ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ពេលនេះ​មិនមាន​ការគ្រប់គ្រង​ទេ ហើយ​យន្តហោះ​អាមេរិក​ត្រូវបាន​ហាមប្រាម​ហោះហើរ


ការបាញ់កាំភ្លើង​អបអរ បន្ទាប់ពី​យន្តហោះ​អាមេរិក​ចុងក្រោយ បាន​ហោះ​ចេញ​ពី​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​កាប៊ុល នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
ការបាញ់កាំភ្លើង​អបអរ បន្ទាប់ពី​យន្តហោះ​អាមេរិក​ចុងក្រោយ បាន​ហោះ​ចេញ​ពី​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​កាប៊ុល នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក (FAA) បាន​បញ្ជាក់កាលពី​ថ្ងៃ​ចន្ទ​ថា អាកាស​យានដ្ឋានក្រុង​កាប៊ុល​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ពេល​នេះ​ ពុំ​មាន​សេវា​បញ្ជា​ការ​ហោះ​ហើរទេ ដោយសារ​តែ​កងទ័ព​សហរដ្ឋ​អាមេរិក បាន​ដកចេញ​អស់​ពី​ប្រទេស​នេះ​ ហើយ​យន្តហោះ​ដឹក​ជញ្ជូន​ស៊ីវិល​អាមេរិក​ ត្រូវ​បាន​ហាម​ឃាត់ការហោះ​ហើរ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ជាមុន​តែ​ប៉ុណ្ណោះ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «ដោយ​សារ​តែ​កង្វះ​ខាត​នូវ​សេវា​ចរាចរណ៍​ផ្លូវអាកាស​ និង​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ និងក៏​ដូច​ជាការ​ព្រួយ​បារម្ភផ្នែក​សន្តិសុខ​ដែល​កំពុង​កើត​មានឡើង​ផងដែរ​នោះ​ ប្រតិបត្តិករ​ស៊ីវិល​អាមេរិក អ្នក​បើក​បរយន្តហោះ​និង​យន្តហោះ​ស៊ីវិលដែល​បាន​ចុះ​បញ្ជី​ក្នុង​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ហាម​ប្រាម​ក្នុង​ការ​ហោះ​ហើរ​ទោះ​ក្នុង​កម្ពស់​ណា​ក៏​ដោយ​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។

កាល​ពី​ដើម​ខែ​សីហា កងទ័ព​អាមេរិក​ បាន​និយាយ​ថា ខ្លួនជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង​ចរាចរណ៍​ហោះ​ហើរ​ក្នុង​ទី​ក្រុង​កាប៊ុល​ដើម្បី​សម្រួល​ដល់​ការ​ជម្លៀសមនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា​កន្លង​ទៅ រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក បាន​និយាយថា​ យន្តហោះ​អាមេរិក​ និងអ្នក​បើក​បរស៊ីវិល​ អាច​ធ្វើ​ការ​ហោះ​ហើរ​ទៅ​កាន់​ទី​ក្រុង​កាប៊ុល​បាន​ ដើម្បី​ជម្លៀស​មនុស្ស​ចេញ​ ឬជា​យន្តហោះ​សម្រាប់ផ្តល់​ជំនួយ​ ដោយ​មាន​ការ​យល់​ព្រម​ជា​មុនដោយ​ក្រសួង​ការពារ​ជាតិ​អាមេរិក។ អាកាសចរណ៍​អាមេរិក​ជា​ច្រើន បាន​ជួយ​ដឹក​ជញ្ជូន​មនុស្ស​រាប់​ពាន់​នាក់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយធ្វើ​ប្រតិបត្តិការហោះ​ហើរ​ពី​អាកាសយានដ្ឋាន​នៅ​ក្រៅ​ប្រទេស​នេះ៕

XS
SM
MD
LG