ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ស្វាគមន៍​ការ​ប្តេជ្ញា​របស់​ប្រធានាធិបតី​តង់សានី​ក្នុង​ការ​ស្តារ​នយោបាយ​ប្រកួត​ប្រជែង


រូបឯកសារ៖ ប្រធានាធិបតី​តង់សានី​អ្នកស្រី Samia Suluhu Hassan ចូលរួម​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ក្រៅ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី៣៦ នៃ​សភា​សហភាព​អាហ្រ្វិក នៅ​ទីក្រុង អាឌីសអាបេបា កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​តង់សានី​អ្នកស្រី Samia Suluhu Hassan ចូលរួម​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ក្រៅ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី៣៦ នៃ​សភា​សហភាព​អាហ្រ្វិក នៅ​ទីក្រុង អាឌីសអាបេបា កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានាធិបតី​តង់សានី​អ្នកស្រី Samia Suluhu Hassan បាន​ប្ដេជ្ញា​ស្តារ​នយោបាយ​ប្រកួត​ប្រជែង​និង​ការ​ពិនិត្យ​លើ​រដ្ឋធម្មនុញ្ញ​ឡើង​វិញ​កាលពី​ថ្ងៃ​ទី ៨ ខែ​មីនា​កន្លង​ទៅ​នេះ​ក្នុង​អំឡុង​ពេល​ការ​ជួបជុំ​របស់​សមាជិក​គណបក្ស​ប្រឆាំង​ក្នុង​ការ​អបអរសាទរ​ទិវា​សិទ្ធិ​នារី ដែល​អ្នកស្រី​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស។

អ្នកស្រី Hassan បាន​ថ្លែង​ថា៖ «រាល់​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ចាប់ផ្តើម​ជាមួយ​នឹង​ការ​បោះ​ជំហាន​មួយ និង​ថា​ការ​វិវឌ្ឍ​ទៅ​មុខ​នឹង​កើត​មាន​ជា​សន្សឹមៗ​ស្រប​តាម​ច្បាប់​និង​គោលការណ៍​របស់​ប្រទេស​តង់សានី»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​សន្យា​ចំពោះ​ជន​រួមជាតិ​របស់​ខ្ញុំ​ថា កំណែ​ទម្រង់​ផ្សេងៗ​នឹង​ធ្វើ​ឡើង ហើយ​នឹង​មាន​ការ​កសាង​ប្រជាជាតិ​ថ្មី​មួយ ដែល​ជា​ប្រជាជាតិ​តង់សានី​ប្រកប​ដោយ​នយោបាយ​ប្រកួត​ប្រជែង​និង​គ្មាន​អំពើ​ហិង្សា»។

ចាប់តាំង​ពី​ចូល​កាន់​អំណាច​នៅ​ឆ្នាំ ២០២១ បន្ទាប់ពី​មរណភាព​របស់​លោក​អតីត​ប្រធានាធិបតី John Magufuli មក អ្នកស្រី Hassan បាន​ធ្វើ​ការ​កែប្រែ​គោល​នយោបាយ​មួយ​ចំនួន​របស់​លោក Magufuli ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ដក​បម្រាម​លើ​បាតុកម្ម​ផ្នែក​នយោបាយ​ផងដែរ។

រដ្ឋាភិបាល​របស់​លោក Magufuli បាន​អនុម័ត​ច្បាប់​តឹងរ៉ឹង​មួយ​ចំនួន​ដូចជា​ច្បាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​រឹតត្បិត​ក្រុម​អ្នក​រិះគន់ អ្នក​នយោបាយ​គណបក្ស​ប្រឆាំង និង​អ្នក​សារព័ត៌មាន​ជាដើម។ ច្បាប់​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ផ្អាក​ស្ថាប័ន​សារព័ត៌មាន​ចំនួន​បួន​និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អនឡាញ​មួយ​ចំនួន។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Magufuli សមាជិក​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​និង​ដាក់​ក្នុង​ពន្ធនាគារ​ចំពោះ​ការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ។

អ្នកស្រី Devotha Minja ដែល​ជា​សមាជិក​នៃ​ផ្នែក​ក្រុម​ស្ត្រី​របស់​គណបក្ស Democracy and Progress ដែល​ជា​គណបក្ស​ប្រឆាំង បាន​និយាយ​ថា៖ «តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​ប្រធានាធិបតី យើង​ជឿ​ថា យើង​នឹង​មាន​នយោបាយ​បែប​ប្រជាធិបតេយ្យ​ដែល​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​នូវ​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ដែល​ពួកគេ​ចង់​បាន។ នេះ​គឺ​ការ​ជឿ​ថា មេដឹកនាំ​ដែល​ពួកគេ​ជ្រើសរើស​នឹង​ត្រូវ​ប្រកាស​ឡើង​ដោយ​គណៈកម្មការ​បោះឆ្នោត ហើយ​នឹង​ជា​មេដឹកនាំ​ម្នាក់​ដែល​បង្ហាញ​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ មិន​ដូច​ស្ថានភាព​បច្ចុប្បន្ន​នេះ​ទេ»។

សកម្មជន​សិទ្ធិ​មនុស្ស​តង់សានី​មាន​សុទិដ្ឋិនិយម​អំពី​អនាគត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស។

លោក Kumbusho Dawson ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ Reach Out Tanzania ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្តោត​លើ​ការ​លើក​កម្ពស់​សិទ្ធិ​ស៊ីវិល​និង​នយោបាយ បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​នេះ​ជា​ការ​បោះ​ជំហាន​ដ៏​ធំ​មួយ ហើយ​វា​បង្ហាញ​ថា អ្នកស្រី​ប្រធានាធិបតី​កំពុង​បង្កើត​ឱកាស​សម្រាប់​គណបក្ស​នយោបាយ​ដទៃ​ទៀត​និង​ឆាក​នយោបាយ​បែប​ប្រកួត​ប្រជែង។ នេះ​រួម​មាន​ទាំង​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ជួបជុំ​ផ្នែក​នយោបាយ​ផងដែរ»។

លោក​បាន​បន្ថែម​ថា នៅ​ពេល​និយាយ​អំពី​រដ្ឋធម្មនុញ្ញ​ថ្មី នេះ​ជា​ការ​ទាមទារ​ជា​យូរ​មក​ហើយ​មួយ។ មេដឹកនាំ​មុន​អ្នកស្រី​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា លោក​ផ្តល់​អាទិភាព​លើ​ការ​អភិវឌ្ឍ​ជាមុន។

អ្នក​វិភាគ​នយោបាយ​លោក Deus Kibamba ដែល​ជា​សាស្រ្តាចារ្យ​នៅ​មជ្ឈមណ្ឌល​ទំនាក់ទំនង​អន្តរជាតិ (Center for Foreign Relations) នៅ​ក្នុង​ប្រទេស​តង់សានី បាន​និយាយ​ថា ការ​លើកឡើង​របស់​អ្នកស្រី​ប្រធានាធិបតី​ពាក់ព័ន្ធ​នឹង​ការ​ស្តារ​នយោបាយ​ប្រកួត​ប្រជែង​និង​ការ​ពិនិត្យ​លើ​រដ្ឋធម្មនុញ្ញ​ឡើង​វិញ​គឺ​ទទួល​បាន​ការ​ស្វាគមន៍។

ទោះ​ជា​យ៉ាងណា​ក៏ដោយ លោក​បាន​បង្ហាញ​មន្ទិល​ថា​តើ​សមាជិក​គណបក្ស Chama Cha Mapinduzi ដែល​ជា​គណបក្ស​កាន់​អំណាច នឹង​គាំទ្រ​ចំណាត់ការ​ដូច​នេះ​ដែរ​ ឬ​ក៏​អត់។

លោក Kibamba និយាយ​ដូច្នេះ​ថា៖ «មាន​និន្នាការ​ដែល​បេក្ខជន​ឈរ​ឈ្មោះ​ឈ្នះ​ការ​បោះឆ្នោត​ដោយ​មិនមាន​ការ​ប្រកួត​ប្រជែង។ គណបក្ស​ដែល​ធ្លាប់​ឆ្លងកាត់​ដូច​នេះ​មិន​អាច​ធ្វើ​តាម​ចិត្ត​របស់​អ្នកស្រី​ប្រធានាធិបតី​ដែល​មាន​បំណង​ចង់​បាន​ការ​ប្រកួត​ប្រជែង​ពិតប្រាកដ​នោះ​ទេ»។

ស្រប​ពេល​នេះ​ដែរ អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​និង​សកម្មជន​សិទ្ធិ​មនុស្ស​សង្ឃឹម​ថា ការ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​ស្មើភាព​នឹង​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ប៉ុន្តែ​ពួកគេ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ដោយសារ​តែ​គណបក្ស​របស់​អ្នកស្រី​ប្រធានាធិបតី Hassan គឺ​ជា​អ្នក​ដែល​បាន​បង្កើត​ឱ្យ​មាន​នូវ​បរិយាកាស​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG