ធភាព​ណា​មួយ​នៃ​ការ​ចរចា​ដើម្បី​បញ្ចប់​វិបត្តិ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋប្រហារ [យោធា] នេះ​ត្រូវ​បាន​ផាត់​ចោល​អស់​ហើយ​នៅ​ពេល​ឥឡូវ​នេះ។ នេះ​គឺ​ជា​របប​ដឹកនាំ​ដែល​ចង់​បង្ហាញ​ថា ខ្លួន​នឹង​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​និង​មិន​ស្ដាប់​តាម​នរណា​ម្នាក់​នោះ​ទេ។ របប​យោធា​នេះ​យល់​ឃើញ​ថា​ការ​ប្រហារ​ជីវិត​នេះ​គឺ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ខ្លាំងក្លា ប៉ុន្តែ​វា​ប្រហែលជា​ការ​គិត​ខុស​ដ៏​ធ្ងន់ធ្ងរ»។

លោក Erwin van der Borght ប្រធាន​ប្រចាំ​តំបន់​នៃ​អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​និយាយ​ថា៖ «ការ​ប្រហារ​ជីវិត​ទាំង​នេះ​ស្មើ​នឹង​ការ​ដក​ហូត​អាយុ​ជីវិត​មនុស្ស​ដោយ​ខុស​ច្បាប់ និង​ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​ប្រវត្តិ​សិទ្ធិ​មនុស្ស​ដ៏​ឃោរឃៅ​របស់​របប​យោធា​មីយ៉ាន់ម៉ា។ ... សហគមន៍​អន្តរជាតិ​ត្រូវតែ​ចាត់​វិធានការ​ជា​បន្ទាន់ ដោយសារតែ​មនុស្ស​ជាង ១០០ នាក់​ត្រូវ​គេ​ជឿ​ថា​កំពុង​រង់ចាំ​ត្រូវ​គេ​ប្រហារ​ជីវិត បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ក្នុង​នីតិវិធី​ស្រដៀង​គ្នា​នេះ​រួច​មក»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG