ពួកតាលីបង់បានទាមទារអះអាងការទទួលខុសត្រូវដល់ការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងឡានដ៏ប្រល័យមួយទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមួយថ្ងៃ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកមួយចំនួនដោយពួកភេរវជនដែលបានបណ្តាលឲ្យមនុស្សជាង៥០នាក់ស្លាប់នៅក្នុង និងនៅជិតក្រុងកាប៊ុល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើឲ្យវីអូអេ ពួកតាលីបង់និយាយថា ពួកគេនៅពីក្រោយការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍នៅក្នុងស្រុក Khadabad នៃខេត្ត Kunduz នាប៉ែកខាងជើងប្រទេស។ ពួកប៉ូលិសបាននិយាយថា ការផ្ទុះគ្រាប់បែកនោះបានបណ្តាលឲ្យសមាជិកយ៉ាងតិចណាស់២២នាក់នៃពួកជីវពលមួយលម្អៀងទៅខាងរដ្ឋាភិបាលបាត់បង់ជីវិត។
រដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថានមានភាពជ្រួលច្រាល ហើយប្រជារាស្ត្រមានភាពតានតឹងក្នុងចិត្តនៅក្រោយមានកំណើនភេរវកម្មចាប់តាំងពីពួកតាលីបង់បានបញ្ជាក់ថា ពួកគេឋិតនៅក្រោមការដឹកនាំនៃពួកមេដឹកនាំថ្មី បន្ទាប់ពីការស្លាប់នៃ Mullah Mohammad Omar ដែលជាអ្នកបង្កើតអង្គការពួកគេ។
ពួកតាលីបង់បានអះអាងទាមទារការទទួលខុសត្រូវដល់ការបញ្ជូនពួកជនបំផ្ទុះគ្រាប់បែកអត្តឃាតបីនាក់ឲ្យទៅវាយប្រហារ Camp Integrity ដែលជាមូលដ្ឋានមួយនៃកងកម្លាំងពិសេសស.រ.អាកាលពីថ្ងៃសុក្រ នៅជិតចំណតយន្តហោះធំបំផុតនៃក្រុងកាប៊ុល។ អ្នកធ្វើការស៊ីវិលតាមកុងត្រាយោធា៨នាក់ និងទាហានអាមេរិកាំងម្នាក់បានបាត់បង់ជីវិត៕